យុទ្ធនាការពាក់អាវពណ៌ខ្មៅត្រូវបានអង្គការសង្គមស៊ីវិលនិងសហគមន៍ដែលមានជម្លោះដីធ្លីមួយចំនួនប្រកាសធ្វើឡើងក្រោយពីតុលាការសម្រេចឲ្យឃុំខ្លួនមន្ត្រីការពារសិទ្ធិមនុស្ស៥រូបនៅសមាគមអាដហុក។
យុទ្ធនាការនោះ ពួកគេអះអាងថាធ្វើឡើងដោយសន្តិវិធីរៀងរាល់ថ្ងៃចន្ទទាមទារឲ្យរដ្ឋាភិបាលដោះលែងមន្ត្រីការពារសិទ្ធិមនុស្សទាំងនោះឲ្យមានសេរីភាពវិញ ដោយពួកគេចាត់ទុកថាការឃុំខ្លួននោះធ្វើឡើងទាំងអយុត្តិធម៌តាមការចោទប្រកាន់របស់អង្គភាពប្រឆាំងអំពើពុករលួយ។
អង្គភាពប្រឆាំងអំពើពុករលួយរបស់រដ្ឋាភិបាលធ្លាប់អះអាងថាខ្លួនបានរកឃើញភស្តុតាងថាមន្ត្រីសិទ្ធិមនុស្សដែលតុលាការសម្រេចឲ្យឃុំខ្លួនទាំងនោះបានសមគំនិតនិងសូកប៉ាន់ ខុម ចាន់តារ៉ាទី ឲ្យផ្តល់ចម្លើយមិនពិតប្រាប់តុលាការពីស្នេហាអាថ៌កំបាំងរបស់នាងជាមួយមេដឹកនាំបក្សប្រឆាំងមួយរូប។
ប៉ុន្តែវិធានការនោះត្រូវបានអង្គការសង្គមស៊ីវិលមួយក្រុមដែលធ្វើការលើកស្ទួយសិទ្ធិមនុស្សយល់ថាជារឿងអយុត្តិធម៌និងប្រកាសធ្វើយុទ្ធនាការទាមទារឲ្យដោះលែងអ្នកជាប់ឃុំដោយគ្មានលក្ខខណ្ឌ។
ប៉ុន្តែសម្រាប់មន្ត្រីរដ្ឋាភិបាលសំខាន់ៗខ្លះបានចោទប្រកាន់ថាយុទ្ធនាការពាក់អាវពណ៌ខ្មៅនោះថាជាយុទ្ធនាការបង្កឲ្យមានចលនាបដិវត្តពណ៌ចង់ផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់ទៅវិញ។
ជាងនេះទៅទៀតលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានព្រមានចាត់វិធានការអ្នកដែលបំផុសឲ្យមានយុទ្ធនាការនេះ។
ប៉ុន្តែលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មិនបានបញ្ជាក់ថា តើច្បាប់មួយណារបស់កម្ពុជាដែលចែងមិនអនុញ្ញាតិឲ្យពាក់អាវខ្មៅ តវ៉ាដោយសន្តិវិធីនៅទីសាធារណនោះទេ។
លោកថា៖ ខ្ញុំបានប្រាប់ទៅសម្តេច ស ខេង ប្រាប់ទៅថ្នាក់ដឹកនាំដទៃទៀត កុំខ្វល់ពីរឿងពណ៌ អ្ហែងចង់ពណ៌អីក៏ដោយ ឲ្យធ្វើខុសច្បាប់ដាក់ទាំងអស់ហ្នឹងអត់មានរញ៉េរញ៉ៃទេ កុំអីឥឡូវហ្នឹង ហើយអ្នកដែលបំផុសហ្នឹងស្អី អ្នកដែលបំផុសត្រូវប្រយ័ត្នក្រែងវានាំទៅដល់នីតិបុគ្គល។
ជាលទ្ធផលនៅថ្ងៃចន្ទទី៩ ខែឧសភា អ្នកធ្វើយុទ្ធនាការពាក់អាវខ្មៅ៨នាក់ក្នុងនោះមានទាំងនាយកប្រតិបត្តិសមាគមធាងត្នោត លោក អ៊ី សារ៉ុម មន្ត្រីឃ្លាំមើលការរំលោភសិទ្ធិមនុស្សនៅអង្គការលីកាដូ លោក ថាវ គីមសាន ផងត្រូវអាជ្ញាធរចាប់ខ្លួន មួយរយៈ។
នៅថ្ងៃចន្ទមួយសប្តាហ៍បន្ទាប់គឺថ្ងៃទី១៦ខែឧសភា សកម្មជនដីធ្លីចំនួន៥នាក់ទៀតដែលពាក់អាវខ្មៅរៀបចំជួបជុំគ្នានៅរង្វង់មូលផ្សារដើមគរមុខចេនឡា ត្រូវអាជ្ញាធរចុះចាប់ឃាត់ខ្លួនភ្លាមៗបញ្ជូនពួកគេទៅអធិការខណ្ឌទួលគោកចោទថាតវ៉ាខុសច្បាប់។
តើនៅកម្ពុជាមានច្បាប់ណាហាមពាក់អាវពណ៌ខ្មៅធ្វើយុទ្ធនាការដោយសន្តិវិធីទេ? បានជារដ្ឋាភិបាលប្រកាសចាត់វិធានការ បែបនេះ?
