មេដឹកនាំអ៊ីស្លាមនិយមមួយរូបរបស់ប្រទេសបង់ក្លាដែស ត្រូវបានអាជ្ញាធរប្រហារជីវិតដោយព្យួរក នៅថ្ងៃពុធនេះ ក្រោមការចោទប្រកាន់ពីបទឧក្រិដ្ឋកម្មសង្គ្រាមនៅអំឡុងសង្គ្រាមបំបែកខ្លួនពីប៉ាគីស្ថាននៅឆ្នាំ១៩៧១។
សារព័ត៌មាន BBC បានរាយការណ៍ថា រដ្ឋមន្ត្រីច្បាប់ប្រទេសបង់ក្លាដែស លោក Anisul Hag បានបញ្ជាក់ថា លោក Motiur Rahman Nizami អាយុ ៧៣ឆ្នាំ ត្រូវបានគេព្យួរកនៅព្រឹកថ្ងៃពុធនេះ។
មេដឹកនាំអ៊ីស្លាមនិយមរូបនេះ ត្រូវបានតុលាការបង់ក្លាដែសកាត់ទោសពីបទប្រល័យពូជសាសន៍ រំលោភផ្លូវភេទ និងការធ្វើទារុណកម្ម។
លោក Nizami បានដឹកនាំគណបក្ស Jamaat-e-Islami ដែលជាក្រុមអ៊ីស្លាមនិយមដ៏ធំបំផុតនៅបង់ក្លាដែស។ មនុស្សរាប់រយនាក់ បានប្រមូលផ្ដុំគ្នានៅជិតពន្ធគារក្នុងទីក្រុងដាកា ដើម្បីអបអរការប្រហារជីវិតមេដឹកនាំអ៊ីស្លាមនិយមរូបនេះ។
លោក Nizami គឺជាមេដឹកនាំគណបក្សប្រឆាំងជាន់ខ្ពស់ទីប្រាំង ដែលត្រូវបានអាជ្ញាធរបង់ក្លាដែសប្រហារជីវិតចាប់តាំងពីខែធ្នូឆ្នាំ២០១៣មក ក្រោមការប្រកាន់ពីបទឧក្រិដ្ឋកម្មសង្គ្រាម។
រដ្ឋាភិបាលបង់ក្លាដែសនិយាយថា ការប្រហារជីវិតមេដឹកនាំរូបនេះ គឺដើម្បីព្យាបាលស្នាមរបួសផ្លូវចិត្ត ប៉ុន្តែ ក្រុមសិទ្ធិមនុស្សនិយាយថា ការកាត់ទោសមេដឹកនាំរូបនេះ មិនត្រូវបានតាមស្តង់ដារអន្តរជាតិ និងពុំមានការត្រួតពិនិត្យពីភាគីអន្តរជាតិ៕ ប្រភព៖ BBC