អង្គការមួយចំនួនថាស្ថានការណ៍សិទ្ធិមនុស្សពេលនេះឈានទៅរកគ្រោះថ្នាក់

មន្រ្តីសង្គមស៊ីវិល និងអ្នកវិភាគមួយចំនួន បង្ហាញកាយល់ឃើញថា អ្នកធ្វើការផ្នែកសិទ្ធិមនុស្ស ពេលនេះ កំពុងប្រឈមនឹងគ្រោះថ្នាក់ ខណៈរដ្ឋាភិបាលគំរាមឲ្យចាត់វិធាការ អ្នកធ្វើយុទ្ធនាការពាក់អាវពណ៌ខ្មៅ ទាមទារឲ្យដោះលែងមន្ត្រីសិទ្ធិមនុស្ស ដែលកំពុងជាប់ឃុំ។

នៅថ្ងៃទី៩ខែឧសភានេះ អាជ្ញាធរមានសមត្ថកិច្ច របស់រដ្ឋាភិបាលបានឃាត់ខ្លួនអ្នកធ្វើយុទ្ធនាការ៨នាក់ ដោយរដ្ឋាភិបាលថាខ្លួនព្រួយបារម្ភអ្នកទាំងនោះ អាចបង្កឲ្យមាន ចលនាបដិវត្តន៍ពណ៌ ផ្តួលរលំរដ្ឋាភិបាល ដូចប្រទេសមួយចំនួន នៅលើពិភពលោក ។

ពីរថ្ងៃក្រោយមក ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ លោក វន់ ពៅ ត្រូវបាន នគរបាលប៉ុស្តិ៍សង្គាត់ទឹកថ្លា ហៅទៅសាកសួរ រកមុខអ្នកបោះពុម្ភអាវពណ៌ខ្មៅ តាមការគំរាម របស់លោក នាយករដ្ឋមន្តី្រ ហ៊ុន សែន ។

អ្នកឃ្លាំមើលការរំលោភសិទ្ធិមនុស្សមួយចំនួន បានចាត់ទុកវិធានការ របស់រដ្ឋាភិបាលនេះថា ជាការគំរាមកំហែងធ្ងន់ធ្ង ដល់អ្នកការពារសិទ្ធិមនុស្ស ហើយជំរុញឲ្យរដ្ឋាភិបាលពិនិត្យមើលឡើងវិញ ពីសេរីភាពបញ្ចេញមតិ ដែលមានធានាដោយរដ្ឋធម្មនុញ្ញ។

អ្នកគ្រប់គ្រងបច្ចេកទេសស៊ើបអង្កេតនៅអង្គការលីកាដូ លោក អំ សំអាត ដែលឃ្លាំងមើលករណីនេះ បានលើកឡើងថា កន្លងទៅអ្នកតវ៉ាមួយក្រុម ដែលទាមទារឲ្យមេដឹកនាំបក្សប្រឆាំងលោក កឹម សុខា ចុះចេញពីតំណែង និងករណីផ្សេងទៀត លោកថាក្រុមអ្នកតវ៉ាទាំងនោះ ត្រូវបានធានាសិទ្ធិពេលលេញក្នុងការសម្តែងមតិ។

ប៉ុន្តែមន្ត្រីសង្គមស៊ីវិលរូបនោះថា ចំណែកអ្នកតវ៉ាមួយក្រុមទៀត ដែលជំរុញឲ្យមាន យុត្តិធម៌សង្គម និងជំរុញឲ្យមានការគោរពសិទ្ធិមនុស្ស ដូចជាករណីទាមទារឲ្យដោះលែងមន្ត្រីអាដហុក៤រូប និងអគ្គលេខាធិការរង គជប មួយនោះជាដើម លោកថា ពួកគេត្រូវបាន អាជ្ញាធររារាំង និងខ្លះទៀតត្រូវបានចាប់ឃាត់ខ្លួន ។

លោក អំ សំអាត យល់ថា ករណីនេះបង្ហាញថា អ្នកការពារសិទ្ធិមនុស្សកំពុងធ្វើសកម្មភាព ដោយគ្មានសុវត្ថិភាព ប្រឈមនឹងការបង្ក្រាបពីអាជ្ញាធរដ្ឋ។

លោកថា៖កន្លងមកយើងឃើញក្រុមខ្លះគាត់អាចបញ្ចេញសេរិភាព និងការប្រមូលផ្តុំរបស់គាត់ បានតាមសេរីគ្មាននរណាធ្វើអីទេ ដូចជាការជួបជុំការបញ្ចេញមតិទាមទារ ឲ្យឯក ឧត្តម កឹម សុខា បំភ្លឺអីហ្នឹង  យើងឃើញថា អាហ្នឹងជាសេរីភាពមួយពេញលេញ ដែលខុសពីក្រុមផ្សេង ។ខ្ញុំជឿថាបើខុសពីគណបក្សមួយផ្សេង បើបញ្ចេញមតិបែបនេះ ប្រហែលជាពួកគាត់ជួបបញ្ហាបាត់ទៅហើយបាទ។

កាលពីថ្ងៃទី២ខែឧសា តុលាការ បានសម្រេចឲ្យឃុំខ្លួន មន្ត្រីសិទ្ធិមនុស្សអាដហុក៤រូបមាន លោក នី សុខា លោក យី សុខសាន លោក ណៃ វ៉ង់ដា លោក ស្រីលឹម មុនី និងអគ្គលេខាធិការរង គជប លោក នី ចរិយា ចោទថា ជនត្រូវចោទទាំងនោះ សមគំនិត និងសូកប៉ាន់សាក្សី ខុម ចាន់តារ៉ាទី ហៅស្រី មុំ ឲ្យប្តល់ចម្លើយភូតកុហក តុលាការ ពីទំនាក់ទំងស្នេហាជាលក្ខខណ្ឌឯកជន រវាងនា និងមេដឹកនាំបក្សប្រឆាំងមួយរូប។

