មន្រ្តី​ជំនាញ​​ចុះ​​បិទគ្លីនិក​ឃឹម រ៉ានី ក្រោយ​មានករណីស្លាប់អ្នកជំងឺ ខណៈ​ម្ចាស់គ្លីនិក​ថា​អយុត្តិធម៌

មន្រ្តីជំនាញ​ចុះ​បិទ​គ្លីនិកឃឹម រ៉ានី នៅព្រឹកថ្ងៃ​ចន្ទនេះ(រូបថតពីហ្វេសប៊ុកមន្ទីរសុខាភិបាល​រាជធានីភ្នំពេញ )

មន្រ្តីជំនាញរបស់មន្ទីរសុខាភិបាល នៅព្រឹកថ្ងៃចន្ទនេះ បានចុះបិទមន្ទីរសម្រាកព្យាបាលឃឹម រ៉ានី នៅសង្កាត់បឹងកក់១ ខណ្ឌទួលគោក ក្រោយមានករណីស្លាប់អ្នកជំងឺម្នាក់កាលពីថ្ងៃអាទិត្យនិងក្រោយក្រសួងសុខាភិបាលបានសម្រេចប្រកាសបិទគ្លីនិកមួយនេះ។

ក្នុងសេចក្តីសម្រេចមួយចុះថ្ងៃទី២៣ ខែឧសភា រដ្ឋមន្រ្តីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង បានសម្រេចថាបិទមន្ទីរសម្រាកព្យាបាលជំងឺឯកជន ឈ្មោះ ឃឹម រ៉ានី ដែលមានទីតាំងនៅផ្ទះលេខ១៤ ផ្លូវ៣១៥ សង្កាត់បឹងកក់១ ខណ្ឌទួលគោក ដោយមូលហេតុថាមន្ទីរពេទ្យ”បង្កឲ្យមានបញ្ហាជាច្រើនលើកច្រើនសារ ដោយមិនគោរពទៅតាមកិច្ចសន្យារបស់ខ្លួនពេលដាក់ពាក្យស្នើសុំបើកមន្ទីរសម្រាកព្យាបាល ឃឹម រ៉ានីនិងមិនគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាល”។ បើតាមសេចក្តីសម្រេច ក្រសួងបានទុកជាមោឃៈនូវលិខិតអនុញ្ញាតរបស់ក្រសួងសុខាភិបាលចុះថ្ងៃទី១១ខែកញ្ញា ឆ្នាំ២០១៤។

សេចក្តីសម្រេចរបស់ក្រសួងសុខាភិបាលធ្វើឡើងបន្ទាប់ពីមានបុរសម្នាក់ អាយុ២៨ឆ្នាំ ឈ្មោះ ឡាំ តៅគង់ បានស្លាប់ ក្រោយចូលទៅព្យាបាលនៅមន្ទីរសម្រាកព្យាបាល ឃឹម រ៉ានី កាលពីយប់ថ្ងៃអាទិត្យ។

នៅព្រឹកថ្ងៃចន្ទនេះ មន្រ្តីជំនាញរបស់មន្ទីរសុខាភិបាលរាជធានីបានចុះអនុវត្តសេចក្តីសម្រេចរបស់ក្រសួង។ ហ្វេសប៊ុករបស់មន្ទីរសុខាភិបាលបានបញ្ជាក់ថា៖ “មន្ទីរសុខាភិបាលរាជធានីនឹងចាត់វិធានការបែបនេះចំពោះគ្លីនិកឯកជនទាំងឡាយណាដែលពុំបានយកចិត្តទុកដាក់ក្នុងការពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋនិងអនុវត្តផ្ទុយពីលក្ខខណ្ឌបច្ចេកទេសនិងច្បាប់សុខាភិបាលដែលបានកំណត់។ ទន្ទឹមនឹងនោះផងដែរត្រូវប្រឈមមុខនឹងការកសាងសំណុំរឿងសេវាសុខាភិបាលទៅកាន់តុលាការដើម្បីចាត់ការតាមនីតិវិធីច្បាប់”

