លិខិតមិត្តអ្នកអាន៖យុទ្ធនាការ​ឈុត​ខ្មៅខ្លាំងត្រង់​​ដឹក​នាំ​ដោយ​គ្មាន​អ្នក​ដឹក​នាំ​

រូបភាព​ពីបណ្តាញសង្គមហ្វេសប៊ុក

ភាពឈ្លាសវៃរបស់សង្គមស៊ីវិលក្នុងការធ្វើយុទ្ធនាការឈុតខ្មៅនិងទប់ទល់នឹងការបង្ក្រាបគឺដឹកនាំដោយគ្មានអ្នកដឹកនាំ ពោលគឺដឹកនាំជាក្រុមមិនមែនបុគ្គលណាម្នាក់មានសិទ្ធិដឹកនាំផ្តាច់មុខ។ លោក អំ សំអាត បានផ្តល់បទសម្ភាសន៍ដល់វិទ្យុបារាំងថ្ងៃទី៩ខែឧសភាក្រោយពេលចាប់ខ្លួនអ្នកចូលយុទ្ធនាការ៨នាក់ថា«ការចូលរួមក្នុងយុទ្ធនាការស្លៀកពាក់ខ្មៅនេះ វាមិនមែនជាជំហររបស់អង្គការណាមួយទេ អានេះគឺជាការស្មគ្រចិត្តរបស់បុគ្គលមួយៗ…មិនមែនជាគោលការណ៍របស់អង្គការណាមួយទេ»។ ដូចគ្នាដែរ លោក ប៉ា ងួនទៀង បានបញ្ជាក់ប្រាប់វីអូអេថ្ងៃទី១០ថា«យុទ្ធនាការនេះអត់មាននរណាមួយជាម្ចាស់គំនិត អត់មាននរណាមួយជាអ្នកដឹកនាំទេ គឺជាការតស៊ូមតិរួមគ្នារវាងប្រជាពលរដ្ឋសហគមន៍ហើយនិងសង្គមស៊ីវិល»។

ផ្ទុយពីបាតុកម្មអហិង្សាឆ្នាំ២០១៣ របស់គណបក្សប្រឆាំងដែលពឹងផ្អែកតែទៅលើមេបក្សតែពីររូប ដែលប្រការនេះបង្កលក្ខណៈងាយស្រួលក្នុងការកំណត់មុខសញ្ញាធ្វើទុក្ខបុកម្នេញ ម្នាក់គេគំរាមសម្លាប់តាមហ្វេសប៊ុកកាលឆ្នាំ២០១៣និងយករឿងអាស្រូវស្នេហាធ្វើជាអាវុធនយោបាយនាពេលបច្ចុប្បន្ន ម្នាក់តែងត្រូវគេធ្វើឱ្យរត់ចោលស្រុកម្តងហើយម្តងទៀតនិងបិះស្លាប់ដោយសារគ្រាប់បែកគេគប់នៅមុខរដ្ឋសភា (គង់បានអង្គរក្សពលី), យុទ្ធនាការឈុតខ្មៅរបស់សង្គមស៊ីវិលមិនបន្សល់ទុកមុខសញ្ញាច្បាស់លាស់ឡើយ ទោះចាប់ខ្លួនអ្នកណា ចាប់ប៉ុន្មាននាក់ ចាប់ប៉ុន្មានដង ឃុំរយៈពេលប៉ុន្មាន…សុទ្ធតែគ្មានប្រសិទ្ធភាពនិងមិនអាចបញ្ឈប់យុទ្ធនាការបានទាំងអស់។ ទប់ទល់នឹងគណបក្សប្រឆាំង យ៉ាងច្រើនគណបក្សកាន់អំណាចត្រូវប្រឈមជាមួយមេដឹកនាំពីររូបប៉ុណ្ណោះ, ទប់ទល់នឹងសង្គមស៊ីវិលវិញ គេចង់រកមុខអ្នកដឹកនាំក៏រកមិនឃើញ  ព្រោះអ្នកដឹកនាំជាក្រុម ហើយក៏មិនជាសង្គមស៊ីវិលមួយក្រុមទៅទៀត រិតតែមិនមែនជាបុគ្គលម្នាក់។

