​អង្គការ​មួយ​អះអាង​ថា​យុវជន​មួយចំនួន​ធំ​មិន​ទាន់​រៀបចំ​ខ្លួន​ទៅ​ចាប់យក​ឱកាស​ការងារ​

អង្គការមួយរកឃើញថា យុវជនមួយចំនួនធំមិនទាន់ពង្រឹងសមត្ថភាពគ្រប់គ្រាន់ ដើម្បីឈានចាប់យកឱកាសការងារ ពេលពួកគេបញ្ចប់ការសិក្សាបរិញ្ញាបត្រនៅឡើយទេ។

នាយកប្រតិបត្តិនៃអង្គការកម្មវិធីអភិវឌ្ឍន៍ធនធានយុវជន លោក ជាង សុខា លើកឡើងក្នុងវេទិកាយុវជនស្ដីពីសក្ដានុពលទីផ្សារការងារ ដែលធ្វើឡើងក្នុងរាជធានីភ្នំពេញ នាថ្ងៃទី៨ ខែឧសភានេះថា យុវជនមួយចំនួនធំ មិនទាន់បានរៀបចំខ្លួនពង្រឹងសមត្ថភាពសម្រាប់ឈានទៅចាប់យកឱកាសការងារនៅឡើយទេ។

លោកថាករណីនេះ ធ្វើឲ្យយុវជនភាគច្រើន មិនអាចទៅរកការងារធ្វើបានពេលពួកគេបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រ។

លោក ជាង សុខា ឲ្យដឹងដែលថា គោលនយោបាយរបស់រដ្ឋាភិបាលក្នុ្ងងការផលិតធនធានមនុស្ស មិនស្របទៅនឹងតម្រូវការទីផ្សារ លោកថាជាកត្តាមួយទៀតធ្វើឲ្យយុវជនអត់ទទួលបានឱកាសការងារដែរ។

លោកបន្ថែមថា៖ “អ្វីដែលសំខាន់គឺកំលាំងពលកម្មរបស់យើងទេដែលអត់មានជំនាញគ្រប់គ្រាន់ទៅចាប់យកទីផ្សារហ្នឹង អាហ្នឹងមួយផ្នែក មួយផ្នែកទៀតទីផ្សារការងារមានតែតំលៃកម្លាំងពលកម្មទាប ដល់តម្លៃពលកម្មទាបចឹងធ្វើឲ្យអ្នកអត់ការងារធ្វើច្រើន។ ព្រោះគាត់អត់ចង់ធ្វើ ឧទាហរណ៍គាត់ធ្វើការបានមួយថ្ងៃ ១ម៉ឺន ទៅ១៥០០០រៀល ខណៈដែលតម្លៃទំនិញទីផ្សារខ្ពស់អញ្ចឹងធ្វើការបែបហ្នឹងគាត់អត់ចង់ធ្វើ ដូច្នេះបង្ហាញកាន់តែច្បាស់ថាស្រុកខ្មែរមានការងារតិចតួច”។

យុវតីម្នាក់ដែលបានចូលរួមកម្មវិធីកញ្ញា ភ សុវណ្ដា ឲ្យដឹងថាកញ្ញាពិតជាមានការព្រួយបារម្ភពីការទទួលបានឱកាសការងារនៅពេលដែលរៀនចប់ ដោយសារកញ្ញាមិនទាន់មានសមត្ថភាពគ្រប់គ្រាន់ក្នុងការប្រកួតប្រជែងក្នុងទីផ្សារការងារនៅឡើយ។

កញ្ញាបន្ថែថា អ្វីដែលជាបញ្ហាក្នុងការចាប់យកឱកាសការងារនោះ ដោយយុវជនភាគច្រើនរៀនខុសជំនាញដែលធ្វើឲ្យពិបាករកការងារធ្វើ។

អនុប្រធានផ្នែកប្រមូល និងផ្សព្វផ្សាយព័ត៌មាននៃទីភ្នាក់ងារជិតមុខរបរ និង ការងារលោក គង់ សម្បត្តិ មានប្រសាសន៍ថា ទីផ្សារការងារនៅក្នុងប្រទេសកម្ពុជាមានច្រើនសម្រាប់ជាតម្រូវការរបស់យុវជន។ ប៉ុន្តែលោកបន្ថែមថា យុវជនកម្ពុជាមិនមានជំនាញគ្រប់គ្រាន់ និងបទពិសោធត្រូវនឹងតម្រូវការទីផ្សារការងារនៅឡើយ។ លោកបន្ថែមថា ដើម្បីទទួលបានឱកាសការងារគ្រប់គ្នា លោកក៏ជំរុញឲ្យយុវជនតាមដាននូវព័ត៌មានការងារដែលជាគោលនយោបាយរបស់រដ្ឋាភិបាលឲ្យបានគ្រប់ជ្រុងជ្រោយដើម្បីរៀនជំនាញឲ្យត្រូវគោលដៅការងារ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