ប្រទេសអូស្ត្រាលី នៅថ្ងៃព្រហស្បតិ៍នេះ បានគាំទ្រសហរដ្ឋអាមេរិក ដែលបានធ្វើប្រតិបត្តិការនាវាចរណ៍ទៅជិតដែនកោះប៉ប្រះទឹកកំពុងមានជម្លោះនៅសមុទ្រចិនខាងត្បូង ខណៈប្រទេសចិនចាត់ទុកទង្វើអាមេរិកជាការប្រព្រឹត្តខុសច្បាប់។
ទីភ្នាក់ងារព័ត៌មាន Reuters បានរាយការណ៍ថា នាវាបំពាក់ដោយគ្រាប់មីស៊ីលរបស់អាមេរិកឈ្មោះ USS William P. Lawrence កាលពីថ្ងៃអង្គារម្សិលមិញ បានធ្វើដំណើរលើដែនទឹកស្ថិតនៅចម្ងាយ ១២គីឡូម៉ែត្រពីដែនដីកោះប៉ប្រះទឹកកាន់កាប់ដោយប្រទេសចិន។ ប្រតិបត្តិការរបស់នាវាអាមេរិកមួយគ្រឿងនោះ គឺជាផ្នែកមួយនៃសមយុទ្ធយោធានៅតំបន់ដែនដីកោះប៉ប្រះទឹក Fiery Cross ដែលប្រទេសចិន កោះតៃវ៉ាន់ និងប្រទេសវៀតណាម កំពុងប្រទាញប្រទង់គ្នា។
អូស្ត្រាលី បានគាំទ្រសេរីភាពនាវាចរណ៍ដែលដឹកនាំដោយអាមេរិក នៅសមុទ្រចិនខាងត្បូង ជាទីដែលក្រុងប៉េកាំង និងបណ្ដាប្រទេសដទៃទៀតក្នុងតំបន់ អះអាងជាម្ចាស់កម្មសិទ្ធិ។
រដ្ឋមន្ត្រីការបរទេសអូស្ត្រាលី លោកស្រី Julie Bishop បានប្រាប់វិទ្យុអូស្ត្រាលី ABC នៅថ្ងៃព្រហស្បតិ៍នេះថា រដ្ឋទាំងអស់មានសិទ្ធិសេរីភាពក្នុងការធ្វើនាវាចរណ៍ និងហោះហើរ នៅសមុទ្រចិនខាងត្បូង ដោយយោងទៅតាមច្បាប់អន្តរជាតិ។
លោកស្រីបន្ថែមថា សហរដ្ឋអាមេរិកកំពុងអនុវត្តសិទ្ធិរបស់គេដូចទៅនឹងអ្វីដែលអាមេរិកធ្លាប់បានធ្វើកន្លងមក។
ចិន និងសហរដ្ឋអាមេរិក បានចោទប្រកាន់គ្នាទៅវិញទៅមកចំពោះការបង្កើនវត្តមានយោធានៅសមុទ្រចិនខាងត្បូង ខណៈប្រទេសចិនកំពុងអះអាងជាម្ចាស់ទៅលើដែនទឹកដ៏ធំល្វឹងល្វើយ ហើយបានបង្កើតមូលដ្ឋានយោធានៅលើដែនកោះទាំងនោះ។ ចំណែកឯសហរដ្ឋអាមេរិក បានបង្កើនប្រតិបត្តិការល្បាត និងសមយុទ្ធរបស់ខ្លួននៅសមុទ្រចិនខាងត្បូងផងដែរ។
ចិនបានសាងសង់ព្រលានយន្តហោះមួយប្រវែង ៣គីឡូម៉ែត្រនៅលើកោះ Fiery Cross ដែលធ្វើឲ្យអាមេរិកព្រួយបារម្ភថា ចិននឹងប្រើប្រាស់ដែនកោះមួយនេះ ដើម្បីពង្រីកដែនទឹករបស់ខ្លួននៅក្នុងសមុទ្រចិនខាងត្បូង៕ ប្រភព៖ Channel News Asia