គណបក្សប្រឆាំងរកអន្តរាគមន៍ពីប្រ​ទេសហត្ថលេខី ករណីនយោបាយនៅកម្ពុជា​

គណបក្សប្រឆំាងឲ្យដឹងថាខ្លួនបានផ្ញើលិខិតទៅអង្គការសហប្រជាជាតិនិងប្រទេសហត្ថលេខីនៃកិច្ចព្រមព្រៀងក្រុងប៉ារីសឲ្យជួយអន្តរាគមន៍ ករណីស្ថានការណ៍នយោបាយនៅកម្ពុជាដែលកំពុងឡើងកម្តៅ។

ការរកអន្តរាគមន៍ពីអន្តរជាតិនេះធ្វើឡើងបន្ទាប់ពីតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ៥៣រូបក្នុងចំណោម៥៥រូបបានដាក់លិខិតមួយច្បាប់ថ្វាយព្រះមហា ក្សត្រ នរោត្តម សីហមុនី ដោយបានទូលថ្វាយពីស្ថានការណ៍នយោបាយនៅកម្ពុជានិងស្នើសុំព្រះរាជអន្តរាគមន៍ឲ្យបន្ថយកម្តៅនយោបាយ។

មន្រ្តីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ លោក អេង ឆៃអ៊ាង ប្រាប់VODនៅថ្ងៃពុធនេះថាការរកអន្តរាគមន៍ពីអន្តរជាតិនេះដោយសារព្រះមហាក្សត្រមិនទាន់ឆ្លើយតបនឹងលិខិតរបស់គណបក្សសង្គ្រោះជាតិនៅឡើយ។ លោកមានប្រសាសន៍ថា៖ តំណាងរាស្ត្រយើងបានផ្ញើលិខិតទៅអគ្គលេខាធិការអង្គការសហប្រជាជាតិលោក បាន គីមូន ទៅបណ្តាប្រទេសម្ចាស់ហត្ថលេខី ដើម្បីប្រាប់ពីស្ថានការណ៍នយោបាយនៅកម្ពុជា ហើយយើងក៏ព្យាយាមដើម្បីជំរុញប្រឹងប្រែងយ៉ាងម៉េចឲ្យមានការជួបជជែកគ្នារវាងគណបក្សទំាងពីរ ដើម្បីរកដំណោះស្រាយ

យ៉ាងណាក៏ដោយ លោក អេង ឆៃអ៊ាង មិនបានបញ្ជាក់ថាអង្គការសហប្រជាជាតិនិងប្រទេសហត្ថលេខីនៃកិច្ចព្រមព្រៀងក្រុងប៉ារីសឆ្លើយតបយ៉ាងណាឡើយ។

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន មានប្រសាសន៍ថាការស្នើសុំអន្តរាគមន៍ពីអន្តរជាតិនោះជាសិទ្ធិរបស់គណបក្សប្រឆំាង។ ប៉ុន្តែលោកថាប្រទេសទំាងនោះមិនមានសិទ្ធិលូកដៃចូលអធិបតេយ្យប្រទេសកម្ពុជានោះទេ។ លោកបន្តថា៖ ខ្ញុំយល់ថារាល់សំណើររបស់គាត់ឬការអំពាវនាវរបស់គាត់វាគ្មានប្រសិទ្ធភាពអីមកលើអធិតេយ្យភាពរបស់កម្ពុជាទេ

កាលពីពេលថ្មីៗនេះរដ្ឋាភិបាលបានចាប់ខ្លួនអ្នកនយោបាយ សកម្មជនការពារបរិស្ថាន សមាជិកព្រឹទ្ធសភា អ្នកតំណាងរាស្រ្តគណបក្សប្រឆាំង ចាប់ខ្លួនមន្ត្រីសង្គមស៊ីវិលនិងប្តឹងអ្នកវិភាគនយោបាយមួយចំនួន។ គណបក្សប្រឆាំងនិងអង្គការមួយចំនួនបានថ្កោលទោសទៅនឹងចំណាត់ការរបស់បក្សកាន់អំណាចនេះថាបានរំលោភច្បាប់ រំលោកសិទ្ធិមនុស្ស រំលោករដ្ឋធម្មនុញ្ញជាដើម។

ទាក់ទងករណីនេះ សហភាពអឺរ៉ុបទាមទារឲ្យរដ្ឋាភិបាលកម្ពុជាដោះលែងមន្រ្តីសិទ្ធិមនុស្សដែលត្រូវបានចាប់ខ្លួននោះនិងសម្តែងក្តីបារម្ភពីការឃុំខ្លួនតំណាងរាស្ត្រនិងសកម្មជនគណបក្សប្រឆាំង ហើយស្នើឲ្យបើកទូលាយពីបរិយាកាសដែលគណបក្សនយោបាយទាំងអស់និងសង្គមស៊ីវិលអាចដំណើរការដោយសេរីនិងគ្មានការភ័យខ្លាច។

ដោយឡែកអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជាលោកស្រី រ៉ូណា ស្មីត (Rhona Smith) ធ្លាប់បង្ហាញក្តីព្រួយបារម្ភថាកម្ពុជាកំពុងតែស្ថិតនៅចំណុចដ៏គ្រោះថ្នាក់មួយដោយលើកឡើងថាមានការជ្រែតជ្រែងផ្នែកនយោបាយពីអ្នកមានអំណាច ការដាក់សម្ពាធលើគណបក្សប្រឆាំងតាមយៈប្រព័ន្ធតុលាការនិងការបង្កើតច្បាប់មួយចំនួន រួមមានច្បាប់សហជីពនិងច្បាប់គ្រប់គ្រងអង្គការនោះ គឺមានលក្ខណៈរឹតត្បិតសិទ្ធិសេរីភាព៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