លោក​ ហ៊ុន សែន បញ្ជាក់​ជា​ថ្មី​ថា​លោក​មិនអាចលូក​ដៃ​ក្នុងកិច្ច​ការរបស់តុលាការនោះទេ

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថ្លែង​ពីប្រទេស​រុស្ស៊ី ក្នុង​ពិធីសំណេះសំណាលជាមួយនិស្សិតនៅទីនោះ(រូបថតពីហ្វេសប៊ុក​នាយករដ្ឋមន្រ្តី​)

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីថ្ងៃពុធបានបញ្ជាក់ពីប្រទេសរុស្ស៊ីថាលោកមិនអាចលូកដៃក្នុងកិច្ចការរបស់តុលាការបាននោះទេ តែលោកថាលោកនឹងធ្វើកិច្ចការណាមួយបានដែលអាចធ្វើបានដើម្បីការបង្រួមបង្រួមជាតិនិងស្ថិរភាពរបស់ប្រទេស។

ក្នុងពិធីសំណេះសំណាលជាមួយនិស្សិតសិក្សានៅប្រទេសរុស្ស៊ី លោក ហ៊ុន សែន ដែលកំពុងបំពេញទស្សនកិច្ចនៅទីនោះ បានថ្លែងថាអ្វីៗដែលលោកធ្វើគឺតាមតែអ្នកនយោបាយដែលលេងជាមួយលោកតែប៉ុណ្ណោះ។ លោកមានប្រសាសន៍ថា៖ “ព្រោះខ្ញុំគ្រាន់តែជាអ្នកកំដរ អ្នកចង់រាំវង់ ខ្ញុំក៏រាំវង់ជាមួយ អ្នកចង់រាំក្បាច់ ខ្ញុំក៏រាំក្បាច់ជាមួយ អ្នកចង់តឹង ខ្ញុំមិនដឹងធ្វើធូរជាមួយអ្នកឯងយ៉ាងម៉េច ខ្ញុំអត់មានជម្រើស ជម្រើសខ្ញុំតាមអ្នកឯងទាំងអស់“។ លោកបញ្ជាក់បន្ថែមលោកមិនអាចលូកដៃទៅក្នុងកិច្ចការរបស់តុលាការនោះទេ។ លោកមានប្រសាសន៍ថា៖ “អ្នកឯងចង់ស្រួលខ្ញុំក៏ស្រួល ខ្ញុំមិនដឹងធ្វើម៉េច ប៉ុន្តែអ្វីដែលខ្ញុំអាចធ្វើបាន គឺខ្ញុំធ្វើ ដើម្បីធានាការបង្រួបបង្រួមជាតិ ធានាស្ថិរភាពរបស់ប្រទេស ប៉ុន្តែទាក់ទងនឹងបញ្ហាផ្លូវច្បាប់ គឺខ្ញុំមិនអាចនិយាយគ្នាបានទេ អាហ្នឹងទុកឲ្យតុលាការគេដោះស្រាយ”

កាលពីថ្ងៃទី១២ខែឧសភា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងព្រមានជាសាធារណៈកុំឲ្យបក្សប្រឆាំងរកជំនួយពីរូបលោកឲ្យជួយរឿងពាក់ព័ន្ធនឹងដំណើរការរបស់តុលាការ ដោយលោកបានប្រតិកម្មខ្លាំងៗទៅលើអ្នកមួយចំនួនដែលលោកថាប្រមាថភរិយានិងកូនរូបលោកទាក់ទងនឹងវៀតណាម។ លោកបានបញ្ជាក់ថា៖ “គ្មានការកែតម្រូវណាមួយ ហើយគ្មានការណែនាំណាមួយឲ្យខ្ញុំឃើញ អ្នកឯងមិនចាំបាច់រកដៃហ៊ុន សែន ជួយអីទេ។ ដំណើរការក្តីរបស់តុលាការគឺត្រូវធ្វើដោយតុលាការ ដោយគ្មានការពាក់ព័ន្ធជាមួយហ៊ុន សែន កុំមកនិយាយ”

គួរបញ្ជាក់ថាស្ថានភាពនយោបាយនៅកម្ពុជាចុងក្រោយត្រូវបានកត់សម្គាល់ថាមានសភាពតានតឹង ក្រោយពេលមានការចាប់ខ្លួនតំណាងរាស្រ្តបក្សប្រឆាំង លោក អ៊ុំ សំអាន រឿងនិយាយពីផែនទីក្លែងក្លាយនិងការចាប់ខ្លួនមន្រ្តីសមាគមអាដហុក៤និងអគ្គលេខាធិការរងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) លោក នី ចរិយា ពាក់ព័ន្ធនឹងការចោទប្រកាន់រឿងសូកប៉ាន់សាក្សីនិងសមគំនិតក្នុងអំពើសូកប៉ាន់សាក្សីកញ្ញា ខុម ចាន់តារ៉ាទី ហៅស្រីមុំ ដែលត្រូវបានគេទម្លាយថាជាស្រីកំណាន់របស់លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្រ្គោះជាតិ។

ពាក់ព័ន្ធនឹងគណបក្សប្រឆាំង ប្រធានគណបក្សសង្រ្គោះជាតិ លោក សម រង្ស៊ី កំពុងនិរទេសខ្លួននៅក្រៅប្រទេស គេចពីការចាប់ខ្លួន។ ចំណែកលោក កឹម សុខា កំពុងប្រឈមនឹងពាក្យបណ្តឹងមួយចំនួន ទាក់ទងនឹងសំឡេងខ្សែអាត់ដែលគេចោទថាបានសន្ទនាជាមួយស្រីកំណាន់។ ចំណែកអតីតសមាជិកព្រឹទ្ធសភាគណបក្សសម រង្ស៊ី លោក ហុង សុខហួរ និងសកម្មជនមួយចំនួនទៀតកំពុងជាប់ពន្ធនាគារ។ បក្សប្រឆាំងចាត់ទុកថាករណីចាប់ខ្លួនទាំងនេះជារឿងនយោបាយ។

មន្រ្តីគណបកសង្រ្គោះជាតិបានឲ្យដឹងថាគណបក្សកំពុងស្វែងរកការចរចាជាមួយថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា តែរហូតមកដល់ពេលនេះមិនទាន់មានការឆ្លើយតបពីបក្សកាន់អំណាចនៅឡើយទេ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