ក្រសួង​ការងារ​រឹត​បន្តឹង​ការ​គ្រប់​គ្រងវត្តមានមន្ត្រីរបស់​ខ្លួន

រដ្ឋមន្រ្តីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈបានចេញសេចក្តីណែនាំមួយដល់អង្គភាពចំណុះខ្លួនទាំងអស់ ឲ្យពង្រឹងការគ្រប់គ្រងវត្តមានមកធ្វើការរបស់មន្ត្រី ដោយអះអាងថាការពង្រឹងនេះដើម្បីលើកម្ពស់មនសិការវិជ្ជាជីវៈនិងការផ្តល់សេវាសាធារណៈរបស់ស្ថាប័ននេះឲ្យកាន់តែល្អប្រសើរ។

ក្នុងសេចក្តីណែនាំចុះថ្ងៃទី៥ ឧសភា រដ្ឋមន្ត្រីក្រសួងការងារ លោក អ៊ិត សំហេងបានណែនាំដល់ប្រធានអង្គភាពដែលបម្រើការចំណុះក្នុងក្រសួងការងារអស់ត្រូវពន្យល់ណែនាំដល់មន្ត្រីនិងមន្ត្រីជាប់កិច្ចសន្យាក្រោមឱវាទរបស់ខ្លួនទាំងអស់ពីខ្លឹមសារអនុក្រឹត្យស្តីពីការគ្រប់គ្រងវត្តមានមន្ត្រីរាជការស៊ីវិលនិងមន្ត្រីជាប់កិច្ចសន្យានិងធ្វើការគ្រប់គ្រងនិងទទួលខុសត្រូវទៅតាមឋានានុក្រមខ្លួន។ លោកបន្តថាគ្រប់អង្គភាពក្រោមឱវាទត្រូវមានបញ្ជីវត្តមានប្រចាំថ្ងៃឬប្រព័ន្ធព័ត៌មានបច្ចេកវិទ្យាក្នុងការបង្កលក្ខណៈងាយស្រួលក្នុងការចុះវត្តមានរបស់មន្ត្រីទាំងអស់។

លោករដ្ឋមន្រ្តីក៏បានណែនាំឲ្យប្រធានអង្គភាពត្រូវបូកសរុបនិងចុះហត្ថលេខាលើរបាយការណ៍ស្តីពីវត្តមានប្រចាំសប្តាហ៍និងប្រចាំខែ បិទផ្សាយជាសាធារណៈក្នងអង្គភាពរបស់ខ្លួនរាល់បំណាច់សប្តាហ៍។ លោកបញ្ជាក់ថាចំពោះការឈប់សម្រាកគឺតម្រូវទៅតាមកំណត់របស់រដ្ឋាភិបាលហើយក្នុងករណីដែលមានមន្រ្តីណាដែលទទួលបានការឈប់សម្រាកលើសពីការកំណត់ត្រូវចាត់ទុកថាអវត្តមានឥតច្បាប់។

លោក អ៊ិត សំហេង ក៏បានព្រមានផងដែរចំពោះមន្ត្រីរាជការនិងមន្ត្រីជាប់កិច្ចសន្យាទាំងអស់ណាដែលអវត្តមានដោយគ្មានច្បាប់អនុញ្ញាតឬមិនបានបំពេញកាតព្វកិច្ចរបស់ខ្លួនផ្អែកលើលទ្ធផលការងារឬមកបំពេញការងារយឺតដោយគ្មានការជូនដំណឹងជាមុន នឹងត្រូវប្រឈមទណ្ឌកម្មខាងវិន័យដែលមានក្នុងជំពូក៣នៃអនុក្រឹត្យលេខ៥៦។

បើតាមសេចក្តីណែនាំរបស់ក្រសួងការងារ មន្ត្រីរាជការនិងមន្ត្រីជាប់កិច្ចសន្យាទាំងអស់ត្រូវអនុវត្តការងាររយៈពេល៤០ម៉ោងក្នុងមួយសប្តាហ៍ដោយផ្អែកលើការបែងចែកម៉ោងធ្វើការតាមការកំណត់របស់ប្រធានអង្គភាពគ្រប់គ្រងផ្ទាល់ដោយមានការឯកភាពពីរដ្ឋមន្ត្រីក្រសួង។

កាលពីថ្ងៃទី២២ ខែមេសា រដ្ឋមន្រ្តីថ្មីក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ លោក ជា សុផារ៉ា ក៏បានចេញសេចក្តីណែនាំមួយឲ្យប្រធាននាយកដ្ឋាន ប្រធានអង្គភាពនិងប្រធានមន្ទីរនៅតាមបណ្តារាជធានី-ខេត្តទាំងអស់ពងនិងកត់ត្រាវត្តមានមន្ត្រីបម្រើការនៅតាមអង្គភាពនីមួយៗនិងបញ្ជូនព័ត៌មានទាក់ទងនឹងវត្តមានរបស់មន្ត្រីទាំងនោះមកកាន់ក្រសួងរាល់ឆ្នាំ ដោយថាដើម្បីជំរុញប្រសិទ្ធភាពការងារនិងការទទួលខុសត្រូវរបស់មន្ត្រីរាជការ។

នាយកប្រតិបតិ្តសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា លោក សន ជ័យ ធ្លាប់មានប្រសាសន៍ថាភាពអសកម្មរបស់បុគ្គលិករដ្ឋដែលមិនសូវមកបំពេញការងារឬបំពេញការងារមិនពេញលេញនោះ កើតចេញពីបក្សពួកនិយមក្នុងអង្គភាពនីមួយៗ ដោយលោកថាអ្នកមានបក្សពួកមានតួនាទី មានមុខងារច្បាស់លាស់។ លោកបន្ថែមថាចំពោះអ្នកគ្មានបក្សពួកវិញ មិនសូវមានភារកិច្ចឬការងារធ្វើនោះទេ។ លោកបន្ថែមថា៖ “ដោយសារតែការបែងចែកការងារហ្នឹងមិនស្មើគ្នា ជាពិសេសឱកាសនៃការទទួលបានផលប្រយោជន៍ក្តី ការបែងចែកការចាត់ចែងការងារក្តី ដោយសារតែសែលោកនេះ សែលោកនោះក្តី អ៊ីចឹងមន្ត្រីទាំងនោះអត់ការងារធ្វើ មានតែអង្គុយអានកាសែត លេងហ្វេសប៊ុក ធ្វើឲ្យមន្ត្រីខ្លះគាត់ធុញ ដឹងថាអត់កាងារ គាត់អត់ទៅតែម្តងទៅ”

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