លិខិតមិត្តអ្នកអាន៖យុទ្ធនាការ​​ឈុត​​ខ្មៅ​គឺ​ជា​ចំណុច​ផ្តើម​នៃ​បដិវត្តន៍​ពណ៌​នៅ​កម្ពុជា​?

ដៃ​មន្ត្រីអាដហុកនិងអគ្គលេខាធិការរងគ.ជ.បដែល​ជាប់ខ្នោះ​ពេល​ដឹកទៅ​តុលាការ(រូបថត៖ លី បេឡា)

រាល់ការចាប់ផ្តើមនៃយុទ្ធនាការណាមួយតែងតែមានអ្នកអស់សង្ឃឹម ទុទ្ទិដ្ឋិនិយម ប្រញាប់សន្និដ្ឋានថាវិធីណាមួយអប្រសិទ្ធភាព មិនព្យាយាមច្នៃប្រតិដ្ឋតាក់ទិចថ្មីៗដែលឆ្លើយតបនឹងការបង្ក្រាបរបស់អាជ្ញាធរ  រួចដល់ពេលបរាជ័យ ពួកគេបន្ទោសថាវិធីមិននេះវិធីនោះឥតបានការ មិនបន្ទោសខ្លួនឯងដែលអសមត្ថភាពក្នុងការធ្វើឲ្យតាក់ទិចដើរនោះទេ។ យើងនឹងអធិប្បាយពីកត្តាដែលនាំឲ្យយុទ្ធនាការជោគជ័យនិងឆ្លៀតពន្យល់ថាតើវាមានទំនាក់ទំនងឬទេរវាងការប្រើប្រាស់ពណ៌ជានិមិត្តរូបនៃការប្រឆាំងនឹងសកម្មភាពមិនស្របច្បាប់របស់រដ្ឋអំណាចនិងបដិវត្តន៍ពណ៌ដែលប្រើប្រាស់ពណ៌ជាសញ្ញានៃបដិវត្តន៍នោះ។

ពលរដ្ឋជាម្ចាស់អំណាច ប៉ុន្តែតាមរយៈណាដែលពលរដ្ឋប្រើប្រាស់អំណាចរបស់ខ្លួនក្រៅពីទៅបោះឆ្នោត? យុទ្ធនាការឈុតខ្មៅគឺជាចម្លើយមួយតបនឹងសំណួរនេះ។ ជាការពិត យុទ្ធនាការនេះមានបំណងទាមទារឲ្យដោះលែងមន្ត្រីសង្គមស៊ីវិល តែគោលដៅមួយដែលគេមិនបានលើកឡើងគឺដើម្បីបង្រួបបង្រួមពលរដ្ឋនានាដែលមកពីស្រទាប់សង្គមផ្សេងៗគ្នាឲ្យមូលមាត់មូលចិត្តគំនិតក្នុងការប្រឆាំងនឹងការចាប់ខ្លួនដែលល្មើសច្បាប់ ព្រោះគេគ្មានសង្ឃឹមថាមានការដោះលែងទេ បើពលរដ្ឋនៅរាយប៉ាយគ្នាពុំអាចរួមកម្លាំងគ្នាដាក់សម្ពាធទៅលើរដ្ឋអំណាចបាន។ គ្រាន់តែកំណត់យកពណ៌ខ្មៅ រួចកំណត់ន័យថ្មីឲ្យវា ពោលគឺ មិនមែនត្រឹមតែជានិមិត្តរូបនៃខ្មែរក្រហមទេ តែគឺជានិមិត្តរូបនៃការប្រឆាំងនឹងវប្បធម៌ហិង្សាដែលខ្មែរក្រហមបន្សល់ទុក ដូច្នេះពលរដ្ឋគ្រប់ភេទ វ័យ វណ្ណៈ ការងារ សាសនា ជាតិពន្ធុ…អាចមានអារម្មណ៍ខិតជិតគ្នា, មានគោលដៅរួមគ្នា(ប្រឆាំងនឹងអំពើអយុត្តិធម៌), មិនដែលស្គាល់គ្នាសោះក៏អាចយល់ចិត្តគ្នា, ពណ៌ខ្មៅនឹងក្លាយជាតំណភ្ជាប់រវាងពលរដ្ឋ ហើយពេលនៅដែលចំណងនេះរឹងមាំ គេនឹងអាចធ្វើសកម្មភាពដែលមានឥទ្ធិពលជាងការត្រឹមតែស្លៀកពាក់ខ្មៅ

