ទីភ្នាក់ងារចារកម្មអាហ្វហ្កានីស្ថានកាលពីថ្ងៃអាទិត្យម្សិលមិញ បានបញ្ជាក់ពីការស្លាប់របស់មេដឹកនាំកំពូលក្រុមតាលីបង់ Mullah Akhtar Mohammad Mansoor។
យោងតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មានស៊ិនហួរ ដែលបានដកស្រង់សម្ដីទីភ្នាក់ងារព័ត៌មានចារកម្មជាតិអាហ្វហ្កានីស្ថានបានរាយការណ៍ថា Mansoor មេដឹកនាំតាលីបង់ត្រូវបានគេសម្លាប់បន្ទាប់ពីមានការវាយប្រហារតាមផ្លូវអាកាសកាលពីរសៀលថ្ងៃទី២១ ខែឧសភា ទៅលើតំបន់ Dalbandine ស្ថិតក្នុងប្រទេសប៉ាគីស្ថាន។
លោក Abdullah Abdullah ប្រធានខុទ្ទកាល័យរដ្ឋាភិបាលអាហ្វហ្កានីស្ថានក៏បានបញ្ជាក់ពីមរណភាពរបស់មេដឹកនាំក្រុមតាលីបង់នេះផងដែរ។
លោក Abdullah បាននិយាយថាការកម្ចាត់មេដឹកនាំក្រុមតាលីបង់រូបនេះគឺជាការវាយប្រហារដ៏ធំទៅលើក្រុមឧទ្ទាមនៅក្នុងការធ្វើសកម្មភាពភេរវកម្មនៅក្នុងប្រទេសនេះ។
ទីភ្នាក់ងារចារកម្មក៏បានអំពាវនាវដល់ក្រុមសកម្មប្រយុទ្ធតាលីបង់ឲ្យបោះបង់ការប្រយុទ្ធរបស់ពួកគេ ហើយចូលរួមក្នុងដំណើរការសន្តិភាពនិងផ្សះផ្សារជាតិដែលផ្ដួចផ្ដើមដោយរដ្ឋាភិបាល។
Mullah Mansoor បានក្លាយជាមេដឹកនាំក្រុមតាលីបង់ កាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៥ មួយថ្ងៃក្រោយពីដំណឹងមរណភាពអតីតមេដឹកនាំក្រុមតាលីបង់ Mullah Omar ត្រូវបានគេបង្ហាញឲ្យដឹង៕