ក្រសួងបរិស្ថាន រំឭកមន្ត្រីក្រោមឱវាទឲ្យពង្រឹងប្រសិទ្ធិភាពទប់ស្កាត់បទល្មើសព្រៃឈើ ចំនួន១៨កន្លែង ដែលបានផ្ទេរពីក្រសួងកសិកម្ម មកគ្រប់គ្រងជំនួសវិញ។
ក្នុងលិខិតចុះថ្ងៃទី៦ខែឧសភា រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានរំឭកទៅប្រធានមន្ទីរបរិស្ថាន រាជធានីខេត្ត ដែលពាក់ព័ន្ធ ត្រូវពង្រឹងវិធានការទប់ស្កាត់ តំបន់ព្រៃការពារ តំបន់អភិរក្សព្រៃឈើ តំបន់ព្រៃផ្តល់ផលចំនួន១៨កន្លែង ដែលបានផ្ទេរសិទ្ធិពីក្រសួងកសិកម្ម។
ក្នុងលិខិតនោះ ក្រសួងបរិស្ថាន បញ្ចាក់ថា អ្នកពាក់ព័ន្ធទាំងនោះ ត្រូវចាត់វិធានការទប់ស្កាត់បទល្មើសធនធានធម្មជាតិឲ្យបានហ្មត់ចត់ សហការជាមួយ គណៈមេបញ្ជាការឯកភាពរដ្ឋបាលខេត្ត។
កន្លងទៅរាជរដ្ឋាភិបាលបានប្រកាសដកតំបនព្រៃមួយចំនួនមកធ្វើជាតំបន់អភិរក្ស ដូចជាតំបន់ព្រៃឡង់ តំបន់ព្រៃខ្លះទៀតនៅខេត្តពោធិ៍សាត់ និងតំបន់ព្រៃមួយចំនួនទៀត ក្រោយពីមានការរិះគន់ថា ព្រៃនៅតំបន់នោះបានបន្តកាប់បំផ្លាញ ដោយគ្មានការទប់ស្កាត់ឲ្យមានប្រសិទ្ធិភាព។
ក្នុងអនុក្រឹត្យចុះថ្ងៃទី៤ ខែមីនា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសម្រេចផ្ទេរតំបន់វិនិយោគអភិវឌ្ឍន៍សម្បទានដីសេដ្ឋកិច្ចទាំងអស់ដែលស្ថិតនៅក្រោមសមត្ថកិច្ច និងការគ្រប់គ្រងរបស់ក្រសួងបរិស្ថានឲ្យស្ថិតក្រោមសមត្ថកិច្ចនិងការគ្រប់គ្រងរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទវិញ។