មេដឹកនាំកូរ៉េខាងជើងលោក គឹម ជុងអ៊ុន បានប្រកាសថា ប្រទេសនេះមិនប្រើប្រាស់អាវុធនុយក្លេអ៊ែរនោះឡើយ លើកលែងតែអធិបតេយ្យរបស់ប្រទេសនេះរងការរំលោភបំពានពីសំណក់មហាអំណាចនុយក្លេអ៊ែរដទៃទៀត។ នេះដោយយោងតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters ដែលបានដកស្រង់សម្ដីមេដឹកនាំរូបនេះដែលត្រូវបានផ្សព្វផ្សាយតាមទូរទស្សន៍កាលពីថ្ងៃអាទិត្យម្សិលមិញ។
នៅក្នុងសុន្ទរកថាមួយដែលចាកផ្សាយតាមទូរទស្សន៍រដ្ឋកាលពីថ្ងៃអាទិត្យម្សិលមិញលោក គឹម និយាយថាកូរ៉េខាងជើងនឹងបំពេញកាតព្វកិច្ចរបស់ខ្លួនតាមកិច្ចព្រមព្រៀងមិនសាយភាយអាវុធនុយក្លេអ៊ែរនិងព្យាយាមធ្វើតាមកម្មវិធីកាត់បន្ថយអាវុធនុយក្លេអ៊ែររបស់ពិភពលោក។
ថ្លែងនៅឯសមាជដ៏កម្ររបស់បក្សពលករកូរ៉េខាងជើង លោក គឹម បាននិយាយថាក្រុងព្យុងយ៉ាងក៏មានឆន្ទៈធ្វើឲ្យមានទំនាក់ទំនងធម្មតាជាមួយបណ្ដាប្រទេសដែលជាគូវិវាទផងដែរ។
រដ្ឋឯកោមួយនេះក៏ធ្លាប់បានថ្លែងដូច្នេះផងដែរកាលពីមុន ប៉ុន្តែប្រទេសនេះតែងតែគំរាមកំហែងវាយប្រហារអាមេរិកនិងកូរ៉េខាងត្បូង ហើយរំលោភទៅនឹងសេចក្ដីសម្រេចរបស់អង្គការសហប្រជាជាតិពាក់ព័ន្ធនឹងការប៉ុនប៉ងផលិតអាវុធនុយក្លេអ៊ែររបស់ប្រទេសនេះ។
សមាជបក្សជាលើកដំបូងនៅក្នុងរយៈពេល៣៦ឆ្នាំចុងក្រោយនេះបានចាប់ផ្ដើមកាលពីថ្ងៃសុក្រសប្ដាហ៍មុនចំពេលដែលរដ្ឋាភិបាលកូរ៉េខាងត្បូងនិងអ្នកជំនាញព្យាករណ៍ថា មេដឹកនាំវ័យក្មេងរូបនេះនឹងប្រើប្រាស់សមាជនេះដើម្បីក្ដោបអំណាចបន្ថែមទៀត។ លោក គឹម បានឡើងដឹកនាំកូរ៉េខាងជើងកាលពីឆ្នាំ២០១១ បន្ទាប់ពីមរណភាពភ្លាមៗរបស់ឪពុកលោក៕