នេះជាចំណុចខ្លាំងរបស់សង្គមស៊ីវិលនិងរចនាសម្ពន្ធដឹកនាំរបស់យុទ្ធនាការឈុតខ្មៅដែលយើងអត់ទ្រាំមិនសរសើរមិនបាន។ និយាយតាមត្រង់ គំនិតបង្កើតរចនាសម្ពន្ធគ្មានអ្នកដឹកនាំនេះ យើងធ្លាប់ប្រទះតែក្នុងសៀវភៅណែនាំអំពីការធ្វើយុទ្ធនាការអហិង្សាប៉ុណ្ណោះ(ប្រហែលមិនមាននៅស្រុកខ្មែរទេ) មិនរំពឹងថាមានអ្នកអនុវត្តនៅកម្ពុជាឡើយ។ ចលនានិស្សិតប្រឆាំងមេដឹកនាំផ្តាច់ការ«អ៊ូតផូរ»(Otpor! ជាភាសាស៊ែកប៊ី មានន័យថាការប្រឆាំង) ដែលបានផ្តួលរំលំរបបផ្តាច់ការរបស់លោកប្រធានាធិបតី ស្លឺបរដេន ម៊ីលូសឺវិច(Slobodian Milosevic)នៅប្រទេសស៊ែកប៊ី (Serbia) ឆ្នាំ២០០០ បានប្រើប្រាស់រចនាសម្ពន្ធដឹកនាំគ្មានដឹកនាំនេះដែរ ដើម្បីទប់ទល់នឹងការតាមប្រមាញ់របស់រដ្ឋអំណាចដែលសំដៅចង់សម្លាប់ចលនាប្រឆាំងដោយធ្វើឃាតមេដឹកនាំ(ស្រដៀងកម្ពុជា កឹម សុខា ត្រូវបានគេគំរាមសម្លាប់)។

ក្រោយពីផ្តួលរំលំរបបផ្តាច់ការបានសម្រេច មានការបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មីមក ប្រជាធិបតេយ្យនៅស៊ែកប៊ីក៏រឹងមាំ ក្រុមនិស្សិតនេះក៏បានបង្កើតអង្គការបណ្តុះបណ្តាលអំពីយុទ្ធសាស្ត្រអហិង្សាមួយឈ្មោះថាមជ្ឈមណ្ឌលអនុវត្តសកម្មភាពនិងយុទ្ធសាស្ត្រអហិង្សា(Centre For Applied Nonviolent Action and Strategies) នៅឆ្នាំ២០០៣ហៅកាត់ថាCANVAS។ អង្គការនេះពុំបានមកបណ្តុះបណ្តាលនៅកម្ពុជាទេ តែធ្លាប់បណ្តុះបណ្តាលសកម្មជននៅមជ្ឈឹមបូព៌ា(អង្គការនេះមិនបានបំផុសបំផុលឱ្យមានបដិវត្តន៍ពណ៌នោះទេ)។ ចម្លែកត្រង់ថាសង្គមស៊ីវិលប្រើរចនាសម្ព័ន្ធគ្មានអ្នកដឹកនាំបែបអ៊ូតផូរដោយមិនបានទទួលឥទ្ធិពលពីអ៊ូតផូរ ហើយគាប់ជួនទៀតនោះអ៊ូតផូរ ក៏ប្រើពណ៌ខ្មៅជានិមិត្តសញ្ញាចលនាដែរ។ ក្រៅពីពិបាកបង្ក្រាប រចនាសម្ព័ន្ធដឹកនាំដោយគ្មានមេដឹកនាំ ដែលអាចទុកថាដឹកនាំបែបប្រជាធិបតេយ្យ នៅមានសារប្រយោជន៍ផ្សេងទៀតគឺសម្រេចចិត្តមូលមតិជាឯកច្ឆន្ទជួយពង្រឹងសាមគ្គីភាពនិងឯកភាពគ្នា, អាចកាត់បន្ថយការសម្រេចចិត្តខុស នាំគំនិតនិងតាក់ទិចថ្មីៗ (អាស្រ័យលើភាពចម្រុះនិងចំនួនច្រើននៃសង្គមស៊ីវិលដែលចូលរួមពិភាក្សាមុនសម្រេចចិត្ត) ពិសេស វាបង្ការរារាំងមិនឱ្យអ្នកណាមួយ ក្រុមណាមួយ ប្រមូលអំណាចផ្តាច់មុខ សម្រេចចិត្តតែឯង ចង់បន្ថែមគោលដៅផ្សេង ចង់គាំទ្រគណបក្សនយោបាយណាមួយ ដែលនឹងជំរុញឱ្យមានសង្គមស៊ីវិលជាច្រើនផ្សេងទៀតជំទាស់ថា បើយើងឆ្លងដែនពីបញ្ហាសិទ្ធិមនុស្សចូលរឿងនយោបាយ យើងនឹងជួយផ្ទៀងផ្ទាត់ពាក្យចោទប្រកាន់របស់រដ្ឋាភិបាលលាបពណ៌ឱ្យយើងមិនខានហើយ, អ្នកចូលរួមអាចអស់ជំនឿលើពួកយើងថាជាឧបករណ៍របស់នយោបាយរបស់បក្សណាមួយ។