ម្យ៉ាងទៀត តាក់ទិចនេះបង្កការលំបាកដល់អាជ្ញាធរ ព្រោះ១. គ្មានមូលដ្ឋានច្បាប់ ពួកគេមិនអាចសំអាងលើហេតុផលស្លៀកពាក់ខ្មៅ មកវាយបង្ក្រាបឬចាប់គេដាក់គុកទេ។ ឲ្យមែនទែន ពួកគេអាចធ្វើបែបនេះបានដោយមិនចាំបាច់និយាយពីច្បាប់នោះទេ សំអាងត្រឹមតែបញ្ជាមេគឺគ្រប់គ្រាន់ ប៉ុន្តែការវាយនិងចាប់ដាក់គុកមិនរើសមុខនឹងទទួលបានលទ្ធផលផ្ទុយ ព្រោះវាបញ្ឆេះកំហឹងមហាជនឲ្យចូលរួមស្លៀកខ្មៅជាជាងធ្វើឲ្យពួកគេភ័យខ្លាច។ ២. អនាមឹកភាពនិងការលំបាកបង្ក្រាប ពោលគឺគេពិបាកកំណត់មុខសញ្ញាបង្ក្រាបជាក់លាក់ថាតើបុគ្គលណាមួយ បើគ្រប់គ្នាសុទ្ធតែមើលទៅខ្មៅទាំងអស់បែបនេះ។ គេអាចដោះសាថា មានអីពិបាកវាយឬចាប់ដាក់គុកទាំងអស់តែម្តងទៅ ប៉ុន្តែសូមកុំភ្លេចថាគ្មានកន្លែងទំនេរសល់ច្រើនគ្រប់គ្រាន់ក្នុងគុកឡើយ លុះត្រាតែបង្កើតគុកថ្មីសម្រាប់ដាក់អ្នកទោសនយោបាយ ឯការវាយមិនរើសមុខនឹងបង្ខំឲ្យគ្រួសារ សាច់ញាតិ មិត្តភក្តិ អ្នកជិតខាងរបស់ជនរងគ្រោះ…ចូលរួមយុទ្ធនាការដែរ ហេតុនេះហើយថ្នាក់លើរបស់អាជ្ញាធរមិនល្ងង់បញ្ជាឲ្យបង្ក្រាបមិនរើសមុខឬចាប់គុកទាំងអស់នោះទេ។ ៣. ភាពងាយស្រួលក្នុងការអនុវត្ត នរណាក៏មានអាវ ខោ សំពត់ខ្មៅ ដែរ ត្រឹមពាក់អាវខ្មៅ ទោះខ្មៅមួយកំណាត់ឬទាំងស្រុងក៏ដោយគឺមិនពិបាកសម្រាប់អ្នកអនុវត្តឡើយ។ ការកំណត់ពណ៌ផ្សេងដូចជាស ក្រហម ខៀវ មានគុណវិបត្តិមួយចំនួនគឺ ពណ៌សច្រឡំគ្នានឹងឯកសណ្ឋានសិស្ស ដូច្នេះនាំឲ្យពិបាកវាស់ស្ទង់ថាតើពួកគេស្លៀកពាក់សគាំទ្រយុទ្ធនាការឬគ្រាន់តែធ្វើតាមសាលា។ ពលរដ្ឋខ្លះគ្មានសម្លៀកបំពាក់ពណ៌ក្រហមឬខៀវឡើយ ទោះពួកគេចង់ចូលរួមក៏គ្មានអ្វីពាក់ដែរ ឯខ្មៅវិញទោះពលរដ្ឋមិនប្រាកដថាមានពាក់គ្រប់គ្នាក៏ដោយ ក៏ភាគរយច្រើនគឺមានដូច្នេះការកំណត់យកពណ៌ខ្មៅមិនមែនសំខាន់ត្រឹមតែហេតុផលនិមិត្តរូបនោះទេតែគឺអាស្រ័យលើលទ្ធភាពសម្ភារៈផងដែរ។

មានកត្តាចាំបាច់មួយចំនួនដែលកំណត់ជោគជ័យនៃយុទ្ធនាការឈុតខ្មៅនេះ៖ ១. ចំនួនអ្នកចូលរួម, ២.ភាពក្រាញននៀលនឹងការបង្ក្រាប, ៣. វិន័យមិនប្រើហិង្សា, ៤. ការផ្លាស់ប្តូរតាក់ទិចពីប្រមូលផ្តុំទៅពង្រាយគ្នា ពីសកម្មភាពបែបនិមិត្តរូបទៅសកម្មភាពរំខានបង្អាក់ប្រព័ន្ធដឹកនាំ។

