ប្រធានសមាគមធាងត្នោត មន្រ្តីអង្គការលីកាដូម្នាក់និងសកម្មជនដីធ្លីម្នាក់ ត្រូវចាប់ខ្លួន ពេល​ចូលរួមយុទ្ធនាការពាក់អាវខ្មៅ

នាយកប្រតិបត្តិសមាគមធាងត្នោតលោក អ៊ី សារ៉ុម ត្រូវបានឃាត់ខ្លួនកាលពីថ្ងៃ​ចន្ទ

អាជ្ញាធរខណ្ឌដង្កោនៅព្រឹកថ្ងៃចន្ទនេះចាប់ខ្លួននាយកប្រតិបត្តិសមាគមធាងត្នោតលោក អ៊ី សារ៉ុម មន្រ្តីលីកាដូម្នាក់និងសកម្មជនដីធ្លីម្នាក់ ខណៈពួកគេបានចូលរួមយុទ្ធនាការពាក់អាវខ្មៅ ទាមទារឲ្យដោះលែងមន្រ្តីសិទ្ធិមនុស្សដែលត្រូវបានឃុំខ្លួននៅពន្ធនាគារព្រៃស។

លោក អ៊ី សារ៉ុម  និងមន្រ្តីអង្គការលីកាដូ ឈ្មោះ លោក ថាវ គឹមសាន នាយករងអង្គការសិទ្ធិមនុស្សលីកាដូ ត្រូវបានចាប់ខ្លួននៅម៉ោងប្រមាណ៨និង២០នាទី នៅពេលពួកគេព្យាយាមដើរឆ្លងកាត់ផ្លូវដែលត្រូវបានសមត្ថកិច្ចរារាំងទៅពន្ធនាគារព្រៃស។ ចំណែកស្រ្តីម្នាក់ទៀតដែលត្រូវគេអះអាងថាជាសកម្មជនដីធ្លីតំបន់បុរីកីឡា ឈ្មោះ ស ស៊ន ត្រូវបានចាប់ខ្លួននៅពេលបន្ទាប់។ ពួកគេត្រូវបានដឹកតាមរថយន្តចេញភ្លាមៗ នៅពេលចាប់ខ្លួន។

ប្រធានរដ្ឋបាលនៃសាលារាជធានីភ្នំពេញលោក មាន ចាន់យ៉ាដា មានប្រសាសន៍ថាការឃាត់ខ្លួនអ្នកទាំងនោះ ដោយសារពួកគេធ្វើយុទ្ធនាការដោយគ្មានការអនុញ្ញាតនិងពួកគេបានសរសេរសារលើហ្វេសប៊ុកដែលលោកថាជាចលនាមួយទាមទារឲ្យមានការដោះលែងមន្រ្តីសិទ្ធិមនុស្ស។ លោកបន្តថាសមត្ថកិច្ចកំពុងតែសាកសួរអ្នកដែលត្រូវចាប់ខ្លួនទាំងនោះ។ លោកមានប្រសាសន៍ថា៖ “ទីមួយគឺគាត់ចេញយុទ្ធនាការហ្នឹងដោយគ្នានការសុំច្បាប់អនុញ្ញាត គឺគាត់ធ្វើតាមទំនើងចិត្តរបស់គាត់ ទីពីរ គឺគាត់បានចេញសារតាមហ្វេសប៊ុកឬក៏តាមសារព័ត៌មានបណ្តាញសង្គមផ្សេងៗហ្នឹងដើម្បីធ្វើជាចលនាមួយទាមទារឲ្យមានការដោះលែង សកម្មជនអង្គការសង្គមស៊ីវិលមួយចំនួន”។

តាមគម្រោង អង្គការសង្គមស៊ីវិលមួយចំនួនបើកយុទ្ធនាការពាក់អាវពណ៌ខ្មៅ ជារៀងរាល់ថ្ងៃចន្ទ ក្នុងគោលបំណងបង្ហាញពីការរឹតត្បិតសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិនិងដើម្បីទាមទារឲ្យមានការដោះលែងសកម្មជនការពារសិទ្ធិមនុស្សនិងអគ្គលេខាធិការរងរបស់គ.ជ.ប ដែលកំពុងជាប់ពន្ធនាគារ។ សង្គមស៊ីវិលនិងក្រុមគ្រួសាររបស់មន្រ្តីសង្គមស៊ីវិលដែលត្រូវបានចាប់ខ្លួន គ្រោងតវ៉ានៅខាងមុខពន្ធនាគារដោយពាក់អាវខ្មៅ។