បើចង់បន្តយុទ្ធនាការក្នុងគោលដៅផ្សេង ពួកគេគួរតែចំណាយពេលនិងពលកម្មឱ្យបានគ្រប់គ្រាន់សិនក្នុងការស្ទង់មតិចូលរួមថាតើពួកគេយល់ស្របនឹងគោលដៅថ្មីឬអត់ ចង់ធ្វើបន្តឬអត់ បើការស្ទង់មតិមិនថ្លោះធ្លោយនិងអាចតំណាងមតិទូទៅ ពីរភាគបីយល់ព្រម នោះការបន្តដើម្បីគោលដៅផ្សេងនឹងមិនប៉ះពាល់ដល់ចំនួនអ្នកចូលរួមយុទ្ធនាការទេ។ អ្វីដែលគេត្រូវប្រុងប្រយត្នបំផុតនោះគឺត្រូវសម្រេចគោលម្តងមួយ មិនមែនទាមទារម្តងពីរបីនោះទេ ឧ. គណបក្សសង្គ្រោះជាតិកាលឆ្នាំ២០១៣ ម្តងទាមទារស៊ើបអង្កេតការបោះឆ្នោត ក្រោយមកបោះឆ្នោតឡើងវិញ បន្ទាប់មកទៀតទាមទារចុះចេញពីតំណែង មិនទាន់សម្រេចគោលដៅមួយផង ក៏លោតទៅរកគោលដៅមួយទៀត ចុងក្រោយគោលដៅទាំងអស់សុទ្ធមិនសម្រេច សូម្បីស្ថាប័នបោះឆ្នោតថ្មីក៏ទទួលបានអគ្គលេខាធិការចាស់ទៀត នេះនៅមិនរាប់ច្បាប់បោះឆ្នោតអាក្រក់ដែលគណបក្សនេះជួយអនុម័តនិងករណីអគ្គលេខាធិការរងត្រូវគេចាប់ខ្លួនថ្មីៗផង។ នេះជាលទ្ធផលពីការដឹកនាំបាតុកម្មសម្រេចចិត្តដោយបុគ្គលតែពីររូប។   គេត្រូវថ្លឹងឱ្យមានតុល្យភាពរវាងគោលដៅនិងសមត្ថភាព/លទ្ធភាពរបស់យុទ្ធនាការមុននឹងកំណត់គោលដៅជាចុងក្រោយ ពោលគឺគោលដៅកាន់តែពិបាកសម្រេច នោះចំនួនអ្នកចូលរួម, ការបណ្តុះបណ្តាល, ការពង្រឹងវិន័យ, ការពន្យល់តាក់ទិចនិងយុទ្ធសាស្ត្រ ភាពក្រាញននៀលនឹងការបង្ក្រាប ទាមទារកាន់តែច្រើន ស្វិតស្វាញនិងហ្មត់ចត់។