១. ចំនួនអ្នកចូលរួមយុទ្ធនាការឬបរិមាណអ្នកពាក់ខ្មៅ

យោងតាមការសិក្សាទ្រង់ទ្រាយធំនិងរយៈពេលវែង ឱបក្រសោបយុទ្ធនាការចំនួនលើសពី១០០ របស់អ្នកស្រាវជ្រាវស្រ្តីអាមេរិកាំងពីររូប គឺអេរិខា ឆេណូវេថ និងម៉ារៀ ស្ទេហ្វឹន បានរកឃើញថាគ្មានយុទ្ធនាការណាបរាជ័យឡើយ បើមានអ្នកចូលរួមត្រឹមតែ៣,៥%នៃចំនួនប្រជាជនសរុបនៃប្រទេសដែលមានយុទ្ធនាការកើតឡើងនោះ។ ជឿឬមិនជឿក៏ដោយ តួលេខនេះជាចំនួនកើតចេញពីវាស់ស្ទង់ចំនួនអ្នកចូលរួមយុទ្ធនាការផ្ទាល់នៅនឹងកន្លែង តាមបរិមាណវិស័យ មិនមែនស្រមៃដាក់ទេ ប៉ុន្តែសូមតោងចងចាំថាចំនួនមិនមែនជាកត្តាកំណត់ផ្តាច់មុខនោះទេ ពោលគឺមិនមែនចាប់មនុស្សមកដាក់នៅមួយកន្លែងរួចរាប់ឲ្យគ្រប់ចំនួន ហើយឈ្នះដោយស្វ័យប្រវត្តិនោះទេ គេត្រូវការការតស៊ូស្វិតស្វាញនឹងការបង្ក្រាបរបស់រដ្ឋអំណាច, រក្សាវិន័យមិនតបតដោយហិង្សាទៅនឹងភ្នាក់ងារបង្ក្រាប គឺកាត់បន្ថយការប្រឈមផ្ទាល់នឹងការបង្ក្រាប តែនៅតែបន្តយុទ្ធនាការទៅមុខ, និងមិនរំពឹងលើតាក់ទិចដដែលៗក្នុងការតវ៉ា។ បើធៀបនឹងចំនួនប្រជាជនកម្ពុជាសរុបបច្ចុប្បន្ន ១៥លាននាក់, សង្គមស៊ីវិលត្រូវការចំនួនអ្នកចូលរួម៣,៥%នៃពលរដ្ឋសរុបស្មើនឹង ៥សែននាក់ ពោលគឺតែមួយភាគបីនៃអ្នករស់នៅភ្នំពេញប៉ុណ្ណោះ មានន័យថា ពលរដ្ឋនៅភ្នំពេញ១លាន៥សែននាក់ មានចំនួនបីដងលើសពីតម្រូវការទៅហើយ។ ហេតុនេះ ការគណនាចំនួនអ្នកចូលរួមឲ្យបានជាក់លាក់ ចាំបាច់ខ្លាំងណាស់ គេត្រូវប្រើគ្រប់មធ្យោបាយដើម្បីរាប់និងបង្កើនអ្នកចូលរួមព្រមទាំងកាត់បន្ថយអ្នកចូលរួមហើយលែងចូលរួមវិញ។ បើគេធ្វើព្រងើយកន្តើយនឹងកត្តាមួយនេះរួចឆ្លើយដោះសាថាមនុស្សច្រើនរញ៉េរញ៉ៃនៅកន្លែងផ្សេងគ្នាពេក រាប់មិនកើតទេ នោះគេនឹងមិនអាចប៉ាន់ប្រមាណពីការកើនឡើងឬថយចុះនៃអ្នកចូលរួមយុទ្ធនាការ ភាពពុំច្បាស់លាស់នឹងនាំមកបរាជ័យយ៉ាងច្បាស់លាស់។

