សកម្មជនដីធ្លី៥នាក់ដែលពាក់អាវខ្មៅត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ខណៈពួកគេជួបជុំគ្នានៅនៅម្តុំស្តុបចេនឡាជិតផ្សារដើមគរដែលជាយុទ្ធនាការទាមទារឲ្យដោះលែងមន្រ្តីសិទ្ធិមនុស្ស៤រូបនិងមន្រ្តី គ.ជ.ប ម្នាក់។
អ្នកស្រី ច្រាយ នីម តំណាងសហគមន៍ដីធ្លីថ្មគោលបានឲ្យដឹងតាមទូរសព្ទថា សកម្មជនដីធ្លីដែលត្រូវចាប់ខ្លួនមានរូបគាត់ អ្នកស្រី អឹម ស្រីទូច និងស្រ្តីសកម្មជនដីធ្លី៣នាក់ទៀតត្រូវបាននាំខ្លួនទៅកាន់អធិការដ្ឋានខណ្ឌទួលគោកនៅម៉ោងជាង៨ព្រឹកនេះ។
នៅម៉ោង៨ព្រឹកនេះ គេឃើញសមត្ថកិច្ចជាច្រើននាក់បានត្រៀមជាស្រេចនៅម្តុំស្តុបចេនឡាជិតផ្សារដើមគរ ជាកន្លែងដែលសកម្មជនកំណត់ជាចំណុចចាប់ផ្តើមនៃយុទ្ធនាការពាក់អាវខ្មៅទាមទារឲ្យដោះលែងមន្រ្តីសិទ្ធិមនុស្ស៤រូបនិងមន្រ្តី គ.ជ.ប ម្នាក់។ អ្នកទាំងនេះត្រូវបានរដ្ឋាភិបាលចាប់ខ្លួនដោយពាក់ព័ន្ធនឹងរឿងអាស្រូវស្នេហាដែលគេថាមានទំនាក់ទំនងជាមួយលោក កឹម សុខា។
កាលពីថ្ងៃទី១៥ខែឧសភាឆ្នាំ២០១៦នេះប្រជាពលរដ្ឋខ្មែរអាមេរិកកាំងរស់នៅទីក្រុងឡូវែល រដ្ឋ Massachusetts ក៏បានជួបជុំគ្នាតវ៉ាអោយរដ្ឋាភិបាលកម្ពុជាដោះលែងសកម្មជនសិទ្ធមនុស្សនិងមន្រ្តី គ.ជ.ប ផងដែរ។ អ្នកតវ៉ានៅក្រៅប្រទេសអះអាងថា សកម្មជនដែលត្រូវចាប់ឃុំខ្លួននោះគឺគ្មានកំហុសនោះទេ។ អ្នកតវ៉ាបញ្ជាក់ថាពួកគេនឹងធ្វើការតវ៉ាហូតដល់ត្រូវបានដោះលែងសកម្មជនទាំងអស់នោះ។
កាលពីថ្ងៃចន្ទសប្តាហ៍មុនមន្រ្តីអង្គការសង្គមស៊ីវិល សកម្មជនដីធ្លី និងជនបរទេស សរុប៨នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនពេញមួយថ្ងៃនៅពេលពួកគេ ពាក់អាវខ្មៅដើរទៅកាន់ពន្ធនាគារព្រៃសទាមទារឲ្យដោះលែងមន្រ្តីសិទ្ធិមនុស្សអាដហុកនិងមន្រ្តី គ.ជ.ប លោក នី ចរិយា៕