ផ្ទុយពីគោលដៅបាតុកម្មអហិង្សារបស់សង្គ្រោះមានកម្រិតអតិបរមា(បោះឆ្នោតឡើងវិញនិងទាមទារចុះតំណែង) យុទ្ធនាការរបស់សង្គមស៊ីវិលកំណត់ត្រឹមគោលដៅអប្បបរមាប៉ុណ្ណោះគឺទាមទារត្រឹមតែដោះលែងសង្គមស៊ីវិល៥នាក់ មិនទាំងដល់៦នាក់ផង ម្នាក់ទៀតជាមន្ត្រីUN កុំគេចោទថាពាក់ព័ន្ធនឹងបរទេស។ យើងពុំបានអះអាងថាមិនអាចកំណត់គោលដៅធំទេ គ្រាន់តែបញ្ជាក់ថាគោលដៅធំតូចអាស្រ័យសមត្ថភាព បើយុទ្ធនាការមិនទាន់រីកធំនិងមានវិន័យរឹងមាំ ទាមទារគោលដៅធំប្រៀបដាំចង្រ្កាន មិនប្រមាណឆ្នាំង។ គោលដៅគួរងាយសម្រេចបាន ពីគោលដៅតូចៗទៅធំ មានការគាំទ្រពីពលរដ្ឋភាគច្រើន និងទាក់ទងនឹងបញ្ហាដែលប៉ះពាល់ដោយផ្ទាល់នឹងពលរដ្ឋមូលដ្ឋាន។

គួររំឭកពីគន្ធីបន្តិច ចលនាទាមទារឯករាជ្យរបស់មហាត្មាគន្ធីកំណត់គោលដៅតូចៗម្តងមួយៗ ហើយទាក់ទងនឹងបញ្ហាជីវភាពរបស់អ្នកស្រុកឥណ្ឌា។ គន្ធី បានរកឃើញថាអង់គ្លេសបានប្រយោជន៍ចម្បងពីឥណ្ឌា តាមរយៈការផលិតអំបិលផ្តាច់មុខមិនអនុញ្ញាតឱ្យក្រុមហ៊ុនឯកជនឈ្មួញតូចតាចឥណ្ឌាធ្វើអំបិលលក់ខ្លួនឯងឡើយ។ គន្ធីក៏ចាប់ផ្តើមពីកៀងគរពលរដ្ឋទៅច្រោះអំបិលដោយខ្លួនឯង មិនខ្លាចការហាមប្រាមឬចោទថាខុសច្បាប់របស់រដ្ឋអំណាចអង្លេសឡើយ។ គន្ធី បានតបនឹងចំណាត់ការរបស់អង់គ្លេសថាសមុទ្ររបស់ឥណ្ឌាហេតុអ្វីអំបិលរបស់អង់គ្លេស? សមុទ្រនៅឥណ្ឌា ហេតុអ្វីជាកម្មសិទ្ធិផ្តាច់មុខរបស់អង្លេស? ច្បាប់អំបិលអង្លេសគឺជាច្បាប់ដែលអនុម័តដោយអង់គ្លេស ប្រាកដជាបម្រើប្រយោជន៍អង់គ្លសេហើយ មិនមែនបម្រើឥណ្ឌាទេ បើឥណ្ឌាគោរពច្បាប់បែបនេះគឺឥណ្ឌាខ្លួនឯងជាអ្នកឱ្យអង់គ្លសេដាក់អាណានិគមលើ មិនមែនអង់គ្លសេបង្ខំឥណ្ឌានោះទេ។