២.ភាពក្រាញននៀលនឹងការបង្ក្រាប

អាជ្ញាធរនឹងរារាំងយុទ្ធនាការពាក់កណ្តាលផ្លូវមិនឲ្យដល់គោលដៅទាន់, បើឃាត់មិនទាន់ ពួកគេនឹងវាយបំបែកឬព័ទ្ធ ប្រើឡានទឹកឬបាញ់គ្រាប់កាំភ្លើងពិតគំរាម ចាប់ខ្លួនមេដឹកនាំយុទ្ធនាការប៉ុន្មាននាក់នោះដាក់គុកបន្ថែមឬឃាត់ខ្លួនមួយរយៈគំរាមមិនឲ្យបន្តយុទ្ធនាការទើបពន្លែងចេញមកវិញ។ល។ រដ្ឋអំណាចនឹងអះអាងថាការធ្វើយុទ្ធនាការរបស់សង្គមស៊ីវិលមិនសុំច្បាប់ (ទោះសុំក៏មិនឲ្យធ្វើ) ឬមិនស្របច្បាប់, ធ្វើឲ្យស្ទើរចរាចរណ៍ បំផុសបំផុល បំផ្លាញសណ្តាប់សង្គម ប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាល នេះជាសេណារីយ៉ូដែលកើតឡើងនៅថ្ងៃចន្ទនេះ។ តាមការរកឃើញរបស់អ្នកស្រាវជ្រាវអាមេរិកាំងដដែល យុទ្ធនាការដែលមិនថាជោគជ័យឬបរាជ័យទេ ចំណាយរយៈពេលជាមធ្យម៣ឆ្នាំ។ ដោយសារការសិក្សានេះធ្វើឡើងទៅលើតែយុទ្ធនាការធំៗ ហេតុនេះយើងអាចទាញចេញពីរបកគំហើញនេះថាយុទ្ធនាការតូចៗដែលមានគោលដៅត្រឹមតែដោះលែងសកម្មជនប៉ុន្មាននាក់នឹងចំណាយរយៈពេលតិចជាងនេះឆ្ងាយ ពោលគឺគិតជាខែប៉ុណ្ណោះ កម្រដល់រាប់ឆ្នាំណាស់។ ទោះបីយ៉ាងណា រយៈពេលយុទ្ធនាការអាស្រ័យទៅតាមសមត្ថភាពក្នុងការប្រមូលអ្នកចូលរួមរបស់អ្នកដឹកនាំយុទ្ធនាការ បង្កើនការដាក់សម្ពាធនិងអាចទប់ទល់នឹងការបង្ក្រាបកម្រិតធ្ងន់របស់រដ្ឋអំណាច គឺថាអ្នកចូលរួមកាន់តែច្រើន រយៈពេលទៅដល់គោលដៅជោគជ័យកាន់តែឆាប់។ វិធីដ៏ល្អបំផុតសម្រាប់ទប់ទល់នឹងការបង្ក្រាបគឺប្រុងប្រៀបទុកជាមុន ដូចជាបង្កើតក្រុមការងារចុះបណ្តុះបណ្តាលដល់មូលដ្ឋានអំពីវិធានការការពារខ្លួន, ផ្តល់ជាសំណៅមានផ្ទុកសេចក្តីណែនាំឲ្យពួកគេដឹងនិងត្រៀមខ្លួនបន្សល់ទុកនូវអាសយដ្ឋានទំនាក់ទំនងច្រើននិងច្បាស់លាស់, បង្កើតនិងត្រៀមសេវាកម្មសុខាភិបាលទាំងផ្លូវកាយនិងចិត្ត ចាំដឹកជញ្ជូនជនរងគ្រោះ ព្រោះអាជ្ញាធរនឹងរារាំងមិនឲ្យសកម្មជនទទួលបានសេវានេះឡើយ សង្គមស៊ីវិលក៏ត្រូវរក្សាការសម្ងាត់របស់អ្នកជួយទំនុកបម្រុងដើម្បីការពារការរករឿងពីអាជ្ញាធរ។ វិធានការការពារបឋមពេលរងការបង្ក្រាប មានដូចជាកុំប្រឈមទល់មុខនឹងខែលដំបងកាំភ្លើងរបស់ពួកគេ ពោលគឺបំបែកគ្នាទៅកន្លែងផ្សេងៗកុំប្រមូលផ្តុំ ដើម្បីកុំពួកគេអាចបង្ក្រាបបានដោយងាយ(បើពួកគេបង្ខំឲ្យដោះអាវខ្មៅចេញ ដោះតាមទៅ ពេលពួកគេទៅបាត់ ពាក់វិញទៅជាការស្រេច)។ ឲ្យតែធ្វើឲ្យការបង្ក្រាបរបស់ពួកគេអប្រសិទ្ធភាពមិនអាចបញ្ឈប់យុទ្ធនាការបាន នោះកាត់បន្ថយអត្រាអ្នករងគ្រោះកាន់តែតិចកាន់តែល្អ។ ពេលរងការបង្ក្រាបក្នុងករណីចៀសមិនផុត សកម្មជនត្រូវតែអត់ទ្រាំរងអំពើហិង្សាដោយមិនប្រើហិង្សាតបត ដើម្បីទទួលបានសាមានចិត្តពីសាធារណជននិងបញ្ឆេះកំហឹងមហាជនឲ្យចូលរួមយុទ្ធនាការ ពិសេសគឺផ្សព្វផ្សាយជាសាធារណៈរាល់ការបង្ក្រាបទាំងរូបភាពច្បាស់ៗនិងវីដេអូ។ ជាជាងសូមអង្វរឲ្យអាជ្ញាធរឈប់ប្រើអំពើហិង្សា សង្គមស៊ីវិលត្រូវប្រកាសជាសាធារណៈប្រាប់ពលរដ្ឋពីអប្រសិទ្ធភាពនៃការបង្ក្រាបរបស់អាជ្ញាធរនិងឆ្លៀតប្រាប់ពីតាក់ទិចដែលធ្វើឱ្យការបង្ក្រាបគ្មានឥទ្ធិពល, នៅពេលពលរដ្ឋឃើញថាតាក់ទិចប្រឆាំងការបង្ក្រាបមានប្រសិទ្ធភាព ពួកគេនឹងបន្តចូលរួមយុទ្ធនាការកាន់តែច្រើន លែងមានភាពភ័យខ្លាច (ពេលនោះហើយ ដែលសង្គមស៊ីវិលបង្កើនចំនួនថ្ងៃនៃការធ្វើយុទ្ធនាការ) ឯខាងអាជ្ញាធរវិញនឹងកាត់បន្ថយការបង្ក្រាបដោយឯកឯង ព្រោះឃើញថាលែងមានប្រសិទ្ធភាពទៀត។