បើតាមកំណត់ហេតុរបស់លេខាធិការដ្ឋានលុបបំបាត់ឱសថក្លែងក្លាយនិងសេវាសុខាភិបាល គ្រូពេទ្យនៃគ្លីនិក ឃឹម រ៉ានី បានចាក់ថ្នាំសង្រ្គោះបឋមសម្រាប់អ្នកជំងឺ ក្រោយពីបានវាស់សម្ពាធឈាមនិងជីពចរ ហើយបានដាក់អុកស៊ីសែន រួចបញ្ជូនអ្នកជំងឺទៅភ្លាមទៅមន្ទីរពេទ្យកាល់ម៉ែត។

លោកស្រី ឃឹម រ៉ានី ម្ចាស់គ្លីនិក ប្រាប់វីអូឌីពេលចុះសម្ភាសន៍ថាវាជា”រឿងអយុត្តិធម៌”មួយសម្រាប់គ្លីនិករបស់លោកស្រី ដោយលោកស្រីថានេះគ្រាន់តែការចុះផ្សាយរបស់សារព័ត៌មាន។ លោកស្រីបន្តថាការបិទគ្លីនិកនេះប៉ះពាល់ដល់កិត្តិយសរបស់គ្លីនិក បុគ្គលិកនិងសេដ្ឋកិច្ចរបស់លោកស្រី។ លោកស្រីឲ្យដឹងថាអ្នកជំងឺមានសភាពធ្ងន់ធ្ងរពេលចុះមកព្យាបាល ទើបវេជ្ជបណ្ឌិតរបស់មន្ទីរពេទ្យសម្រេចចាក់ថ្នាំពីរម្ជុលនិងដាក់អុកស៊ីសែនដើម្បីបញ្ជូនអ្នកជំងឺទៅមន្ទីរពេទ្យធំ។ លោកស្រីបន្តថាបើតាមការពិនិត្យ អ្នកជំងឺមានអការៈជំងឺបេះដូង។

លោកស្រីបន្ថែមថា៖ “គាត់ចុះមកតើ!(ក្រសួង) ហើយក៏យើងមានផ្តល់ឯកសារគ្រប់គ្រាន់ឲ្យគាត់ពាក់ព័ន្ធហ្នឹងជំងឺហ្នឹងហើយថាជំងឺហ្នឹងយ៉ាងម៉េច! តែនៅតែគាត់ចេញសេចក្តីប្រកាសមកបិទយើង។ តើបងជាអ្នកគ្រូពេទ្យម្នាក់ បងមានទឹកចិត្តចង់ជួយមនុស្សទៀតអត់ … គឺជារឿងអយុត្តិធម៌បំផុត! … គ្រួសាររងគ្រោះគេថាបងចាក់ថ្នាំឲ្យគេស្លាប់ តែបណ្តាញសារព័ត៌មានដែលឡើង(ចុះផ្សាយ) អត់មានទទួលការបកស្រាយពីបងទេ យកទៅសរសេរ គ្រាន់តែអ្នកជំងឺឈឺចង្កេះដើរចូលមកចាក់ថ្នាំ២ម្ជុលស្លាប់។ តាមក្រសួងតាមមន្ទីរទាំងអស់អត់មានយកព័ត៌មានពិតពីបងណាមួយ អត់មានយកព័ត៌មានពិតពីអ្នកជំងឺពិតណាមួយទេ ឃើញព័ត៌មានបង្ហោះចុះមកបិទបង គឺគេបិទបងតាមបណ្តាញសារព័ត៌មាន”

បើតាមលោកស្រីរ៉ានី គ្លីនិករបស់លោកស្រីត្រូវបានអនុញ្ញាតពីក្រសួងនិងបើកដំណើរការតាំងពីឆ្នាំ២០០០។