សំណួរមួយដែលត្រូវសួរ តើរចនាសម្ព័ន្ធគ្មានមេដឹកនាំឬក៏ដឹកនាំដោយបុគ្គលម្នាក់ពីរនាក់មានប្រសិទ្ធភាពយ៉ាងម៉េច បើចុងក្រោយសុទ្ធតែអប្រសិទ្ធភាព ព្រោះទោះទាមទារឱ្យដោះលែង ទោះរដ្ឋអំណាចដោះលែងមែនក៏គេអាចចាប់ម្តងទៀតបានដែរ? ដូចយើងដឹងហើយរដ្ឋធម្មនុញ្ញកំពូលទៅហើយនៅគេរំលោភត្រង់ៗ បកប្រែស្រេចតែចិត្ត អនុវត្តស្តង់ដារពីរ រាប់ទាំងកិច្ចព្រមព្រៀងទីក្រុងប៉ារីស កតិកាសញ្ញាអន្តរជាតិទាំងឡាយផង  ចុះទំរាំកិច្ចព្រមព្រៀងនយោបាយកំប៉េកកំប៉ុក វប្បធម៌សន្ទានានិងការចរចាល្មមៗទៅមានសង្ឃឹមឯណាថា ភាគីមានអំណាចគោរពតាម។

អំពីវប្បធម៌ចាប់ចាប ចាប់ហើយលែង លែងហើយចាប់មិនមែនចេះតែចាប់ឬចេះតែលែងទេ។ ទាំងនេះសុទ្ធតែមានផែនការនិងគោលដៅច្បាស់លាស់។ នៅខាងក្រោយឆាក មុននឹងថ្នាក់លើរបស់អាជ្ញាធរបញ្ជាធ្វើសកម្មភាពបង្ក្រាបយុទ្ធនាការឈុត គេមានគម្រោងថាអ្នកណាត្រូវចាប់ អ្នកណាគួរលែង ត្រៀមវិធីបង្ក្រាបរួចអស់ហើយ តាមរយៈសេចក្តីថ្លែងការណ៍របស់ក្រសួងមហាផ្ទៃចុះថ្ងៃទី៨ មុនថ្ងៃចន្ទពណ៌ខ្មៅ។ ខាងសង្គមស៊ីវិលវិញក៏មានផែនការដែរ គឺពួកគេដឹងថាអាជ្ញាធរនឹងឃាត់មិនឱ្យបន្តយុទ្ធនាការ, ចាប់ខ្លួនពួកគេ, សួរចម្លើយ ថែមទាំងអាចមានវាសនាដូចមន្ត្រីសិទ្ធិមនុស្ស ៥នាក់ដែលកំពុងជាប់ឃុំផង។ រឿងចាប់-លែង-លែង-ចាប់ ដូចចាប់ចាបនេះមិនមែនថ្មីទេ កាលពីឆ្នាំ២០១៣ ក៏មានការចាប់សមាជិកគណបក្សប្រឆាំងដែរ គឺនៅក្រោយការបោះឆ្នោត២០១៣ សំណុំរឿងរំដោះទីលានប្រជាធិបតេយ្យដែលមានអំពើហិង្សាកើតឡើង។ ដំបូងចាប់ដើម្បីបង្ខំឱ្យចរចាឬសន្ទនានិងពិសេសចូលសភាបង្គ្រប់ភាពស្របច្បាប់ឱ្យរដ្ឋាភិបាល ក្រោយមកចរចាត្រូវរ៉ូវគ្នា មិនយូរប៉ុន្មានក៏ចាប់ទៀត បង្ហាញថាការចរចានិងវប្បធម៌សន្ទនាគឺជាវិធីអប្រសិទ្ធភាព ដោយសារតែវាផ្តល់ឱ្យភាគីដែលមានអំណាចជាងអាចសម្រេចនិងដាក់សម្ពាធលើភាគីខ្សោយជាងមុនចូលតុចរចា ពិសេសគឺអ្នកខ្លាំងអាចល្មើសនឹងកិច្ចព្រមព្រៀងបាន ទើបមកដល់ទល់នេះ ចាបនៅតែនៅក្នុងទ្រុងដដែល។ ពាក្យវប្បធម៌ចាប់ចាបនិងវប្បធម៌ឡាំប៉ា (ក្រោយការបោះឆ្នោត) ក៏ត្រូវបានបង្កើតដោយឡើងដោយអ្នកសួរទៅកាន់វេទិកាអ្នកស្តាប់វិទ្យុអាស៊ីសេរីម្នាក់ ដែលពិភាក្សាពីរឿងចាប់តំណាងរាស្ត្រនាកាលណោះឯង។