លោកមេធាវី សុក សំអឿន ពន្យល់ថានៅក្នុងច្បាប់មិនបានចែងពីការដាក់ទោសទណ្ឌដល់ជនគ្រប់រូបពីការស្លៀកពាក់បែបណាទៅចូលរួមធ្វើបាតុកម្មឬកូដកម្មដោយសន្តិវិធីនោះទេ។ ប៉ុន្តែលោកថា អាជ្ញាធររដ្ឋអាចចាត់វិធានការលើអ្នកតវ៉ាបានលុះណាអ្នកទាំងនោះបំពានច្បាប់ស្តីពីសិទ្ធិធ្វើបាតុកម្ម។
លោកថា៖ “បើសម្តេចលោកមានប្រសាសន៍អញ្ចឹង មិនទាន់ថាខុសមិនទាន់ថាត្រូវអីទេ ព្រោះគ្រាន់តែចង់និយាយថា បើអាជ្ញាធរអនុវត្ត[ត្រូវ]មើលផងថាតើយុទ្ធនាការណាដែលខុសច្បាប់ ទាល់តែខុសច្បាប់បានបង្ក្រាប ខុសច្បាប់ដូចជាការចង់ឲ្យញុះញង់ហ្នឹងណា មិនមែនសកម្មភាពណាមួយទេណា យល់នៅ?”។
សង្គមស៊ីវិលធ្លាប់រិះគន់ថា ការអនុវត្តច្បាប់នៅកម្ពុជាមានស្តង់ដាពីរដោយពួកគេថាបើការតវ៉ាណាមួយរដ្ឋាភិបាលពេញចិត្ត ពួកគេទទួលបានាការពារនិងសម្តែងមតិដោយពេញលេញដូចជា ករណីអ្នកគាំទ្របក្សប្រជាជនធ្វើបាតុកម្មទម្លាក់លោក កឹម សុខា ពីអនុប្រធានសភានិងករណីក្រុមយុវជនដឹកនាំដោយឈ្មោះ ស្រី ចំរើន តវ៉ានៅស្ទើរគ្រប់វេទិកាគណបក្សសង្រ្គោះជាតិជាដើម។ ប៉ុន្តែបើអ្នកតវ៉ានោះលើកយកបញ្ហាអំពើពុករលួយ ការរំលោភដីធ្លី ឬទាមទារឲ្យមានយុត្តិធម៌សង្គម សង្គមស៊ីវិលថា ក្រុមអ្នកតវ៉ាប្រភេទនោះច្រើនរងការរារាំង រងការបង្ក្រាប ឬចាប់ឃុំខ្លួន។
អ្នកគ្រប់គ្រងបច្ចេកទេសស៊ើបអង្កេតនៅអង្គការលីកាដូលោក អំ សំអាត លើកឡើងថាទាំងរដ្ឋធម្មនុញ្ញទាំងកតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិពលរដ្ឋនិងសិទ្ធិនយោបាយបានផ្តល់សិទ្ធិពេលលេញដល់អ្នកតស៊ូមតិដោយសន្តិវិធី។ លោកថាច្បាប់មិនបានបែងចែកពីការស្លៀកពាក់នៅពេលធ្វើបាតុកម្មនោះទេ។
លោក អំ សំអាត យល់ថាអ្វីដែលរដ្ឋាភិបាលព្យាយាមរារាំងឬឃាត់ខ្លួនអ្នកធ្វើយុទ្ធនាការដោយសន្តិវិធីពាក់អាវពណ៌ខ្មៅនេះ លោកថាទំនងជារដ្ឋាភិបាលបារម្ភពីស្រមោលនៃការធ្លាក់ចុះប្រជាប្រិយភាពជាងការជំរុញឲ្យពង្រឹងយន្តការច្បាប់។
លោកថា៖ “អាជ្ញាធរនិងរដ្ឋាភិបាល គាត់បារម្ភហួស ព្រោះចេះតែគិតទៅបច្ចឹមប្រទេសដែលគេធ្លាប់មានបដិវត្តពណ៌មានអី។ តាមពិតកម្ពុជាគ្មាននរណាគេទៅធ្វើអញ្ចឹងទេ ពីព្រោះកម្ពុជាយើង៥ឆ្នាំបោះឆ្នោតម្តង ហើយដើម្បីផ្លាស់ប្តូរមេដឹកនាំប្រទេសជាតិ ប្រជាពលរដ្ឋគេមានសិទ្ធិផ្លាស់ប្តូរតាមរយៈ៥ឆ្នាំម្តងតើ(បោះឆ្នោត)”។
