ក្រសួងយុត្តិធម៌ឲ្យ​លីកាដូពិនិត្យ​មើល​ច្បាប់អង្គការ​ ក្រោយចេញរបាយការណ៍ស្តីពីអ្នកទោសនយោបាយ​

អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក គឹម សន្តិភាព បានចាត់ទុករបាយការណ៍របស់អង្គការលីកាដូដែលបានប្រើពាក្យថា”អ្នកទោសនយោបាយ” ជារបាយការណ៍មួយបង្ហាញថាអង្គការសិទ្ធិមនុស្សមួយនេះដើរចេញឆ្ងាយពីវិជ្ជាជីវៈនិងលក្ខន្តិកៈរបស់ខ្លួន។

កាលពីថ្ងៃអង្គារ អង្គការលីកាដូបានចេញផ្សាយរបាយការណ៍ប្រចាំឆ្នាំរបស់អង្គការដោយដាក់ចំណងជើងថា«អ្នកទោសនយោបាយនៅកម្ពុជា» ដោយអង្គការបានកត់សម្គាល់ថាចាប់តាំងពីខែឧសភាឆ្នាំ២០១៥ ការបំភិតបំភ័យរបស់រដ្ឋាភិបាលមកលើអ្នករិះគន់គឺមានលក្ខណៈកាន់តែធ្ងន់ធ្ងរឡើងៗហើយចំនួន”អ្នកទោសនយោបាយ”មានការកើនឡើង។

លោក គឹម សន្តិភាព បានសរសរនៅលើហ្វេសប៊ុករបស់លោកថាកម្ពុជាគ្មានអ្នកទោសនយោបាយម្នាក់ណានោះទេ។ លោកមានប្រសាសន៍ថា៖ “នៅក្នុងពន្ធនាគារនិងមណ្ឌលអប់រំកែប្រែទាំងអស់ទូទាំងប្រទេស គឺមានតែអ្នកជាប់ឃុំក្នុងបទចោទប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌ។ ក្នុងក្រមព្រហ្មទណ្ឌ ក៏ដូចជាច្បាប់ព្រហ្មទណ្ឌពិសេសដទៃទៀតរបស់កម្ពុជា គ្មានមាត្រាណាមួយចែងអំពីអំពើដែលជាបទល្មើសនយោបាយនោះទេ”

លោក គឹម សន្តិភាព បានបញ្ជាក់ថា៖ “តើLicadhoបង្កើតរបាយការណ៍របៀបនេះឡើងក្នុងចេតនាអ្វីពិតប្រាកដ? សូមកុំគិតថាមានតែLicadho ខ្លួនឯងដែលដឹងពីចេតនានេះ។ សូមLicadho ពិនិត្យមើលច្បាប់ស្តីពីសមាគមនិងអង្គការមិនមែនរដ្ឋាភិបាលឡើងវិញ ជាពិសេសមាត្រា២៤និងមាត្រា៣០”

នៅពេលទាក់ទងតាមទូរស័ព្ទ លោក គឹម សន្តិភាព មិនបានបញ្ជាក់ថាតើនឹងមានចំណាត់ការផ្លូវច្បាប់ចំពោះអង្គការលីកាដូឬយ៉ាងណានោះទេ តែលោកថាសារនេះគឺសម្រាប់អង្គការលីកាដូពិចារណា។ លោកបញ្ជាក់ថា៖ “ឲ្យគាត់ពិចារណាខ្លួនគាត់សិនទៅ”

