គ.ជ.ប ថា គ្មានគម្រោងលើកបញ្ហាប្រឈម​របស់សមាជិកជជែកជាមួយគណៈប្រតិភូ​កូហ្វីអា​ណាន់

គ.ជ.ប

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប ឲ្យដឹងថា ស្ថាប័ននេះនឹងជួបជាមួយគណៈប្រតិភូអង្គការមូលនិធិកូហ្វីអាណាន់ នៅថ្ងៃចន្ទស្អែក ជជែកពីបញ្ហាបោះឆ្នោតនៅកម្ពុជា ប៉ុន្តែគ្មានគម្រោងជជែកពីបញ្ហាសមាជិករបស់ខ្លួនដែលកំពុងប្រឈមនឹងតុលាការទេ។

អគ្គលេខាធិការរង គជប លោក នី ចរិយា ត្រូវតុលាការសម្រេចឲ្យឃុំខ្លួននៅពន្ធនាគារ បន្ទាប់ពីអង្គភាពប្រឆាំងអំពើពុករលួយចោទប្រកាន់ថា មន្ត្រីរូបនោះបានសមគំនិតសូកប៉ាន់សាក្សី។ ចំណែកសមាជិក គជប កូតាមកពីគណបក្សសង្គ្រោះជាតិ លោក រ៉ុង ឈុន ត្រូវចៅក្រមស៊ើបសួរ សាលាដំបូងរាជធានីភ្នំពេញ ជូនដំណឹងថា បានបញ្ជូនសំណុំរឿងទៅចៅក្រមជម្រះ។

ក្នុងសេចក្តីជូនដំណឹងចុះផ្សាយកាលពីថ្ងៃទី១៨ ខែឧសភា គជប បញ្ជាក់ថា នៅថ្ងៃទី២៣ ខែឧសភា គណៈប្រតិភូមូលនិធិកូហ្វីអាណាន់ នឹងជួបពីភាក្សាជាមួយស្ថាប័ននេះ ដើម្បីស្វែងយល់ពីការបោះឆ្នោត លទ្ធិប្រជាធិបតេយ្យ និងសន្តិសុខនៅកម្ពុជាពេលបច្ចុប្បន្ននេះ។

អ្នកនាំពាក្យ គជប លោក ហង្ស ពុទ្ធា ប្រាប់វីអូឌី(VOD) នៅថ្ងៃអាទិត្យនេះថា ជំនួបនោះ គ.ជ.ប នឹងលើកពីស្ថានការធ្វើកំណែទម្រង់ និងដំណើរការបោះឆ្នោតនៅកម្ពុជា រួមទំាងបញ្ហាផ្សេងៗទៀត។ ប៉ុន្តែលោកថា គជប មិនមានគម្រោងលើកបញ្ហាដែលសមាជិករបស់ខ្លួនកំពុងប្រឈមនឹងតុលាការមកពិភាក្សានោះទេ។

នៅពេលថ្មីៗនេះ ភារធារីនៃប្រតិភូសហភាពអឺរ៉ុបប្រចាំកម្ពុជា  លោក Alain Vandersmissen ធ្លាប់បង្ហាញក្តីសង្ឃឹមថា(គ.ជ.ប)នឹងមានវិធានការសមរម្យ ករណីសមាជិកត្រូវចោទប្រកាន់ ក្នុងនោះមានលោក រ៉ុង ឈុន ផងដែរ។

បើតាមគម្រោង គណៈប្រតិភូនៃអង្គការមូលនិធិកូហ្វីអាណាន់នេះ នឹងមកទស្សនៈនៅកម្ពុជារយៈពេល៤ថ្ងៃ គឺចាប់ពីថ្ងៃទី២២ ដក់ថ្ងៃទី២៥ ខែឧសភា។

រយៈពេល៤ថ្ងៃនៃដំណើទស្សនកិច្ចនេះ គណប្រតិភូអង្គការមូលនិធីកូហ្វីអាណាន់ និងជួបជាមួយអ្នកនយោបាយ មន្ត្រីអង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិ មន្ត្រីស្ថានទូតប្រចាំកម្ពុជា គ.ជ.ប និងរាជរដ្ឋាភិបាលផងដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