មាត្រា៣៥នៃរដ្ឋធម្មនុញ្ញចែងថា ពលរដ្ឋខ្មែរទាំងពីរភេទមានសិទ្ធិចូលរួមយ៉ាងសកម្មក្នុងជីវភាពនយោបាយ សេដ្ឋកិច្ច និងវប្បធម៌របស់ប្រទេសជាតិ។ សេចក្តីស្នើទាំងឡាយណារបស់ពលរដ្ឋត្រូវបានទទួលពិនិត្យនិងដោះស្រាយយ៉ាងហ្មត់ចត់ពីអង្គការរដ្ឋ។
មាត្រា៣៧ចែងថា សិទ្ធិធ្វើកូដកម្មនិងធ្វើបាតុកម្មដោយសន្តិវិធីត្រូវយកមកអនុវត្តនៅក្នុងក្របខណ្ឌនៃច្បាប់។ ច្បាប់រ៉ាប់រងមិនឲ្យមានការរំលោភបំពានលើរូបរាងកាយបុគ្គលណាមួយឡើយ។ ច្បាប់ការពារជីវិត កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ប្រជាពលរដ្ឋ។
ការចោទប្រកាន់ ការចាប់ខ្លួន ការឃាត់ខ្លួន ឬការឃុំខ្លួនជនណាមួយនឹងអាចធ្វើទៅកើត លុះណាតែអនុវត្តត្រឹមត្រូវតាមបញ្ញត្តិច្បាប់។
អតីតសមាជិកក្រុមប្រឹក្សាធម្មនុញ្ញលោក ស៊ឺន ស៊ូប៊ែរ្តិ៍ ហៅការអនុវត្តច្បាប់បច្ចុប្បន្ននេះ លោកថាបានរំលោភរដ្ឋធម្មនុញ្ញធ្ងន់ធ្ងរ ត្រង់មាត្រាដែលចែងពីសេរីភាពបញ្ចចេញមតិដោយសន្តិវិធី។ លោកផ្តល់អានុសាសន៍ថាករណីនេះពលរដ្ឋអាចប្តឹងទៅព្រះមហាក្រត្រ ប្រធានរដ្ឋសភា ប្រធានព្រឹទ្ធសភា ជំរុញឲ្យក្រុមប្រឹក្សាធម្មនុញ្ញពិនិត្យមើលពីការអនុវត្តច្បាប់នេះឡើងវិញបាន។
លោកថា៖ “បច្ចុប្បន្នកាលនេះគេរំលោភលើមាត្រានៃរដ្ឋធម្មនុញ្ញជាច្រើនហើយជាពិសេសទាក់ទិននឹងសិទ្ធិសេរីភាពបញ្ចេញមតិរបស់ប្រជាពលរដ្ឋ ម្យ៉ាងទៀតខ្ញុំមានការព្រួយបារម្ភយកលេសដោយគ្រាន់តែធ្វើអីដោយសន្តិវិធី គ្រាន់សម្តែងដោយសន្តិវិធី កម្ចាត់គេចាប់ឯងគំរាមកំហែងដូចយើងធ្វើខុសច្បាប់ មែនទែនអត់មានអីខុសច្បាប់ម្លោះហើយដូចជាការរារាំងកុំឲ្យប្រជាពលរដ្ឋសម្តែងមតិ”។
បើតាមលោក ស៊ឺន ស៊ូប៊ែរ្តិ៍ ការមិនគោរពស្មារតីនៃរដ្ឋធម្មនុញ្ញនេះ ប៉ះពាល់ដល់កតិកាសញ្ញាអន្តរជាតិនានាដែលរដ្ឋាភិបាលផ្តល់សច្ចាប័នផង ប៉ះពាល់ដល់ដំណើការបោះឆ្នោតនាពេលខាងមុខផង។
ជារួមទាំងអ្នកច្បាប់ទាំងអង្គការសង្គមស៊ីវិលបានអះអាងប្រហាក់ប្រហែលគ្នាថាប្រទេសដែលប្រកាន់លទ្ធិប្រជាធិបតេយ្យត្រូវបើកទូលាយពីលំហូរសេរីភាពបញ្ចេញមតិ ដោះស្រាយបញ្ហដែលអ្នកតវ៉ាលើកឡើងមកដោះស្រាយដោយតម្លាភាព ពង្រឹងការអនុវត្តច្បាប់ឲ្យស្មើភាពគ្នា គោរពរដ្ឋធម្មនុញ្ញ ទើបទាក់ទាញការគាំទ្រពីម្ចាស់ឆ្នោតបាន។
ម្យ៉ាងវិញទៀតពួកគេថាកម្ពុជានឹងមិនអាចកើតមាននូវចលនាបដិវត្តពណ៌ដូចប្រទេសនានាលើពិភពលោកដែលកាន់របបផ្តាច់ការនោះទេ ដោយសារពលរដ្ឋខ្មែរមានឱកាសប្តូរមេដឹកនាំបានតាមរយៈការបោះឆ្នោត៥ឆ្នាំម្តង បើពួកគេមិនពេញចិត្ត៕