ផ្ទុយទៅវិញ ការគ្រាន់តែថ្លែងការណ៍ជាសាធារណៈប្រឆាំងនឹងការបង្ក្រាបមិនមានប្រសិទ្ធភាពដូចប្រាប់ពលរដ្ឋពីតាក់ទិចទប់ទល់ ដែលទាក់ទងនឹងសុវត្ថិភាពផ្ទាល់ខ្លួនរបស់ពួកគេនោះទេ ឯការសូមអង្វរ កាន់តែធ្វើកាន់តែបានចិត្ត ព្រោះយើងបង្ហាញភាពទន់ខ្សោយឲ្យគូប្រជែងឃើញ។ ក្នុងស្ថានភាពដែលគេកំពុងបង្ក្រាបដាច់ខាតមិនត្រូវសំណូមពរឲ្យពលរដ្ឋរក្សាភាពស្ងៀមស្ងាត់ឡើយ ត្រូវអំពាវនាវឲ្យចូលរួមយុទ្ធនាការវិញទើបត្រឹមត្រូវ ព្រោះសំងំស្ងៀមស្ងាត់ពេលរងការបង្ក្រាប មិនខុសពីបំភ័យនិងបំបិទមាត់ខ្លួនឯងឲ្យស្ងាត់តាមសំណូមពររបស់អាជ្ញាធរនោះទេ ដែលកំហុសនេះ គណបក្សសង្គ្រោះជាតិធ្លាប់បានប្រព្រឹត្តរួចម្តងហើយនៅក្នុងព្រឹត្តិការណ៍បង្ក្រាបនៅដើមឆ្នាំ២០១៤។ ទន្ទឹមនឹងយុទ្ធនាការឈុតខ្មៅ គេត្រូវត្រៀមយុទ្ធនាការអមមួយទៀត ដើម្បីទប់ទល់នឹងការចាប់ខ្លួនគឺយុទ្ធនាការអ្នកក្លាហាន បានសេចក្តីថាគេត្រូវប្រកាសស្វែងរកអ្នកក្លាហានស្ម័គ្រធ្វើជាគំរូអង់អាច ស្ម័គ្រចិត្តចូលឲ្យអាជ្ញាធរចាប់ខ្លួន នៅបន្ទាប់ពីអាជ្ញាធរចាប់ខ្លួនអ្នកពាក់ឈុតខ្មៅ។ ធ្វើបែបនេះគឺជាការផ្គើនដែលដាក់រដ្ឋអំណាចឲ្យឋិតនៅសភាពទល់ច្រក ពោលគឺបើចាប់ខ្លួនទាំងអ្នកស្មគ្រចូលខ្លួនឲ្យចាប់ មិនយូរទេគុកនឹងពេញ ពេលនោះការចាប់ខ្លួននឹងធ្វើទៅលែងបាន ហើយពួកគេក៏ពិបាកដោះសាថាស្របច្បាប់ដែរព្រោះមនុស្សអត់ធ្វើអីខុសផង គ្រាន់តែចូលខ្លួនឲ្យចាប់ទទេៗក៏អាជ្ញាធរចាប់ដែរ, ផ្ទុយទៅវិញ បើមិនហ៊ានចាប់ខ្លួនអ្នកចូលខ្លួនឲ្យចាប់ទេ មានន័យថាអាជ្ញាធរនឹងធ្វើឲ្យការផ្គើនរបស់អ្នកស្ម័គ្រចិត្តបានជ័យជម្នះ ពលរដ្ឋជាច្រើននឹងចាប់ផ្តើមលែងខ្លាចគុក ការចាប់ដាក់គុកនឹងលែងមានប្រសិទ្ធភាពពេលគ្មាននរណាខ្លាច។ ដរាបគេនៅតែខ្លាចការចាប់ខ្លួន នោះយុទ្ធនាការអ្នកក្លាហាននឹងក្លាយជាយុទ្ធនាការអ្នកក្លាហានក្នុងស្នូក នៅតែសំងំតែក្នុងស្នូករហូត គ្មានថ្ងៃក្លាយជាអ្នកក្លាហានឡើយ វានឹងនៅតែផ្តល់គំរូអាក្រក់ដល់អ្នកដទៃឲ្យភ័យខ្លាចតាមអ្វីដែលរដ្ឋអំណាចចង់បាន។

