លោកនាយក​រដ្ឋមន្ត្រីទៅរុស្ស៊ីនៅ​ល្ងាចនេះដើម្បីចូល​រូម​ប្រជុំអាស៊ាន-រុស្ស៊ី

​លោក​នាយករដ្ឋមន្ត្រី​រុស្ស៊ី ឌីមីទ្រី មេដវេដេវ និងលោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន (រូបភាពពី ទំព័រហ្វេសប៉ុករបស់លោក ហ៊ុន សែន)

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងដឹកនាំគណៈប្រតិភូកម្ពុជាទៅបំពេញទស្សនកិច្ចការងារនិងចូលរួមកិច្ចប្រជុំកំពូលរំឭកខួបអាស៊ាន-រុស្សី រយៈពេលប្រាំថ្ងៃ ដោយថាដើម្បីពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។

បើតាមសេចក្តីប្រកាសព័ត៌មានមួយរបស់ក្រសួងការបរទេសកម្ពុជាចុះថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៦ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងទៅចូលរួមកិច្ចប្រជុំនេះចាប់ពីថ្ងៃទី១៧ដល់ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៦។ គណៈប្រតិភូអមដំណើរលោកនាយករដ្ឋមន្ត្រី មានរដ្ឋមន្ត្រីក្រសួងការបរទេសលោក ប្រាក់ សុខុន និងរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចលោក អូន ព័ន្ធមុនីរ័ត្ន ជាដើម។ នេះបើតាមសេចក្តីប្រកាសព័ត៌មានដដែល។

សេចក្តីប្រកាសព័ត៌មានឲ្យដឹងទៀតថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងជួបពិភាក្សាការងារជាមួយប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀរ ពូទីន និងលោកនាយករដ្ឋមន្ត្រីរុស្ស៊ី ឌីមីទ្រី មេដវេដេវ ផងដែរ។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន សរសេរលើទៅព័រហ្វេសប៊ុកផ្លូវការរបស់លោកនៅព្រឹកនេះថា លោកនិងគណៈប្រតិភូកម្ពុជានឹងចេញដំណើរពីភ្នំពេញទៅទីក្រុងម៉ូស្កូរបស់រុស្ស៊ីនៅម៉ោង៩និង៣០នាទីយប់នេះ។ លោកបន្ថែមថា៖  នេះជាដំណើរទស្សនៈកិច្ចដើម្បីពង្រឹងចំណងទាក់ទងរវាងប្រទេសទាំង២ផងនិងចូលរួមប្រជុំកិច្ចប្រជុំកំពូលរំលឹកខួប២០ឆ្នាំនៃទំនាក់ទំនងរវាងអាស៊ាននិងរុស្ស៊ីផង”

បើតាមវែបសាយរបស់ ASEAN-RUSSIA Summit ពាណិជ្ជករប្រមាណជា៥០០នាក់មកពីប្រទេសទាំង១០របស់សមាជិកអាស៊ាននិងរុស្ស៊ីនឹងចូលរួមក្នុងកិច្ចប្រជុំអាស៊ាន-រុស្ស៊ីនៅថ្ងែទី១៩ ខែឧសភា ឆ្នាំ២០១៦ នៅទីក្រុងសូឈី ប្រទេសរុស្ស៊ី។ បើតាមវែបសាយដដែលភាគីរុស្ស៊ីសង្ឃឹមថាកិច្ចប្រជុំនេះនឹងជំរុញពាណិជ្ជកម្មរវាងរុស្ស៊ីនិងប្រទេសជាសមាជិកអាស៊ានបន្ថែមទៀត ដោយផ្តោតលើសក្តានុពលនាំចេញរបស់រុស្ស៊ីមកតំបន់អាស៊ាននិងផែនការយុទ្ធសាស្រ្តភាពជាដៃគូសេដ្ឋកិច្ច។

គួរបញ្ជាក់ថាទំហំពាណិជ្ជកម្មរវាងអាស៊ាននិងរុស្ស៊ីមានទំហំជាទឹកប្រាក់ចំនួន២២,៥ពាន់លានដុល្លារកាលពីឆ្នាំ២០១៤។ ប៉ុន្តែកម្ពុជាបានជំពាក់បំណុលរុស្ស៊ីប្រមាណជា១ពាន់៥០០លានដុល្លារគិតចាប់ពីទសវត្សរ៍ឆ្នាំ១៩៨០ដល់១៩៩០៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