យុវជនចង់ឲ្យប្រជាពលរដ្ឋកម្ពុជាគ្រប់រូបសិក្សានិងស្វែងយល់ពីប្រវត្តិសាស្ត្ររបស់ខ្លួនឲ្យបានច្បាស់ដើម្បីកុំឲ្យរបបប្រល័យពូជសាសន៍ខ្មែរក្រហមត្រឡប់មកសាជាថ្មី។
នៅថ្ងៃទី២០ឧសភា ក៏ដូចជាឆ្នាំមុននៅសារមន្ទីរប្រល័យពូជសាសន៍ជើងឯក សាលារាជធានីបានធ្វើទិវាចងចាំ បូងសួង ឧទ្ទិសកុសល និងរំលឹកដល់អ្នកដែលបានស្លាប់ក្នុងរបបខ្មែរក្រហមក៏ដូចជាការរំលឹកពីការលំបាកនិងភាពភ័យខ្លាចដែលកើតមានក្នុងរបបនោះ។
យុវតីជានិស្សិតឆ្នាំទី២ម្នាក់កញ្ញា សុខ សុវណ្ណារី ដែលបានចូលរួមក្នុងពិធីនេះបានឲ្យដឹងថាពីធីនេះបានធ្វើឲ្យក្មេងៗជំនាន់ក្រោយបានយល់ដឹងអ្វីដែលបានកើតឡើងក្នុងរបបខ្មែរក្រហមតាមរយៈការសម្តែងល្ខោនក៏ដូចជាបានឧទ្ទិសកុសលដល់អ្នកដែលបានស្លាប់បាត់បង់ជីវិតនៅក្នុងរបបនោះ។
ក្នុងនាមជាយុវជនម្នាក់កញ្ញាចង់ឲ្យប្រជាពលរដ្ឋគ្រប់រូបសិក្សាស្វែងយល់ពីប្រវត្តិសាស្ត្ររបស់ខ្លួនឲ្យបានច្បាស់ដើម្បីទប់ស្កាត់កុំឲ្យរបបនេះវិលត្រឡប់មកសាជាថ្មី។
កញ្ញាបន្ថែមថា៖ “យើងត្រូវដឹងឲ្យច្បាស់ពីប្រវត្តិសម័យកាលពីមុនធ្វើយ៉ាងណាដើម្បីកុំឲ្យយុវជនយើងដើរផ្លូវខុសទៅសម័យបែបនោះទៀត ហើយយើងត្រូវអភិវឌ្ឍលើចំនេះដឹងដើម្បីអភិវឌ្ឍន៍ប្រទេសជាតិឲ្យកាន់តែរីកចម្រើន”។
លោក គឹម ឃ្លោក ជានិស្សិតឆ្នាំទី៤បានឲ្យដឹងថាទុក្ខលំបាកក៏ដូចជាការកាប់សម្លាប់នៅសម័យខ្មែរក្រហមនេះជាការគិតខុសរបស់អ្នកដឹកនាំ។ និស្សិតរូបនេះបន្តថា ពលរដ្ឋគួរតែជ្រើសរើសអ្នកដឹកនាំណាដែលល្អដើម្បីកុំឲ្យរបបនេះអាចវិលត្រឡប់មកវិញ។
លោកបន្ថែមថា៖ “ចំពោះប្រជាពលរដ្ឋគួរតែជ្រើសរើសមេដឹកនាំល្អ កាលណាដែលមេដឹកនាំមិនល្អរបបហ្នឹងកើតឡើងដោយមេដឹកនាំគិតខុស អញ្ចឹងសូមឲ្យប្រជាពលរដ្ឋដែលល្អមកដឹកនាំដើម្បីកុំឲ្យប្រទេសយើងជួបរបបនេះម្តងទៀត”។
ប្រជាពលរដ្ឋមកពីសង្កាត់ដង្កោ វ័យប្រហែល៥០ឆ្នាំ លោក ខាត់ បូណា បានឲ្យដឹងថាលោកបានចូលរួមពិធីនេះជាង១០ដងមកហើយ។ លោកថាលោកមិនជឿថារបបប្រល័យពូជសាសន៍ខ្មែរក្រហមអាចវិលត្រឡប់មកវិញបានទេ តែលោកថាប្រសិនបើមិនប្រារព្ធពិធីនេះទេវាអាចធ្វើឲ្យក្មេងៗជំនាន់ក្រោយភ្លេចពីរឿងដែលមនុស្សជំនាន់លោកធ្លាប់ឆ្លងកាត់ ដែលលោកថាជាហេតុមួយអាចបណ្តាលឲ្យពូកគេមិនបានគិតដល់អំពើឃោឃៅទាំងនេះនឹងអាចធ្វើឲ្យពួកគាត់មិនចេះអត់ឱនឲ្យគ្នា។
