អ្នកច្បាប់លើកឡើងថា ករណីស្ថាប័នប្រព័ន្ធផ្សព្វផ្សាយណាមួយដែលមិនប្រើគោរមងាររបស់ថ្នាក់ដឹកនាំនៅក្នុងអត្ថបទសារព័ត៌មានរបស់ខ្លួនទៅតាមការណែនាំរបស់ក្រសួង គឺមិនខុសច្បាប់នោះទេ ដោយអះអាងថាមិនមានច្បាប់ចែង។
កាលពីថ្ងៃទី១៣ ខែឧសភា ក្រសួងព័ត៌មានបានប្រជុំណែនាំដល់ប្រព័ន្ធផ្សព្វផ្សាយនៅក្នុងប្រទេសកម្ពុជាទាំងអស់ឲ្យប្រើគោរមងាររបស់ថ្នាក់ដឹកនាំនៅក្នុងអត្ថបទសារព័ត៌មានដោយទុកពេលត្រឹមខែកក្កដាខាងមុខ ហើយថាបើសារព័ត៌មានណាមិនគោរពតាមការណែនាំនេះទេ នោះក្រសួងនឹងសិក្សាពីផ្លូវច្បាប់ថាតើនឹងអាចបន្តអាជ្ញាប័ណ្ណឲ្យស្ថាប័ននោះទៀតឬទេ។
មេធាវីនៃអង្គការក្រុមអ្នកច្បាប់ការពារសិទ្ធិកម្ពុជា លោក ហុង គឹមសួន ពន្យល់ថាជាទំលាប់គោរមងាររបស់ថ្នាក់ដឹកនាំដែលព្រះមហាក្សត្រព្រះរាជទានឲ្យនោះ គេប្រើសម្រាប់តែនៅក្នុងលិខិតផ្លូវការតែប៉ុណ្ណោះ។ ដោយឡែកលោកថា ការហៅឈ្មោះឬផ្សព្វផ្សាយដោយមិនប្រើគោរមងារបុគ្គលណាមួយគឺមិនខុសច្បាប់នោះទេ។ លោកបន្តថា៖ ”ខ្ញុំថាការមិនបានហៅពេញពាក្យនៅក្នុងគោរមងារ បើនិយាយពីច្បាប់វាមិនមានចែងតម្រូវទេ ប៉ុន្តែការនិយាយជាសាធារណៈឲ្យតែគោរពលើកិត្តិយសមិនបាច់ពេញទេក៏ខ្ញុំថាមិនខុសច្បាប់ដែរ”។
លោកមេធាវី សេក សោភ័ណ្ឌ មានប្រសាសន៍ប្រហាក់ប្រហែលនឹងលោក ហុង គឹមសួន ដែរ។ ប៉ុន្តែលោកថា ការហៅគោរមងារដែលព្រះមហាក្សត្រព្រះរាជទានឲ្យគ្រាន់តែជាការគោរពបុគ្គលនោះតែប៉ុណ្ណោះ។ លោកថា ការហៅគោរមងារពុំមានន័យថាស្ថាប័នឬប្រព័ន្ធផ្សព្វផ្សាយនោះលម្អៀងនោះទេដោយលោកថាសំខាន់ការផ្សព្វផ្សារមិនធ្វើតាមការបង្គាប់បញ្ជាពីបុគ្គលណាមួយ។ លោកបន្តទៀតថា៖ ”បើសិនជាសារព័ត៌មានចុះដោយខ្លួនឯងគ្រាន់តែមិនបានហៅគោរពងារឬក៏ហៅក៏មិនមែនបញ្ជាក់ថាអ្នកហ្នឹងលំអៀងយ៉ាងម៉េចដែរ ព្រោះពាក្យលំអៀងមិនមែនសម្តែងនៅក្នុងគោរពងារនោះទេ ព្រោះឯករាជ្យមានន័យថាការចុះផ្សាយតាមវិជ្ជាជីវៈតាមគោលការណ៍ដែលមិនទទួលការបង្គាប់បញ្ជាឲ្យចុះពីនរណាម្នាក់”។