Khim-Ranyក្រោយហេតុការណ៍ស្លាប់នេះ ភរិយារបស់ជនរងគ្រោះ ឈ្មោះ សុខ រដ្ឋមុនី បានបង្ហោះនៅលើហ្វេសប៊ុករបស់ខ្លួនក្រោយកើតហេតុការណ៍ថានៅម៉ោង៧និង៤៣នាទីយប់ថ្ងៃអាទិត្យ ប្តីរបស់អ្នកនាងបានហៅទូរស័ព្ទមកថាមិនអាចទៅជួបបានទេ ដោយសារឈឺខ្នងបើកឡានទៅអត់រួចហើយប្រាប់ថានៅគ្លីនិក ឃឹម រ៉ានី។ អ្នកនាងបន្តថា៖ “ជិះមកឃើញឡានបងហើយ។ ខ្ញុំដើរជិតដល់ក្រៅទើបរកបានម៉ូតូឌុបជិះ ប្រហែលជាង១០នាទីមកដល់គ្លីនិកភ្លាម 8:02 តេទៅប្តីសួរបងទៅណាហើយ អត់ឃើញឡានចឹង នៅក្នុងអត់? តែអ្នកលើកទូរស័ព្ទថាគង់គេបញ្ជូនទៅកាល់ម៉ែតហើយដាច់ខ្យល់ហើយ”។ អ្នកនាងបញ្ជាក់បន្ថែមថា៖ “សួរថាជឿអត់ ទើបតេប្រាប់ប្រពន្ធឲ្យមកមើលសោះ ហើយក៏មិនដែលឈឺអីទាក់ទងបេះដូង ចូលគ្លីនិក គេអត់ប្រាប់ថាឈឺអីផងចាក់អស់២ម្ជុល ត្រឹមតែ៣,៤នាទីមនុស្សក៏ប្រកាច់បែកពពុះមាត់ ហើយគេក៏ឲ្យឡានពេទ្យគេដឹកចេញភ្លាម ហើយមិនឲ្យយើងអង្គុយខាងក្រោយទៀត។ មកដល់កាល់ម៉ែត គេថាផុតដង្ហើមមុនមកដល់។ សួរថា ស្លាប់ពីណា? សពអាចស្លាប់តាំងពីពេលនោះម៉្លេះ គឺបន្លំដឹកចេញភ្លាម។ អយុត្តិធម៌អត់ ពេលមើលអត់មានថាឈឺអីទេ ហើយក៏មិនដឹងចាក់ថ្នាំអីឲ្យ ហើយឥឡូវខំមកការពារខ្លួនថាមកដល់សពមានជំងឺបេះដូង”។

ភរិយាជនរងគ្រោះបានឲ្យដឹងទៀតថា៖ “នៅកាល់ម៉ែតគេល្បីណាស់ ឈ្មោះគ្លីនិកឃឹម រ៉ានី ល្បីខាងស៊ីទាំងរស់ ហើយចាក់គេស្លាប់ញយ។ សូម្បីយាយជីក៏ថាស្គាល់ហើយអាគ្លីនិកហ្នឹង អាណាមិនល្បី ទៅទីណាលឺតែឈ្មោះពេទ្យនេះ មួយៗក្តៅក្រហាយ ហើយល្បីដូចៗគ្នាចឹង ល្បីខាងប្តឹង ហើយធ្វើអីវាមិនកើត ខ្នងក្រាស់ តើខ្នងខាងណា សាហាវម៉្លេះ? អាងអំណាច? ប្រមាថជីវិតគេ? បន្តចឹងទៀតឬ? ស្រណោះអត់ ទើប២៨ឆ្នាំ គេថាគាំងបេះដូង? ទើបឈឺខ្នងសោះ អត់ដែលចុកបេះដូងម្តងណាទេ……ហេតុអីលទ្ធផលចេញបែបនេះ”? រាយការណ៍ដោយ ហ៊ុន សិរីវឌ្ឍន៍ ស៊ុន ណារិននិង រ័ត្ន សុភក្តិ

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