លោកថា៖ “កម្មវិធីនេះរំលឹកដល់កូនចៅជំនាន់ក្រោយកុំឲ្យភ្លេចនូវរបបឧក្រិដ្ឋកម្មហ្នឹង ហើយកុំឲ្យភ្លេចនូវរបបដ៏ឃោរឃៅអញ្ចឹងទៀតឲ្យនឹកឃើញរបបដែលឈឺចាប់ហ្នឹងវាជាគំរូអាក្រក់មួយឲ្យកូនខ្មែរឲ្យភ្ញាក់រលឹកឡើងថ្ងៃក្រោយឲ្យចេះសាមគ្គីគ្នា ពួតដៃគ្នា ស្រលាញ់ជាតិ ស្រលាញ់ប្រជាជន កុំអត់យល់ប្រជាសាសន៍ខ្លួនឯង គិតតែពីឃោរឃៅកាចសាហាវដាក់គ្នាដូចរបបមុនៗទៀត … ខ្ញុំមិនដឹងថាយ៉ាងណាទេ ប៉ុន្តែរបបនេះខ្ញុំជឿជាក់ថាវាមិនអាចវិលត្រលប់ទេព្រោះប្រជាជនទូទាំងប្រទេសគេមិនគាំទ្រទេរបបអញ្ចឹងៗ រដ្ឋាភិបាលក៏មិនបណ្តែតបណ្តោយឲ្យមានអំពើអញ្ចឹង របបអញ្ចឹងកើតមានទៀតដែរ ”។
គួរបញ្ជាក់ដែរថាទិវាចងចាំ២០ឧសភាកន្លងទៅត្រូវបានគេហៅថា ទិវាចងកំហឹង។ ទិវានេះត្រូវបានសភានៃសាធារណរដ្ឋប្រជាមានិតកម្ពុជានៅឆ្នាំ១៩៨៣កំណត់យកជាថ្ងៃចងកំហឹងទៅនឹងរបបខ្មែរក្រហមដែលបានធ្វើទុកបុកម្នេញកាប់សម្លាប់ប្រជាពលរដ្ឋរាប់លាននាក់។
របបកម្ពុជាប្រជាធិបតេយ្យខ្មែរក្រហមបានកំណត់យកថ្ងៃទី២០ ឧសភា ឆ្នាំ១៩៧៣ គឺជាថ្ងៃកំណើតរបស់ សហករណ៍ខ្លួន បានបន្តសង្គ្រាមរហូតដល់ឈានដល់ការគ្រប់គ្រងទីក្រុងភ្នំពេញឆ្នាំ១៩៧៥។
កាលពីឆ្នាំ២០១២ តុលាការកំពូលនៃសាលាក្តីខ្មែរក្រហមប្រកាសសាលដីកាជាស្ថាពរឲ្យលោក កាំង ហ្កេកអ៊ាវ ហៅឌុច ជាប់ពន្ធនាគារអស់មួយជីវិតពីបទឧក្រិដ្ឋកម្មសង្គ្រាម ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ អំពើមនុស្សឃាតនិងការធ្វើទារុណកម្ម ដែលមានមនុស្សជាង១២ ០០០នាក់បានស្លាប់នៅក្នុងមន្ទីរឃុំឃាំងគុកទួលស្លែង។
នៅខែសីហា ឆ្នាំ២០១៤ សាលាដំបូងនៃសាលាក្តីខ្មែក្រហមក៏បានចេញសាលក្រមទៅលើសំណុំរឿង០០២/០១ ដោយសម្រេចផ្តន្ទាទោសលោក នួន ជា និង ខៀវ សំផន ឲ្យជាប់ពន្ធនាគារអស់មួយជីវិតពីបទឧក្រិដ្ឋប្រឆាំងមនុស្សជាតិ ហើយបច្ចុប្បន្ននេះសាលាក្តីមួយនេះកំពុងដំណើរការលើសំណុំរឿង០០២/០២៕