អ្នកនាំពាក្យក្រសួងព័ត៌មានលោក អ៊ុក គឹមសេង យល់ថាបើស្ថាប័នឬប្រព័ន្ធផ្សព្វផ្សាយណាមួយដែលមិនប្រើគោរមងាររបស់ព្រះមហាក្សត្រព្រះរាជទានឲ្យថ្នាក់ដឹកនាំឬឥស្សរជនណាមួយនោះជាការប្រមាថដល់ ព្រះមហាក្សត្រ។ លោកបន្ថែមថា៖ ”គាត់អត់គោរពបានន័យថា គាត់អត់ផ្តល់ការគោរពចំពោះច្បាប់ ចំពោះព្រះរាជក្រិត្យនៅក្នុងប្រទេសមួយ ក្រសួងព័ត៌មាននិងពិនិត្យមើលទៅតាមហ្នឹងថា បើគាត់មិនគោរពច្បាប់ មិនគោរពរាល់ចរាចរណ៍ ឬក៏ព្រះរាជក្រិត្យ បានន័យថាអាចនិយាយថាគាត់មើលងាយដល់ព្រះមហាក្សត្រគ្រប់គ្រងប្រទេស”។
នាយកវិទ្យាស្ថានកម្ពុជាសម្រាប់ការសិក្សាផ្នែកសារព័ត៌មានលោក មឿន ឈានណារិទ្ធិ យល់ថាអង្គភាពសារព័ត៌មានរបស់រដ្ឋដូចជាទូរទស្សន៍និងវិទ្យុជាតិគួរតែគោរពការណែនាំនេះ។ ទោះយ៉ាងណាលោកថាចំពោះសារព័ត៌មានឯកជននៅក្នុងសង្គមប្រជាធិបតេយ្យគួរតែមានសិទ្ធិជ្រើសរើសថាគួរប្រើឬមិនប្រើគោរមងារក្នុងអត្ថបទព័ត៌មានរបស់ខ្លួន។ លោកបន្ថែមថាការប្រើឬមិនប្រើគោរមងារនេះ ក៏មិនគួរទទួលពិន័យណាមួយនោះទេ។
លោកបន្ថែមថា៖ “សម្រាប់ខ្ញុំវិញ ការស្នើដោយក្រសួងឲ្យសារព័ត៌មានយើងប្រើគោរមងារនេះមិនជាសំណើដែលធ្ងន់ធ្ងរដែរ បើអ្នកសារព័ត៌មានយើងធ្វើបានក៏ធ្វើតាមទៅតែបើសិនអ្នកសារព័ត៌មានយើងធ្វើមិនអាចធ្វើបានក៏មិនគួរដាក់ទោសឬក៏គំរាមយកច្បាប់មកដាក់ទោសដែរ”។
បើតាមលោក មឿន ឈានណារិទ្ធិ បណ្តាប្រទេសមួយចំនួនដូចជាចក្រភពអង់គ្លេសនិងប្រទេសម៉ាឡេស៊ីជាដើមនោះក៏មានគោរមងារវែងៗសម្រាប់ឥស្សរជនជាន់ខ្ពស់ដូចប្រទេសកម្ពុជាដែរ ប៉ុន្តែលោកថាគោរមងាររបស់អ្នកទាំងនោះមិនត្រូវបានគេយកមកប្រើក្នុងអត្ថបទសារព័ត៌មាននោះទេ។
គួរបញ្ជាក់ថា បច្ចុប្បន្ននេះថ្នាក់ដឹកនាំជាន់ខ្ពស់មួយចំនួនដូចជា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មានគោរមងារថា “សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន” លោករដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ស ខេង មានគោរមងារថា “សម្តេចក្រឡាហោម ស ខេង” ចំណែកប្រធានរដ្ឋសភា លោក ហេង សំរិន មានគោរមងារថា “សម្តេចអគ្គមហាពញ្ញាចក្រី ហេង សំរិន” និង ប្រធានព្រឹទ្ធសភាលោក សាយ ឈុំ មានគោរមងារថា “សម្តេចវិបុលសេនាភក្តី សាយ ឈុំ” ជាដើម៕