ផ្ទុយពីបាតុកម្មអហិង្សារបស់សង្គ្រោះជាតិ ដែលធ្វើបណ្តើរ ជំហរចរចាមិនចរចាស្រពេចស្រពិល យុទ្ធនាការអហិង្សារបស់សង្គមស៊ីវិលមានជំហរច្បាស់លាស់គឺថាតវ៉ាឥតឈប់លុះសម្រេចគោលដៅមិនផ្លាស់ប្តូរ។ ទោះបីប្រឈមនឹងគុកច្រវាក់ មន្ត្រីសង្គមស៊ីវិល លោក អ៊ី សារ៉ុម និងលោក ប៉ា ងួនទៀង បានថ្លែងជាមុនយ៉ាងក្លាហានក្នុងវេទិកាអាស៊ីសេរី ថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៦ ថា ចង់ចាប់ក៏ចាប់ទៅ មិនបាច់សួរចម្លើយអ្វីទេ សរសេរតាមអ្វីដែលមេបញ្ជាដាក់តែម្តងទៅ ព្រោះនិយាយម៉េចក៏លទ្ធផលត្រូវគេឃុំខ្លួនដូចតែគ្នាដែរ ចង់លាបពណ៌ថាយ៉ាងម៉េចក៏លាបទៅ យើងលែងខ្វល់ហើយ បើយើងចង់កុំគេចាប់គេកុំគេលាបពណ៌ ទាល់តែមិនបាច់ធ្វើអីទាំងអស់ ដេកចាំឱ្យតែគេចោទនិងចាប់តែគុកតែម្តងទៅ។ សម្តីនេះមានឥទ្ធិពលទៅលើរបៀបដែលគណបក្សកាន់អំណាចចាត់វិធានការនៅថ្ងៃធ្វើយុទ្ធនាការ ព្រោះ១. សង្គមស៊ីវិលបង្ហាញភាពក្លាហានមិនខ្លាចការចាប់ខ្លួន រដ្ឋអំណាចដឹងថាការចាប់ខ្លួនបំភ័យគេលែងបាន, ២. ពួកគេបង្ហាញពីភាពគ្មានមូលដ្ឋានច្បាប់ គណបក្សកាន់អំណាចមិនទាន់បន្ថែមមាត្រាក្នុងច្បាប់បាតុកម្មថាហាមយកពណ៌ណាមួយធ្វើយុទ្ធនាការ, ៣. ពួកគេប្រកាន់ជំហរមិនចុះញ៉ម ដោយលែងរវល់ពីប្រតិកម្មពីរដ្ឋាភិបាល ធ្វើឱ្យរដ្ឋាភិបាលមិនដឹងគួរប្រតិកម្មដោយចំណាត់ការដូចម្តេច ព្រោះចាប់ក៏ចាប់មិនអស់ (អ្នកចូលរួមប្រហែល១០០នាក់ ចាប់តែ៨នាក់  ថ្ងៃចន្ទសប្តាហ៍ទីពីរចាប់តែ៥នាក់ ចំនួនអ្នកឃាត់ខ្លួនថយព្រោះការឃាត់ខ្លួនផ្តើមអប្រសិទ្ធភាព), វាយសង្គមស៊ីវិលអាចបំផ្ទុះកំហឹងមហាជនដូចវាយតំណាងរាស្ត្រនិងកម្មករកាលដើមឆ្នាំ២០១៤, បញ្ចូលជនបង្កប់មកបង្កហិង្សាបោកប្រជាជនមិនបាន…។