៣. វិន័យអហិង្សា

រដ្ឋអំណាចនឹងជួលមនុស្សឲ្យពាក់ឈុតខ្មៅរួចបង្កអំពើហិង្សា ដើម្បីធ្វើជាលេសលាបពណ៌សង្គមស៊ីវិលថាអ្នកញុះញុងបង្កកុបកម្ម។ សង្គមស៊ីវិលត្រូវតែប្រកាសជាមុនតែម្តងពីលទ្ធភាពដែលអាចនឹងកើតឡើងនេះនិងត្រៀមវិធីទប់ទល់។ វិធីទប់ទល់ ១. ត្រូវតែពន្យល់ពីសារៈសំខាន់នៃការរក្សាវិន័យអហិង្សាប្រាប់សកម្មជនរបស់ខ្លួនឱ្យបានច្បាស់លាស់ មិនមែនត្រឹមតែហាមឃាត់មិនឲ្យប្រើអំពើហិង្សាទេ ដើម្បីធានាថាអំពើហិង្សានឹងមិនកើតចេញពីក្រុមរបស់ខ្លួន។ ក្នុងសេចក្តីពន្យល់នោះគឺការមិនប្រើហិង្សាមានអត្ថប្រយោជន៍ដូចជា បង្ខំឲ្យរដ្ឋអំណាចត្រូវចំណាយធនធានដើម្បីទិញជនបង្កប់ឲ្យមកប្រើហិង្សា, រដ្ឋអំណាចគ្មានមូលដ្ឋានច្បាប់ដើម្បីចោទពីបទញុះញង់, កងសន្តិសុខវិញពិបាកបន្តិចក្នុងការវាយមនុស្សស្រីនិងមនុស្សចាស់ ដូច្នេះហើយទើបពួកគេចូលចិត្តវាយរកតែសកម្មជនប្រុសៗជាជាងស្រីៗ ក្មេងៗជាជាងចាស់ ពិសេសភ្នាក់ងារបង្ក្រាបតែងជំនាញខាងប្រើអំពើហិង្សា ឱ្យតែសកម្មជនប្រើហិង្សាភ្លាម ពួកគេនឹងឈ្នះ ដូច្នេះទើបព្យាយាមលួចបញ្ចូលជនបង្កប់។ ២. ត្រូវត្រៀមការពារសកម្មជនប្រុសៗដែលជាមុខសញ្ញានៃការបង្ក្រាប  ពោលគឺរៀបចំឲ្យមានមនុស្សស្រីច្រើនជាងមនុស្សប្រុស ចាំពាំងមិនឲ្យភ្នាក់ងារបង្ក្រាបវាយសកម្មជនប្រុសៗនិងចាំឃាត់សកម្មជនប្រុសៗដែលទប់កំហឹងមិនបានមិនឲ្យតបត ព្រមទាំងរារាំងជនបង្កប់មិនឱ្យបង្កហិង្សាបាននិងត្រៀមឃាត់ខ្លួនជនបង្កប់បង្ខំឲ្យសារភាពថាអ្នកណាបញ្ជាមកឬបញ្ជូនឲ្យអាជ្ញាធរដើម្បីជាសញ្ញាផ្គើនរដ្ឋអំណាចថាយុទ្ធសាស្ត្រជនបង្កប់អត់មានប្រសិទ្ធភាព។ ៣. ក្នុងករណីដែលថ្លោះធ្លោយដោយប្រការណាមួយ ត្រូវបំបែកគ្នាភ្លាមៗឬឋិតឱ្យឆ្ងាយពីក្រុមបង្កហិង្សា នោះអាជ្ញាធរនឹងត្រូវបង្ខំចិត្តចាប់ជនបង្កប់ដែលខ្លួនឯងដាក់ មិនមានលេសចាប់ក្រុមអ្នកគ្មានអ្នកប្រើអំពើហិង្សានៅលាយឡំទេ។ ផលប្រយោជន៍កើតចេញពីវិន័យអហិង្សានៅមានច្រើនជាងនេះទៀត មិនមែនត្រឹមតែក្នុងហេតុផលសីលធម៌នោះទេ ដូចជាបង្កើនអ្នកចូលរួមយុទ្ធនាការ ព្រោះអំពើហិង្សានឹងរុញបង្ខំឲ្យមនុស្សស្រីនិងចាស់ៗ ព្រមទាំងមនុស្សប្រុសដែលមិនចូលចិត្តប្រើហិង្សាចាកចេញពីយុទ្ធនាការ រក្សាវិន័យអហិង្សាបាន ពលរដ្ឋគ្រប់ប្រទាប់សង្គមនៅតែអាចចូលរួមបាន។ ពិសេសគឺរក្សាវិន័យអហិង្សាបាននៅពេលមានការបង្ក្រាបនឹងធ្វើឲ្យការបង្ក្រាបទទួលបានលទ្ធផលផ្ទុយ ពោលគឺការបង្ក្រាបនឹងបញ្ឆេះកំហឹងពលរដ្ឋនិងរងការថ្កោលទោសពីអន្តរជាតិ។

៤. ការផ្លាស់ប្តូរតាក់ទិចពីប្រមូលផ្តុំទៅពង្រាយគ្នាពីសកម្មភាពបែបនិមិត្តរូបទៅសកម្មភាពរំខានបង្អាក់ប្រព័ន្ធដឹកនាំ

យុទ្ធនាការមួយជោគជ័យមិនមែនស្លាប់ក្រលា ប្រើតាក់ទិចដដែលៗ ទៅកន្លែងៗដដែល គ្មានផែនការយុទ្ធសាស្ត្រច្បាស់លាស់នោះទេ។ យុទ្ធនាការឈុតខ្មៅគ្រាន់តែជាសកម្មភាពបែបនិមិត្តរូបប៉ុណ្ណោះ សង្គមស៊ីវិលគ្រោងធ្វើសកម្មភាពបែបនិមិត្តរូបនេះផ្សំនឹងតាក់ទិចប្រមូលផ្តុំ ដោយចួបជុំគ្នានៅមុខពន្ធនាគារព្រៃស។ តាក់ទិចប្រមូលផ្តុំតែងពិបាកធ្វើឱ្យបានយូរ ព្រោះអាជ្ញាធរនឹងចំណាំក្រលាដើរ អាចតាមធ្វើទុកបុកម្នេញ មិនឱ្យអាចទៅកន្លែងដដែលៗនេះបានរហូតឡើយ ពិសេសពេលចំនួនអ្នកចូលរួមកើនឡើង ពួកគេនឹងវាយបំបែកការពាររីកធំពេកទប់លែងជាប់ បទពិសោធន៍ទីលានប្រជាធិបតេយ្យ។ សង្គមស៊ីវិលខ្លួនឯងក៏ដឹងដែរថា គេមិនអាចសម្រេចគោលដៅត្រឹមតែមួយថ្ងៃឬមួយសប្តាហ៍នោះទេ ដូច្នេះពួកគេត្រូវតែមានផែនការរយៈវែងនិងតាក់ទិចបត់បែនតាមស្ថានភាព។ ការប្រមូលផ្តុំគ្នានៅមួយកន្លែងនឹងបង្កការងាយស្រួលដល់ការបង្ក្រាប ដូច្នេះតាក់ទិចបំបែកពង្រាយគ្នាទៅច្រើនកន្លែងគឺជាវិធីបត់បែនតាមស្ថានការណ៍បង្ក្រាប ដែលសង្គមស៊ីវិលត្រូវតែអនុវត្តនិងត្រៀមអនុវត្តពេលមានការបង្ក្រាបនិងមានចំនួនអ្នកចូលរួមកើនឡើង។