សមត្ថកិច្ចយាមកាមនៅតាមផ្លូវទៅពន្ធនាគារព្រៃស
សមត្ថកិច្ចយាមកាមនៅតាមផ្លូវទៅពន្ធនាគារព្រៃស

កាលពីថ្ងៃអាទិត្យ រដ្ឋមន្រ្តីក្រសួងមហាផ្ទៃបានបញ្ជាឲ្យស្ថាប័នក្រោមឱវាទនៅទូទាំងប្រទេសប្រជុំជាបន្ទាន់និងគ្រប់គ្រងផ្ទៃក្នុងមន្រ្តីរាជការនៅតាមស្ថាប័ននិងកងកម្លាំងប្រដាប់អាវុធ ដោយរដ្ឋមន្រ្តីថាដើម្បីទប់ស្កាត់ការប៉ុនប៉ងចលនាអូសទាញ កៀរគរមន្រ្តីនិងកងកម្លាំងប្រដាប់អាវុធឲ្យចូលយុទ្ធនាការស្លៀកពាក់ខ្មៅទាមទារឲ្យដោះលែងមន្រ្តីសង្គមស៊ីវិល។ ក្នុងសេចក្តីណែនាំមួយចុះថ្ងៃទី៨ ខែឧសភា លោក ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានលើកឡើងថានាពេលថ្មីៗនេះ សមាគម អង្គការមិនមែនរដ្ឋាភិបាល”មួយចំនួនតូច”បានជួបប្រជុំគ្នានិងបានផ្សព្វផ្សាយ”បំផុសញុះញង់”ឲ្យមានយុទ្ធនាការស្លៀកពាក់ខ្មៅនិងកៀរគរប្រមូលកម្លាំងដើម្បីទាមទារឲ្យមានការដោះលែងមន្រ្តីសង្គមស៊ីវិល។ លោក ស ខេង បានណែនាំឲ្យកោះប្រជុំគណៈបញ្ជាការឯករាជ្យរាជធានី ខេត្តជាបន្ទាន់ដើម្បីវាយតម្លៃសភាពការណ៍និងតាមដានការប្រមូលកម្លាំងទាមទារតវ៉ានានា ក្នុងនោះមានគណបក្សនយោបាយ សមាគម អង្គការមិនមែនរដ្ឋាភិបាល ព្រះសង្ឃនិងកម្មករជាដើម។

រដ្ឋមន្រ្តីបានបញ្ជាក់ថាក្នុងការដោះស្រាយសភាពការណ៍នានាត្រូវផ្អែកលតាមគោលការណ៍ច្បាប់និងត្រូវចៀសវាងឲ្យបាននូវអហិង្សា។ លោក ស ខេង បានបញ្ជាក់ថា៖ “ត្រូវធ្វើការគ្រប់គ្រងផ្ទៃក្នុងមន្រ្តីរាជការតាមមន្ទីរ អង្គភាពនិងកងកម្លាំងប្រដាប់អាវុធឲ្យបានហ្មត់ចត់ដើម្បីបង្ការ ទប់ស្កាត់ការប៉ុនប៉ងចលនា អូសទាញ កៀរគរមន្រ្តីរាជការ និងកងកម្លាំងប្រដាប់អាវុធឲ្យចូលរួមក្នុងចលនាខាងលើនិងការទាមទារតវ៉ានានា”។