មាត្រា២៤នៃច្បាប់នេះបានចែងថា៖ “អង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក អង្គការមិនមែនរដ្ឋាភិបាលបរទេស ឬសមាគមបរទេស ត្រូវប្រកាន់ជំហរអព្យាក្រឹតចំពោះគ្រប់គណបក្សនយោបាយនៅព្រះរាជាណាចក្រកម្ពុជា”។ ចំណែកមាត្រា៣០ចែងថាករណីដែលសមាគមនិងអង្គការមិនមែនរដ្ឋាភិបាលមិនអនុវត្តតាមមាត្រា២៥ ក្រសួងមហាផ្ទៃត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរដោយទុករយៈពេលយ៉ាងយូរ៣០ថ្ងៃ ថ្ងៃនៃថ្ងៃធ្វើការ។ ករណីមិនអនុវត្តតាមក្រសួងនឹងជូនដំណឹងជាលាយលក្ខណ៍អក្សរផ្អាកសកម្មភាពបណ្តោះអាសន្ន រយៈពេលយ៉ាងយូរ៩០ថ្ងៃ។ ក្នុងករណីនៅតែមិនព្រមអនុវត្ត ក្រសួងមហាផ្ទៃត្រូវសម្រេចជាលាយលក្ខណ៍អក្សរលុបឈ្មោះចេញពីបញ្ជី។

របាយការណ៍របស់អង្គការលីកាដូបានកត់សម្គាល់ថាក្នុងរយៈពេលមួយឆ្នាំ អ្នកទោសនយោបាយនៅកម្ពុជាកាន់តែឡើងយ៉ាងគំហុកទៅដល់២៩នាក់។ របាយការណ៍បញ្ជាក់ថាករណីនេះធ្វើឲ្យចំនួនអ្នកទោសនយោបាយដែលបានជាប់ពន្ធនាគារនៅក្នុងប្រទេសកម្ពុជាកាន់តែមានការកើនឡើងយ៉ាងខ្លាំង នៅពេលដែលអាជ្ញាធរកាន់តែប្រើប្រាស់ប្រព័ន្ធយុត្តិធម៌ព្រហ្មទណ្ឌ ដើម្បីបំបិទសំឡេងមតិរិះគន់។ អង្គលីកាដូឲ្យដឹងទៀតថាក្នុងចំណោមអ្នកជាប់ឃុំទាំងនោះមួយចំនួនគឺជាអ្នកធ្វើយុទ្ធនាការផ្នែកបរិស្ថាន ព្រះសង្ឃ សិស្សនិស្សិត សកម្មជន សមាជិករដ្ឋសភា និងព្រឹទ្ធសភាមកពីគណបក្សជំទាស់ និងអ្នកធ្វើការងារផ្នែកសិទិ្ធមនុស្ស។

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បានច្រានចោលរបាយការណ៍អង្កេតរបស់អង្គការលីកាដូ ដោយអះអាងថារបស់បាយការណ៍នេះមិនឆ្លុះបញ្ចាំងការពិតនៅកម្ពុជា ហើយចោទថាមានភាពលម្អៀង។ លោកមានប្រសាសន៍ថា៖ “គាត់និយាយផ្អែកទៅលើមូលដ្ឋានចង់ចំណេញតែម្ខាង មិនមែនរដ្ឋាភិបាលប្រើប្រព័ន្ធតុលាការធ្វើឲ្យមានមនុស្សជាប់ទោសច្រើននៅក្នុងពន្ធនាគារទេតែតាមពិតមកពីមានអ្នកល្មើសច្បាប់ច្រើនដែលត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ដែលជាប់ពន្ធនាគារ”

គួរបញ្ជាក់ថាស្ថានភាពនយោបាយនៅកម្ពុជាចុងក្រោយត្រូវបានកត់សម្គាល់ថាមានសភាពតានតឹង ក្រោយពេលមានការចាប់ខ្លួនតំណាងរាស្រ្តបក្សប្រឆាំង លោក អ៊ុំ សំអាន រឿងនិយាយពីផែនទីក្លែងក្លាយនិងការចាប់ខ្លួនមន្រ្តីសមាគមអាដហុក៤និងអគ្គលេខាធិការរងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) លោក នី ចរិយា ពាក់ព័ន្ធនឹងការចោទប្រកាន់រឿងសូកប៉ាន់សាក្សីនិងសមគំនិតក្នុងអំពើសូកប៉ាន់សាក្សីកញ្ញា ខុម ចាន់តារ៉ាទី ហៅស្រីមុំ ដែលត្រូវបានគេទម្លាយថាជាស្រីកំណាន់របស់លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្រ្គោះជាតិ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