ថ្ងៃចន្ទដំបូងត្រឹមតែជាការពិសោធន៍ប៉ុណ្ណោះ មិនសំខាន់ត្រង់ប្រព្រឹត្តទៅរលូនឬអត់នោះទេ សំខាន់ត្រង់អ្នកពាក់ខ្មៅមានប៉ុន្មាននាក់ នៅកន្លែងណាខ្លះអនុវត្ត មានប្រតិកម្មពីអាជ្ញាធរនិងពលរដ្ឋបែបណា…ដើម្បីយកទៅធ្វើជាគោលក្នុងសម្រចចិត្តផ្លាស់ប្តូរទីតាំង តាក់ទិច ពេលវេលា រយៈពេល ប្តូរក្រុមគោលដៅពីបង្ហាញការមិនពេញចិត្តទៅអាជ្ញាធរមកចុះចួបផ្ទាល់នឹងពលរដ្ឋដើម្បីទាក់ទាញចំនួនអ្នកចូលរួម។ និយាយឲ្យត្រង់ទៅការយកថ្ងៃចន្ទជាថ្ងៃផ្តើមពុំមែនជាជម្រើសល្អឡើយ ព្រោះថ្ងៃចន្ទជាថ្ងៃផ្តើមការងារ មនុស្សភាគច្រើនរវល់ សិស្សានុសិស្សត្រូវពាក់ឯកសណ្ឋានសាលា មិនអាចចូលរួមបានឡើយ ទោះបីពួកគេចង់ក៏ដោយ។ សង្គមស៊ីវិលត្រូវតែផ្លាស់ប្តូរទៅថ្ងៃអាទិត្យវិញ ព្រោះពលរដ្ឋទំនេរច្រើននិងសិស្សសាលាមានសេរីភាពពាក់អាវពណ៌បាន ដែលនេះក៏ជាហេតុផលដែលគណបក្សសង្គ្រោះជាតិសម្រេចចិត្តត្រូវក្នុងការជ្រើសយកថ្ងៃអាទិត្យមកធ្វើបាតុកម្មដែរ។ សង្គមស៊ីវិលមិនគួរចង់ឆាប់សម្រេចគោលដៅទេ តែគួរបូជាពលកម្មខ្លាំងបំផុតលើការបង្កើនចំនួនអ្នកពាក់អាវខ្មៅដើម្បីបង្រួបបង្រួមពលរដ្ឋជាមុនសិន ទើបយុទ្ធនាការអាចសម្រេចគោលដៅបាន។ ដូច្នេះការប្រើតាក់ទិចពង្រាយគ្នា បំបែកក្រុមការងារឈុតខ្មៅទៅទីតាំងផ្សេងៗគ្នាដើម្បីទាក់ទាញអ្នកគាំទ្រ សំខាន់ខ្លាំងណាស់ គឺវាជួយបង្កើតរូបភាពធំមួយគឺថាមនុស្សពាក់ពណ៌ខ្មៅមានគ្រប់ទីកន្លែង មិនមាននរណាយល់ស្របនឹងចំណាត់ការរបស់រដ្ឋាភិបាលទេ រដ្ឋាភិបាលនឹងឃើញចំនួនអ្នកមិនពេញចិត្តនឹងខ្លួនមានគ្រប់ទីកន្លែង សឹងតែអាចសនិដ្ឋានថាចំនួនអ្នកពាក់ខ្មៅតំណាងសំឡេងអ្នកមិនបោះឆ្នោតឲ្យគណបក្សកាន់អំណាចនៅគ្រាខាងមុខ

