អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន នៅថ្ងៃសុក្រនេះ បានស្នើឲ្យតុលាការឲ្យរកយុត្តិធម៌ជូនគណបក្សប្រជាជនកម្ពុជាដែលលោកថា ទទួលរងគ្រោះ ដោយសារការអត្ថាធិប្បាយរបស់លោក អ៊ូ វីរៈ ដែលធ្វើឲ្យប៉ះពាល់ដល់កិត្តិយសនិងសេចក្តីថ្លៃថ្នូររបស់គណបក្សកាន់អំណាច។
លោក សុខ ឥសាន លើកឡើងបែបនេះក្រោយចេញពីបំភ្លឺទៅលើពាក្យបណ្តឹងរបស់ខ្លួន នៅសាលាដំបូងរាជធានីភ្នំពេញ។ លោកមានប្រសាសន៍ថាការលើកឡើងរបស់លោក អ៊ូ វីរៈ គឺជាការបរិហាកេរ្តិ៍គណបក្សប្រជាជនកម្ពុជា ដែលលោកអះអាងថាលើសពីព្រំដែននៃការបញ្ចេញមតិដែលបានចែងក្នុងរដ្ឋធម្មនុញ្ញ។
លោក សុខ ឥសាន មានប្រសាសន៍ថា៖ “ខ្ញុំយល់ថានេះជាចេតនាដែលគាត់ជាបញ្ញាវ័ន្តដែលគាត់មិនយល់ដឹងពីអ្វីទៅជាសិទ្ធិបញ្ចេញមតិ អ្វីទៅជាការបរិហារកេរ្តិ៍គណបក្សប្រជាជន ដែលគណបក្សប្រជាជនមិនមានផែនការ ឬមួយឈរពីក្រោយបញ្ហាអីផ្សេងៗដែលពាក់ព័ន្ធដល់រឿងឯកជនគេនោះទេ”។
លោក សុខ ឥសាន បន្ថែមថា គណបក្សប្រជាជនស្នើឲ្យតុលាការមានចំណាត់ការលើលោក អ៊ូ វីរៈ ទៅតាមច្បាប់ និងទាមទារសំណង៤០០លានរៀល ឬស្មើប្រមាណ១០ម៉ឺនដុល្លារ។
អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញលោក លី សុផាន់ណា មានប្រសាសន៍ថា តុលាការកំពុងមានចំណាត់ការតាមនីតិវិធីច្បាប់។ លោកមានប្រសាសន៍ថា៖ “យើងនឹងធ្វើចំណាត់ការទៅតាមនីតិវិធី ដើម្បីស្វែងរកឲ្យឃើញថាតើមូលដ្ឋាននៃពាក្យបណ្ដឹងរបស់គាត់មានលក្ខណៈដាក់បន្ទុក និងមានភស្តុតាងដែលឈានទៅដល់ការចោទប្រកាន់ ដែលជាចំណាត់ការនៃនីតិវិធីតុលាការ។ ចឹងតបតាមការស្នើសុំនេះ យើងបានធ្វើការកសាងសំណុំរឿងហើយកំពុងធ្វើការស៊ើបអង្កេតដោយមានការអញ្ជើញភាគីដែលពាក់ព័ន្ធដូចជាឯកឧត្តម សុខ ឥសាន ក៏ដូចជាអញ្ជើញលោក អ៊ូ វីរៈ ចូលមកធ្វើការឆ្លើយបំភ្លឺ និងបញ្ជាក់បន្ថែមលើមូលដ្ឋាននៃបណ្ដឹង ក៏ដូចជាដាក់ភស្តុតាងនានាដែលមានប្រយោជន៍ចាំបាច់សម្រាប់ដំណើរការស៊ើបអង្កេត”។
អ្នកវិភាគឯករាជ្យ លោក អ៊ូ វីរៈ បានប្រាប់វីអូឌីថាលោកនឹងចូលខ្លួនទៅតុលាការតាមដីកាកោះនៅថ្ងៃទី១២ខែឧសភា ហើយលោកមិនមានការព្រួយបារម្ភអ្វីនោះទេ។ លោកថាបណ្តឹងរបស់គណបក្សប្រជាជនកម្ពុជាមិនមានមូលដ្ឋានអ្វីច្បាស់លាស់។ លោកបន្ថែមថា៖ “ខ្ញុំមើលទៅអត់ទាន់ឃើញអ្វីច្បាស់លាស់ទេ ប៉ុន្តែបើយើងមើលឲ្យមែនទែនទៅការដាក់ពាក្យបណ្តឹង ខ្ញុំឃើញថាអត់មានមូលដ្ឋានផ្លូវច្បាប់អីច្បាស់លាស់។ ខ្ញុំអត់មានអីព្រួយបារម្ភទេបាទ…ខ្ញុំសោកស្តាយ សោកស្តាយត្រង់ថាទី១គឺមានការយល់ខុសត្រង់អ្វីដែលខ្ញុំនិយាយហ្នឹង តាមអ្វីដែលលើកឡើងដោយឯឧត្តម សុខ ឥសាន ខ្ញុំមើលទៅគាត់យល់ខុសច្រើន”។
កាលពីថ្ងៃទី២៨ ខែមេសា អង្គការសង្គមស៊ីវិលចំនួន២៥ស្ថាប័នបានចេញលិខិតថ្កោលទោសចំពោះបណ្តឹងលើលោក អ៊ូ វីរៈ ដោយអង្គការទាំងនេះចាត់ទុកថាលោក អ៊ូ វីរៈ គ្រាន់តែបញ្ចេញមតិស្របតាមរដ្ឋធម្មនុញនិងច្បាប់អន្តរជាតិ។ អង្គការទាំង២៥ ស្ថាប័ននេះក៏បានអំពាវនាវឲ្យតុលការច្រានចោលបណ្តឹងប្រឆាំងលោក អ៊ូ វីរៈ ផងដែរ។
គួររំឭកថា កាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៦ អ្នកនាំពាក្យនិងជាតំណាងរាស្រ្តគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បានដាក់ពាក្យបណ្តឹងទៅតុលាការ ប្តឹងលោក អ៊ូ វីរៈ ប្រធានអង្គការវេទិកាអនាគត និងជាអ្នកវិភាគឯរាជ្យ ករណីការអត្ថាធិប្បាយរបស់លោកថាគណបក្សកាន់អំណាចនៅពីក្រោយករណី ខុម ចាន់តារ៉ាទី ហៅស្រីមុំ៕