ប៉ុន្តែអ្នកវិភាគព្រឹត្តិការណ៍សង្គម ហៅចំណាត់នោះថា ជាឈុតឆាកមួយ ដែលរៀបចំឡើងដោយគណបក្សកំពុងគ្រប់គ្រង់អំណាច ដើម្បីទាញទម្លាក់ប្រជាប្រិយភាពបក្សមេដឹកនាំបក្សប្រឆាំង។តែអ្នកវិភាគខ្លះ ត្រូវគណបក្សប្រជាជនកម្ពុជាប្តឹង ចោទថាបរិហាកេរ្តិ៍ ទារសំណង១០ម៉ឺនដុល្លារ។

នាយកប្រតិបត្តិមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស លោក មឿន តុលា លើកឡើងដែថា ការប្តឹងអ្នកវិភាគ និងវិធានការបង្ក្រាប ទៅលើក្រុមអ្នកធ្វើយុទ្ធនាការពាក់អាវពណ៌ខ្មៅ ដោយសន្តិវិធី ដែលទាមទារឲ្យដោះលែងមន្ត្រីសិទ្ធិមនុស្ស កំពុងជាប់ឃុំនោះ លោកថា ជាសញ្ញាមួយថ្មីទៀត បញ្ជាក់ថា ស្ថានការណ៍សិទ្ធិមនុស្សនៅកម្ពុជា ស្ថិតក្នុងចំណុចគ្រោះថ្នាក់។

លោកថា៖សេរីភាពបញ្ចេញមតិបច្ចុប្បន្ននេះ កំពុងទទួលរងនូវការគំរាមកំហែងធ្ងន់ធ្ង ជាក់ស្តែងខ្ញុំមិនបាច់និយាយអីទេ គ្រាន់តែករណីលោក អ៊ូ វីរៈ ថ្ងៃនេះ ការវិភាគ របស់លោក អ៊ូ វីរៈ វាជាការយល់ឃើញរបស់គាត់ និយាយចេញហ្អាស អញ្ចឹងរដ្ឋធម្មនុញ្ញធានានូវសិទ្ធិបញ្ចេញមតិហ្នឹង  ហើយប្រសិនបើគេយល់ឃើញ ហើយយើងទៅឃាត់គេមិនឲ្យយល់ដែរ អាហ្នឹងវាអាក្រក់ពេកហើយ។

ប៉ុន្តែសម្រាប់លោក ហ៊ុន សែន វិញ បានការពារវិធានការរបស់រដ្ឋាភិបាលថា ជាការអនុវត្តច្បាប់  ដើម្បីធានាសណ្តាប់ធ្នាប់សង្គម។

លោកថា៖ខ្ញុំបានប្រាប់ទៅសម្តេច ស ខេង ប្រាប់ទៅថ្នាក់ដឹកនាំដទៃទៀត កុំខ្វល់ពីរឿងពណ៌ អ្ហែងចង់ធ្វើអីក៏ដោយឲ្យតែធ្វើខុសច្បាប់ដាក់ទាំងអស់ហ្នឹង(ដាក់គុក)អត់មានរញេរញៃទេ កុំអីអាឡូវហ្នឹង ហើយអ្នកបំផុសហ្នក ប្រយ័ត្នវានាំទៅដល់នីតិបុគ្គល។

ប៉ុន្តែសម្រាប់សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយមួយរូប លោក សូ ចន្ថា វិភាគថា វិធានការ របស់រដ្ឋាភិបាលពេលនេះ លោកថា ជាការប្រើអំណាច បំបិទមាត់សង្គមស៊ីវិលច្រើនជាង ការអនុវត្តច្បាប់។

លោកថា៖មកដល់ពេលនេះយើងឃើញថាគោលដៅ ដែលរដ្ឋាភិបាលធ្វើគឺដើម្បីរក្សានូវអំណាចរបស់ខ្លួន សម្រាប់ការបោះឆ្នោតនៅពេលខាងមុខតែប៉ុណ្ណោះ ដូច្នេះចង់មិនចង់ រដ្ឋាភិបាលបានប្រើរួចទៅហើយ  ដោយគ្មានជម្រើសអ្វីក្រៅពីចាប់អ្នកទាំងអស់នោះ ដើម្បីរក្សាសន្តិសុខ និងសន្តិភាពជាដើមនោះ ។អញ្ចឹងគោលដៅតែមួយគត់ គឺចង់រក្សាអំណាច ប៉ុន្តែវាផ្ទុយពីតំណើការប្រជាធិបតេយ្យ។

ទាំងសង្គមស៊ីវិល ទាំងអ្នកវិភាគលើកឡើងប្រហាក់ប្រហែលគ្នាថា ប្រទេសដែលប្រកាន់លទ្ធិប្រជាធិបតេយ្យ មេដឹកនាំ ត្រូវប្រមូលគ្រប់បញ្ហា របស់អ្នកតវ៉ាមកដោះស្រាយ ដោយត្លាភាព ជាជាងប្រើវិធានការបង្ក្រាប។

បើពុំនោះទេពួកគេគិតថា ក្បាលម៉ាស៊ីនដឹកនាំដែលប្រើឥទ្ធិពលគំរាម និងបង្ក្រាបនេះ និង បន្តធ្លាក់ចុះប្រជាប្រិយភាព បន្ថែមទៀត នៅពេលបោះឆ្នោតឆ្នាំ២០១៧ និង២០១៨ខាងមុខ។ ដោយ ញឹម សុខន

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