គ្រាន់តែចាប់មន្ត្រីសិទ្ធិមនុស្ស៥នាក់និងមន្ត្រីUNម្នាក់ ធ្វើឱ្យរដ្ឋាភិបាលឈឺក្បាលណាស់ទៅហើយ ទៅនឹងប្រតិកម្មពីមហាជននិងអង្គការសង្គមស៊ីវិលជាតិអន្តរជាតិ ទម្រាំចាប់ថែម៨នាក់ទៀត តើរដ្ឋាភិបាលអាចចាប់បានប៉ុន្មាននាក់បន្ថែម ទម្រាំគុកពេញដោយអ្នកទោសនយោបាយ អស់កន្លែងដាក់ឧក្រិដ្ឋជនសង្គម។

ការដោះលែងដែលចេញពីការចរចាបើកដៃឱ្យភាគីដែលមានអំណាចជ្រើសយកលក្ខខណ្ឌណាដែលផ្តល់ប្រយោជន៍ឱ្យពួកគេ រើសចំណុចណាដែលមានប្រៀបជាងដៃគូចរចា ហើយពិសេសគេអាចរំលោភកិច្ចព្រមព្រៀងបានគ្រប់ពេលវេលា ទោះសន្យាដូចម្តេច មានលាយលក្សអក្សរឬអត់។ ការដោះលែងកើតចេញពីយុទ្ធនាការឬការដាក់សម្ពាធដោយកម្លាំងប្រជាជនវិញ បន្សល់ទុកជម្រើសសូន្យឱ្យភាគីមានអំណាច ព្រោះបើរដ្ឋអំណាចហ៊ានចាប់ទៀត យុទ្ធនាការនឹងកើតឡើងម្តងទៀត ហេតុនេះហើយ ទើបរដ្ឋអំណាចតែងចង់ឱ្យគូប្រជែងបញ្ឈប់យុទ្ធនាការឬបាតុកម្ម មកចូលតុចរចាដែលពួកគេរមែងមានប្រៀបជាង។ ជឿឬមិនជឿក៏ដោយ យុទ្ធនាការធ្វើដោយសន្តិវិធីគឺជាអាវុធអហិង្សាដ៏មានប្រសិទ្ធភាពបំផុតតែមួយគត់របស់ពលរដ្ឋសម្រាប់ទប់ទល់នឹងការរំលោភបំពានពីរដ្ឋអំណាច ឱ្យតែប្រែពីវិធីអហិង្សាទៅហិង្សា ឬពីអហិង្សាទៅចរចា យុទ្ធនាការនឹងបរាជ័យ។ ពិសេសត្រង់ថាសូម្បីតែពេលយុទ្ធនាការអហិង្សាណាមួយនោះបរាជ័យក៏ដោយក៏ជះឥទ្ធិពលទៅលើរដ្ឋអំណាចឱ្យញញើតខ្លាចយុទ្ធនាការនោះកើតឡើងម្តងទៀតដែរ ព្រោះទោះបរាជ័យប៉ុន្មានដងក៏ដោយ ដរាបណាស្មារតីតស៊ូនិងភាពក្លាហាននៅតែមានយុទ្ធនាការនៅតែអាចងើបឡើងវិញបាន៕

ដោយ ទេព រ៉ានិត

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