បន្ទាប់ពីទទួលបានចំនួនអ្នកចូលរួមច្រើនគ្រប់ហើយ សង្គមស៊ីវិលត្រូវតែដឹងថាចំនួននេះអាចថយចុះវិញបើពួកគេមិនឃើញមានលទ្ធផលអ្វីចេញពីការពាក់ខ្មៅ។ កាលៈទេសៈនេះ តម្រូវឲ្យមានការផ្លាស់ប្តូរតាក់ទិចពីសកម្មភាពបែបនិមិត្តរូបទៅសកម្មភាពរំខានប្រព័ន្ធ។ សង្គមស៊ីវិលអាចប្រកាសគំរាមពីពហិការការចូលរួមការបោះឆ្នោតរបស់អ្នកចូលរួមយុទ្ធនាការឈុតខ្មៅ បើមិនព្រមដោះលែង។ ប្រាកដណាស់ គណបក្សកាន់អំណាចខំចាប់អគ្គលេខាធិការរងគ.ជ.ប. និងដំឡើងអគ្គលេខាធិការចាស់ដើម្បីធ្វើឱ្យស្ថាប័នបោះឆ្នោតបាត់បង់ឯករាជ្យភាព រួចបង្កើតការបោះឆ្នោតសិប្បនិមិត្តដើម្បីទទួលបានភាពស្របច្បាប់នឹងអាចបន្តកាន់អំណាចទៀត។ បើពលរដ្ឋដែលពាក់ខ្មៅគ្រប់កន្លែងមិនទៅបោះឆ្នោត គម្រោងការរបស់ពួកគេនឹងបរាជ័យ ពោលគឺគេពិបាកធ្វើឱ្យលទ្ធផលឆ្នោតស្របច្បាប់ខ្លាំងណាស់ បើគ្មាននរណាទៅបោះឆ្នោត។ ចង់មិនចង់ គណបក្សកាន់អំណាចត្រូវតែដោះលែងតាមសំណើ បើពលរដ្ឋយុទ្ធនាការឈុតខ្មៅប្រើតាក់ទិចរំខានដល់ប្រព័ន្ធបោះឆ្នោត ដូចជាពហិការការបោះឆ្នោតនេះ។ ការប្រកាសមិនព្រមចុះឈ្មោះបោះឆ្នោតដណ្តើរៗអាចបង្ខំពួកគេឱ្យជឿថាពហិការការបោះឆ្នោតអាចទៅរួច។ ដរាបណា ពលរដ្ឋរក្សាបាននូវជំហររឹងមាំនេះ ពោលគឺបើមិនដោះលែង មិនទៅបោះឆ្នោត ការទាមទារនឹងសម្រេច។

បើកត្តាទាំងបួននេះត្រូវបានអនុវត្តបានដោយជោគជ័យ ពោលគឺយុទ្ធនាការឈុតខ្មៅបានសម្រេចគោលដៅដោះលែងសកម្មជនមែន តើនឹងមានអ្វីកើតឡើង? មានបដិវត្តពណ៌ខ្មៅឬ? ពិតណាស់ យុទ្ធនាការឈុតខ្មៅគ្មានអ្វីទាក់ទងនឹងបដិវត្តន៍ពណ៌ស្អីគេនោះទេ។ សង្គមស៊ីវិលមានគោលដៅត្រឹមតែទាមទារការដោះលែងអ្នកជាប់ឃុំប៉ុន្មាននាក់ប៉ុណ្ណោះ។ ទោះទាមទារបានសម្រេចក៏គ្មានបដិវត្តន៍អ្វីកើតឡើងដែរ ប៉ុន្តែឥទ្ធិពលនៃយុទ្ធនាការឈុតខ្មៅនេះ បើជោគជ័យនឹងកែប្រែទំព័រប្រវត្តិសាស្ត្រកម្ពុជា ព្រោះពលរដ្ឋនឹងចេះវិធីប្រឆាំងការបង្ក្រាបរបស់រដ្ឋអំណាចដោយគ្រាន់តែប្រើពណ៌មួយ ធ្វើជាសញ្ញារួបរួមគ្នាប៉ុណ្ណោះ។ ពួកគេនឹងលែងខ្លាចការចាប់ដាក់គុក ចេះប្រើអំណាចរបស់ខ្លួន មិនមែនត្រឹមតែទៅបោះឆ្នោតនោះទេ តែគឺចេះប្រើពណ៌ប្រឆាំងនឹងសកម្មភាពមិនស្របច្បាប់នានាទៀតរបស់រដ្ឋាភិបាល ដែលក្នុងនោះមានការបំពានស្ថាប័នបោះឆ្នោត, រំលោភរដ្ឋធម្មនុញ្ញ, ការធ្វើរដ្ឋប្រហារ, ការបង្ក្រាបបាតុកម្មធ្វើឡើងដោយសន្តិវិធី, វិសោធនកម្មរដ្ឋធម្មនុញ្ញដែលបំផ្លាញប្រជាធិបតេយ្យ, ការប្រើសភាអនុវត្តច្បាប់ដោយអធម្មនុញ្ញភាព…ដំណើរប្រជាធិបតេយ្យកម្ពុជានឹងលែងបត់ចង្កូតទៅតាមអ្នកនយោបាយទៀតហើយ តែគឺបត់ទៅតាមពលរដ្ឋដែលចេះបង្កើតយុទ្ធនាការតស៊ូដោយខ្លួនឯង មិនរំពឹងចាំបរទេសឬអ្នកនយោបាយក្នុងស្រុកឡើយ៕

ដោយ លោក ទេព រ៉ានិត

ចែករំលែកព័ត៌មាននេះ

Share on facebook
Share on twitter
Share on linkedin
Share on telegram
Share on whatsapp

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

  • ព័ត៌មានថ្មីៗ
  • កូវីដ-១៩