ចំណែកក្នុងសេចក្តីប្រកាសព័ត៌មានមួយចេញផ្សាយនៅថ្ងៃទី៨ ខែឧសភា ក្រសួងមហាផ្ទៃបានបញ្ជាក់ថារាល់ការប្រមូលផ្តុំនិងការដង្ហែក្បួននានាដើម្បីសម្តែងមតិត្រូវអនុវត្តក្នុងក្របខណ្ឌរដ្ឋធម្មនុញ្ញនិងច្បាប់កម្ពុជា។ ក្រសួងបន្តថារដ្ឋាភិបាលតែងចាត់ទុកសមាគមនិងអង្គការមិនមែនរដ្ឋាភិបាលគឺជា”ដៃគូមិនអាចខ្វះបាន”ក្នុងការអភិវឌ្ឍប្រទេសជាតិទាំងបច្ចុប្បន្ននិងទៅអនាគត។ ក្រសួងបញ្ជាក់ថា៖ “ប៉ុន្តែរាល់សកម្មភាពរបស់អង្គការមិនមែនរដ្ឋាភិបាលនិងសមាគមត្រូវស្ថិតនៅក្រោមក្របខណ្ឌច្បាប់និងដាច់ខាតមិនត្រូវធ្វើសកម្មភាពណាមួយប៉ះពាល់ដល់សន្តិភាព ស្ថិរភាពនិងសេចក្តីសុខសាន្តរបស់ប្រជាពលរដ្ឋទូទៅឡើយ”។

ក្រសួងបន្ថែមថា៖ “អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់នឹងអនុវត្តតួនាទី ភារកិច្ចរបស់ខ្លួន ដើម្បីអនុវត្តច្បាប់ដោយម៉ឹងម៉ាត់ ក្នុងគោលដៅរក្សាសន្តិភាព ស្ថិរភាពនយោបាយ សណ្តាប់ធ្នាប់សាធារណៈនិងការពង្រឹងនីតិរដ្ឋ ក្នុងក្របខណ្ឌនៃលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស”។

គួរបញ្ជាក់ថាកាលពីថ្ងៃទី២ ខែឧសភា តុលាការបានសម្រេចចោទប្រកាន់មន្រ្តីការពារសិទ្ធិមនុស្សអាដហុក៤រូប មន្រ្តីគ.ជ.បនិងមន្រ្តីអង្គការសហប្រជាជាតិពីបទសូកប៉ាន់សាក្សីនិងសមគំនិតសូកប៉ាន់។ មន្រ្តីអាដហុក៤ទាំងរូប រួមមានលោក នី សុខា លោក យី សុខសាន្ត លោក ណៃ វ៉ងដា និង លោកស្រី លឹម មុនី។ ចំណែកអតីតបុគ្គលិករបស់អាដហុក លោក នី ចរិយា ដែលទើបតែទទួលបានតំណែងជាអគ្គលេខាធិការរងគ.ជ.ប ត្រូវបានតុលាការចោទប្រកាន់ពីបទសមគំនិតសូកប៉ាន់សាក្សី(មាត្រា២៩និង៥៤៨នៃក្រមព្រហ្មទណ្ឌ) ដោយសារអង្គភាពប្រឆាំងអំពើពុករលួយបានដឹងពីការពិភាក្សាតាមខ្សែអាត់សំឡេង។

តុលាការក៏បានចោទប្រកាន់មន្ត្រីមួយរូបរបស់អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជាគឺលោក សឺន សាលី ពីបទសមគំនិតក្នុងអំពើសូកប៉ាន់សាក្សីផងដែរ។ ប្រសិនបើតុលាការផ្តន្ទាទោស អ្នកទាំងអស់នោះអាចប្រឈមមុខនឹងការជាប់ពន្ធនាគារពី៥ឆ្នាំដល់១០ឆ្នាំ។ សង្គមស៊ីវិលជាតិនិងអន្តរជាតិបានថ្កោលទោសការចោទប្រកាន់នេះនិងអំពាវនាវឲ្យមានការដោះលែងមន្រ្តីទាំងនោះ៕ រាយការណ៍បន្ថែមដោយ ស៊ុន ណារិន

ចែករំលែកព័ត៌មាន
រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ

ចុះឈ្មោះទទួលព្រឹត្តិបត្រព័ត៌មានវីអូឌី
តាមដានព័ត៌មាន វីអូឌី

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered