ប៉ូលិសបានបញ្ជាឲ្យក្រុមបាល់ទាត់ Manchester United លុបចោលការប្រកួតចុងក្រោយរបស់ពួកគេក្នុងរដូវកាលនេះជាមួយក្រុម Bournemouth កាលពីរាត្រីថ្ងៃអាទិត្យម្សិលមិញ បន្ទាប់ពីកញ្ចប់ដ៏គួរឲ្យសង្ស័យមួយត្រូវបានគេរកឃើញនៅឯកីឡដ្ឋាន Old Trafford។
ប៉ូលិសទីក្រុងមេនឆេស្ទ័របានរៀបរាប់នៅលើគណនី Twitter របស់ពួកគេថា ការប្រកួតត្រូវបានលុបចោល ហើយអ្នកគាំទ្រត្រូវបានណែនាំឲ្យចាកចេញពីទីលានឲ្យបានលឿន។
អ្នកគាំទ្រ១ម៉ឺននាក់ត្រូវបានប៉ូលិសបញ្ជាឲ្យចាកចេញពីកីឡដ្ឋានដែលផ្ទុកអ្នកទស្សនាបាន៧៥០០០នាក់ នៅពេលដែលសំឡេងអាសន្នបន្លឺឡើងនៅប្រហែល២០នាទីមុនការប្រកួតចាប់ផ្ដើមនៅម៉ោង៩យប់។
ក្លឹបបិសាចក្រហមបានបញ្ជាក់ថា កញ្ចប់ដ៏គួរឲ្យសង្ស័យមួយត្រូវបានគេរកឃើញនិងបញ្ជូនចេញ ខណៈដែលការប្រកួតត្រូវបានលុបចោល។
សេចក្ដីជូនដំណឹងត្រូវបានគេធ្វើឡើងតាមប្រព័ន្ធផ្សព្វផ្សាយសាធារណៈដែលបានដាស់ស្មារតីបុគ្គលិកសន្តិសុខឲ្យប្រុងប្រយ័ត្ន។
កន្លែងអង្គុយទស្សនាពាក់កណ្ដាលនៅកីឡដ្ឋាន Old Trafford ត្រូវបានគេជម្លៀសចេញ ហើយក្លឹបបានប្រកាសនាពេលក្រោយថាកញ្ចប់ដ៏គួរឲ្យសង្ស័យនោះត្រូវបានគេរកឃើញនៅត្រង់កន្លែងអង្គុយទស្សនា Stratford End។
សេចក្ដីជូនដំណឹងបានណែនាំអ្នកគាំទ្រនៅកន្លែងអង្គុយទស្សនាផ្នែកខាងត្បូងនិងខាងកើតឲ្យអង្គុយនៅនឹងកៅអីរបស់ពួកគេ មុននឹងការប្រកួតត្រូវបានប្រកាសលុបចោល។
នេះជាលើកទីពីរហើយនៅក្នុងរយៈពេលមិនដល់មួយសប្ដាហ៍ដែលក្លឹបបិសាចក្រហមរងការគំរាមកំហែងផ្នែកសន្តិសុខ។
ប្រកួតជាមួយក្រុម West Ham United កាលពីថ្ងៃចន្ទសប្ដាហ៍មុនត្រូវបានពន្យាពេល បន្ទាប់ពីរថយន្តក្រុងដឹកក្រុមកីឡាកររងការវាយប្រហារពីក្រុមអ្នកគាំទ្រ៕