កូរ៉េខាងត្បូង ជប៉ុន និងសហរដ្ឋអាមេរិកនឹងធ្វើសមយុទ្ធប្រឆាំងគ្រាប់មីស៊ីលរួមគ្នាជាដំបូងនៅខែក្រោយ ដើម្បីទប់ទល់ទៅនឹងការគំរាមកំហែងពីកូរ៉េខាងជើង។
ដោយបានដកស្រង់សម្ដីយោធាកូរ៉េខាងត្បូងទីភ្នាក់ងារព័ត៌មាន AFP បានរាយការណ៍ថាសមយុទ្ធនេះនឹងរៀបចំធ្វើនៅដែនទឹកជិតកោះហាវៃនៅថ្ងៃទី២៨ ខែមិថុនាខាងមុខនៅមុនសមយុទ្ធកងទ័ពជើងទឹកប៉ាស៊ីហ្វិកដឹកនាំដោយសហរដ្ឋអាមេរិក។
មន្ត្រីយោធាកូរ៉េខាងត្បូងបានប្រាប់ទីភ្នាក់ងារព័ត៌មាន AFP ថាសមយុទ្ធហ្វឹកហាត់នេះនឹងផ្ដោតលើការតាមចាប់យករូបភាពមីស៊ីលបាញ់ចេញពីកូរ៉េខាងជើង ប៉ុន្តែមិនបញ្ចូលការស្កាត់ចាប់មីស៊ីលនោះឡើយ។
ទីភ្នាក់ងារព័ត៌មានកូរ៉េខាងត្បូងយ៉ុនហាប់ បានរាយការណ៍ថា អាមេរិកនឹងប្រើយន្តហោះមួយគ្រឿងធ្វើជាមីស៊ីលដែលប្រទេសទាំងបីនឹងតាមដានយន្ដហោះនោះពីនាវាដែលបំពាក់ទៅដោយប្រព័ន្ធប្រឆាំងមីស៊ីល។
មន្ត្រីយោធារូបនោះបានបន្ថែមថា សមយុទ្ធនាពេលខាងមុខនេះត្រូវបានលើកឡើងនៅឯកិច្ចប្រជុំយោធាត្រីភាគីមួយ បន្ទាប់ពីកូរ៉េខាងជើងបានបាញ់គ្រាប់រ៉ុកកែតចម្ងាយឆ្ងាយមួយកាលពីខែកុម្ភៈកន្លងមកនេះ។
ការបាញ់គ្រាប់រ៉ុកកែតនោះបានបង្កឲ្យមានការថ្កោលទោសពីក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបន្ថែមទៅលើការដាក់ទណ្ឌកម្មដ៏តឹងតែងបំផុតទៅលើរដ្ឋឯកាមួយនេះ៕
ប្រភព៖ Channel News Asia