សមាជិកព្រឹទ្ធសភាបក្សប្រឆាំងស្នើឲ្យលោក សាយ ឈុំ ចាត់វិធានការករណីសមត្ថកិច្ចដកប័ណ្ណអភ័យឯកសិទ្ធិ

សមាជិកព្រឹទ្ធសភាមកពីគណបក្សប្រឆាំងស្នើឲ្យប្រធានព្រឹទ្ធសភា លោក សាយ ឈុំ ចាត់វិធានការលើសមត្ថកិច្ចមួយចំនួន ដោយថាបានដកហូតយកប័ណ្ណអភ័យឯកសិទ្ធិពីសមាជិកព្រឹទ្ធសភាគណបក្ស សម រង្ស៊ី។

ក្នុងលិខិតកាលពីថ្ងៃទី១៩ខែឧសភានេះដាក់ជូនប្រធានព្រឹទ្ធសភា លោក សាយ ឈុំ សមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ លោក សោ ចាន់ដេត បានឲ្យដឹងថា កាលពីថ្ងៃទី១០ ខែឧសភា ក្រុមកម្លាំងប្រដាប់អាវុធប្រមាណ៣០នាក់ដឹកនាំដោយឈ្មោះ ធូ សុធា ប្រធានការិយាល័យចរាចរណ៍ខេត្តឧត្តរមានជ័យបានឃាត់ខ្លួនរូបលោកជាសមាជិកព្រឹទ្ធសភាអស់រយៈពេលមួយម៉ោងកន្លះ។ លិខិតនោះបញ្ជាក់ថា បើទោះជានៅពេលនោះសមាជិកព្រឹទ្ធសភាបានបង្ហាញប័ណ្ណអភ័យឯកសិទ្ធិហើយក៏ដោយ ក៏ក្រុមកម្លាំងប្រដាប់អាវុធនៅតែដកហូតយកប័ណ្ណអភ័យឯកសិទ្ធិទៅថតចម្លង ហើយបង្ខំឲ្យរូបលោកដកស្លាកលេខរថយន្តព្រឹទ្ធសភាចេញទើបឲ្យបន្តដំណើរទៅមុខ។

លោក សោ ចាន់ដេត ចាត់ទុកទង្វើរបស់ក្រុមកម្លាំងប្រដាប់អាវុធនេះថា ជាអំពើរំលោភសិទ្ធិមនុស្សនិងរំលោភលើអភ័យឯកសិទ្ធិព្រឹទ្ធសភាយ៉ាងធ្ងន់ធ្ងរ ហើយស្នើឲ្យលោក សាយ ឈុំ ចាត់វិធានការទៅលើសមត្ថកិច្ចទាំងនោះ។

អ្នកនាំពាក្យព្រឹទ្ធសភា លោក ម៉ម ប៊ុននាង មានប្រសាសន៍ថា ករណីនេះលោកបានណែនាំនិងអប់រំទៅនគរបាលកុំឲ្យធ្វើបែបនេះទៀត ។

លោកថ្លែងថា៖ ខ្ញុំបានណែនាំថា ឡានគាត់ចាស់ៗ បើគាត់ជិះមួយទៅវាខួច គាត់ត្រូវដូរទៅឡានមួយទៀត ដើម្បីគាត់ធ្វើដំណើរបន្តបំពេញភារកិច្ចតាមមូលដ្ឋាន។ ហើយគាត់ក៏ដោះលែងទៅ។ ខ្ញុំបានជួបឯកឧត្តម សោ ចាន់ដេត ដែរតើគោលគំនិតគាត់យ៉ាងម៉េច? គាត់ក៏សំណូមពរធ្វើយ៉ាងណាកុំឲ្យនគរបាលធ្វើបែបហ្នឹងទៀត។ ហើយខ្ញុំក៏បានណែនាំនគរបាលមិនឲ្យធ្វើបែបហ្នឹងទេ។ គេមិនដកប័ណ្ណអភ័យឯកសិទ្ធិទេ គ្រាន់តែថតចម្លងទុក

លោកមេធាវី សុក សំអឿន ពន្យល់ថាតាមច្បាប់បើសមត្ថកិច្ចសង្ស័យថាស្លាកលេខក្លែងក្លាយគឺអាចសុំត្រួតពិនិត្យបាន។ ប៉ុន្តែបើតាមករណីនេះ លោកថា៖ “ស្រុកយើងលែងគោរពអ្នកធំអ្នកតូចហើយ មានន័យថាអំណាចនីតិបញ្ញត្តិកាន់តែខ្សោយទៅៗ

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