ពលរដ្ឋខ្មែរ​១៥នាក់ត្រូវ​ចាប់ខ្លួន​ ដោយ​សារ​កាប់ឈើ​ខុសច្បាប់នៅ​ទឹកដីថៃ​

ក្រសួងការបរទេសកម្ពុជាបានឲ្យដឹងថាពលរដ្ឋខ្មែរ១៥នាក់ត្រូវបានអាជ្ញាធរថៃចាប់ខ្លួនកាលពីថ្ងៃសៅរ៍សប្តាហ៍មុន ដោយសាររកឃើញថាពួកគេចូលកាប់ឈើក្រញូងខុសច្បាប់នៅប្រទេសថៃ។

ក្នុងសេចក្តីប្រកាសព័ត៌មានមួយចេញផ្សាយនៅថ្ងៃព្រហស្បតិ៍នេះ ក្រសួងការបរទេសបានឲ្យដឹងថាក្រសួងបានទទួលព័ត៌មានថាមានពលរដ្ឋខ្មែរចំនួន១៥នាក់ ត្រូវបានអាជ្ញាធរថៃចាប់ឃាត់ខ្លួននៅថ្ងៃទី១៤ ខែឧសភា ពីបទឆ្លងដែនខុសច្បាប់ទៅកាប់ឈើក្រញូងក្នុងតំបន់ឧទ្យានជាតិថាប់ឡាន  ស្ថិតក្នុងភូមិវាំងថាលុកៅ ឃុំកេងឌិនសរ ស្រុកណាឌី ខេត្តប្រាជីនបុរី។ សេចក្តីប្រកាសបញ្ជាក់ថា៖ “ពួកគាត់បានចូលប្រទេសថៃតាមរយៈមេខ្យល់ កាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៦ ប៉ុន្តែត្រូវអាជ្ញាធរថៃចាប់ខ្លួននៅពេលធ្វើដំណើរទៅកាន់ទីតាំង។ បច្ចុប្បន្នអាជ្ញាធរថៃកំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ភ្ជាប់ជាមួយវត្ថុដែលរឹបអូសបានមាន៖ រថយន្តម៉ាកISUZU១គ្រឿង-រណាយន្ត២គ្រឿង-ច្រវ៉ាក់៤និងផ្លែរណាយន្ត១”

ក្រសួងបញ្ជាក់ថាស្ថានអគ្គកុងស៊ុលកម្ពុជានឹងរកមេធាវីជួយការពារក្តីដល់ពលរដ្ឋទាំង១៥នាក់នោះ នៅពេលឡើងតុលាការ។ សេចក្តីប្រកាសបញ្ជាក់ថា៖ “ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ សូមអំពាវនាវជាថ្មីម្តងទៀតចំពោះបងប្អូនប្រជា-ពលរដ្ឋខ្មែរដែលធ្វើចំណាកស្រុកស្វែងរកការងារធ្វើនៅក្រៅប្រទេស មេត្តាកុំជឿតាមពាក្យឆបោកពីសំណាក់ ពួកមេខ្យល់ទុច្ចរិតឲ្យបងប្អូនឆ្លងដែនខុសច្បាប់ ទៅកាប់ឈើនៅប្រទេសគេដោយសន្យាឲ្យប្រាក់ច្រើនឬធានាសុវត្ថិភាពដោយប្រការផ្សេងៗ។ ទាំងនោះសុទ្ធតែជារឿងបោកប្រាស់ដែលអាចបង្កអោយមានគ្រោះថ្នាក់ដល់ខ្លួនឯងនិងដល់ក្រុមគ្រួសារ ខាតបង់ពេលវេលានិងថវិកាផ្ទាល់ខ្លួនផងដែរ”

កាលពីថ្ងៃទី៦ខែឧសភា ក្រសួងការបរទេសកម្ពុជាបានឲ្យដឹងថាអាជ្ញាធរថៃបានឃាត់ខ្លួនពលករខ្មែរចំនួន២៩នាក់ដែលបានចូលទៅកាប់ឈើនៅក្នុងតំបន់ឧទ្យានជាតិថាប់ឡាន ខេត្តប្រាជីនបុរីប្រទេសថៃ។ ក្រសួងបញ្ជាក់ថាពលរដ្ឋខ្មែរទាំង២៩នាក់បានសារភាពថាក្រុមខ្លួនមានគ្នាទាំងអស់៦០នាក់បានចូលទៅថៃជាង១០ថ្ងៃ ដោយមានមេខ្យល់បបួលពួកគាត់ចូលទៅកាប់ឈើអាកាស្យានៅថៃសន្យាថាឲ្យ១ដើម២០០បាត។

គួរបញ្ជាក់ថាកាលពីខែធ្នូ ឆ្នាំ២០១២ ប្រទេសកម្ពុជានិងថៃបានឯកភាពគ្នាតាមដានការអនុវត្តជាក់ស្តែងដូចជាការទប់ស្កាត់មិនឲ្យប្រជាពលរដ្ឋខ្មែរចូលកាប់ឈើក្រញូងខុសច្បាប់នៅក្នុងទឹកដីថៃនិងហាមកុំឲ្យភាគីថៃ បាញ់សម្លាប់ប្រជាពលរដ្ឋខ្មែរ ចូលក្នុងទឹកដីថៃ ខុសច្បាប់តទៅទៀត៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