ប្រមុខរដ្ឋាភិបាលនៅថ្ងៃអង្គារនេះបានប្រកាសថាឈើដែលសមត្ថកិច្ចរឹបអូសបានក្នុងពេលប្រតិបត្តិការទ្រង់ទ្រាយធំកន្លងមកនេះ នឹងត្រូវដាក់ឲ្យដេញថ្លៃក្នុងស្រុក បើទោះជាពីមុនមកលោកបានអះអាងថាឈើដែលចាប់បានពីបទល្មើសត្រូវបញ្ឈប់ការដាក់ឲ្យដេញថ្លៃនាំចេញក៏ដោយ។
ក្នុងពីធីចែកសញ្ញាបត្រដល់និស្សិតដែលធ្វើឡើងនៅថ្ងៃនេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថ្លែងថាឈើដែលរឹបអូសបានប្រមាណ៧ម៉ឺនម៉ែត្រគូបដែលផ្ដល់ឲ្យក្រសួងអប់រំសម្រាប់ធ្វើសាលារៀននិងផ្ទះគ្រូបង្រៀននោះ គឺក្រសួងមិនមានលទ្ធភាពយកឈើនោះទៅប្រើប្រាស់ដោយខ្លួនឯងទេ ទើបរដ្ឋាភិបាលដាក់ឲ្យដេញថ្លៃក្នុងស្រុក តាមសំណើរបស់ក្រសួងអប់រំវិញ។
លោកមានប្រសាសន៍ថា “ក្នុងឋានៈជានាយករដ្ឋមន្រ្តីក៏បានពិនិត្យឃើញថាវាលំបាកណាស់ឈើខ្លះមិនទាន់យកចេញពីព្រៃផង…ហើយឲ្យលោកគ្រូ អ្នកគ្រូទៅដឹកឈើហ្នឹងងាប់។ អីចឹងទេ ខ្ញុំក៏យល់ព្រមជាមួយ ព្រោះតម្រូវការប្រើប្រាស់ក្នុងស្រុកក៏ច្រើនដែរ។ អីចឹងទេបានជាបង្កើតគណៈកម្មការមួយឲ្យដាក់ដេញថ្លៃសម្រាប់ប្រើប្រាស់ក្នុងស្រុក មិនសម្រាប់នាំចេញទេ។ ប៉ុន្តែថវិកាដែលបានមកពីការដាក់ដេញថ្លៃឈើដែលរឹបអូសពីកាប់ខុសច្បាប់នេះ ត្រូវប្រើថវិកានោះបន្ថែមពីលើវិស័យអប់រំ”។
កាលពីខែមករា ឆ្នាំ២០១៥ លោក ហ៊ុន សែន បានសម្រេចបង្កើតគណៈកម្មការមួយដោយថាដើម្បីទប់ស្កាត់និងបង្ក្រាបសកម្មភាពអនាធិបតេយ្យកាប់ព្រៃឈើ ការនាំចេញឈើខុសច្បាប់ និងបទល្មើសព្រៃឈើនានា ស្រាវជ្រាវរកអ្នកដែលពាក់ព័ន្ធ ចាប់ជនល្មើស និងវត្ថុតាងនៃបទល្មើស សហការជាមួយភាគីវៀតណាមនិងឡាវ។ តាមរយៈសេចក្តីសម្រេចនោះរដ្ឋាភិបាលក៏បានអនុញ្ញាតឲ្យគណៈកម្មការមួយនេះប្រើឧទ្ធម្ភាគចក្រយោធាពីរគ្រឿងសម្រាប់ប្រតិបត្តិការរបស់ខ្លួនផងដែរ។
យ៉ាងណាក៏ដោយរហូតមកដល់ពេលនេះ គណៈកម្មការនេះមិនទាន់បង្ហាញរបាយការណ៍ពីឈ្មោះជនល្មើស កាប់ឈើខុសច្បាប់នោះជូនសាធារណៈជនបានដឹងនៅឡើយ៕