ប្រធានាធិបតីអាមេរិកលោក បារ៉ាក់ អូបាម៉ា នៅថ្ងៃចន្ទនេះបានប្រកាសថា សហរដ្ឋអាមេរិកបានសម្រេចលុបចោលទាំងស្រុងនូវការហាមឃាត់របស់ខ្លួនទៅលើការលក់អាវុធទៅឲ្យប្រទេសវៀតណាម។ សេចក្ដីសម្រេចនេះ ត្រូវបានលោក អូបាម៉ា ប្រកាសឲ្យដឹងនៅក្នុងសន្និសីទកាសែតរួមមួយជាមួយប្រធានាធិបតីវៀតណាមនៅអំឡុងពេលបំពេញទស្សនកិច្ចនៅទីក្រុងហាណូយ។
យោងតាមទីភ្នាក់ងារព័ត៌មាន AFP បានឲ្យដឹងថាលោក អូបាម៉ា បានថ្លែងថាសហរដ្ឋអាមេរិកបានលុបចោលទាំងស្រុងនូវការហាមឃាត់ការលក់សម្ភារៈសឹកទៅឲ្យវៀតណាមដែលបានដាក់ចេញកាលប្រហែល៥០ឆ្នាំមុន។
ប្រទេសទាំងពីរនេះកំពុងតែសម្លឹងមើលយ៉ាងប្រុងប្រយ័ត្នចំពោះការបង្កើនឥទ្ធិពលយោធារបស់ចិននៅតំបន់មានជម្លោះនៅសមុទ្រចិនខាងត្បូង។
ប៉ុន្តែលោក អូបាម៉ា មានបំណងបែងចែកឲ្យដាច់ចំពោះការសម្រេចចិត្តនេះឲ្យលក់អាវុធទៅឲ្យប្រទេសកុំម្មុយនីស្តមួយនេះមិនមែនដោយសារតែហេតុផលរួមជុំវិញការអះអាងជាម្ចាស់លើដែនទឹកមានជម្លោះរបស់ចិននោះឡើយ។
លោក អូបាម៉ា បាននិយាយថាការសម្រេចចិត្តលើកលែងការហាមឃាត់នេះមិនមែនផ្អែកទៅលើហេតុផលប្រទេសចិននោះឡើយ ប៉ុន្តែលោកបញ្ជាក់ថាវាជាក្ដីបំណងរបស់ប្រទេសទាំងពីរក្នុងការសម្រេចឲ្យបាននូវអ្វីដែលជាដំណើរការដ៏វែងឆ្ងាយសម្រាប់ឆ្ពោះទៅរកទំនាក់ទំនងធម្មតាជាមួយប្រទេសវៀតណាម។
លោក អូបាម៉ា បន្ថែមថាភាគីទាំងពីរបានអភិវឌ្ឍកម្រិតទំនុកចិត្តនិងកិច្ចសហការ ក្នុងនោះមានទាំងវិស័យយោធាប្រទេសទាំងពីរផងដែរ។
ប្រធានាធិបតីវៀតណាមលោក Tran Dai Quang បានស្វាគមន៍ចំពោះការលុបចោលបម្រាមលើការនាំចេញអាវុធនេះដែលជាកេរ្តិ៍ដំណែលសល់ពីសម័យសង្គ្រាមត្រជាក់នេះ។
ដំណើរទស្សនកិច្ចរយៈពេល៣ថ្ងៃរបស់លោក អូបាម៉ា នៅប្រទេសវៀតណាមបានកើតឡើង៤១ឆ្នាំក្រោយពីពួកយោធាបក្សកុំម្មុយនីស្តវៀតណាមបានដណ្ដើមកាន់កាប់ទីក្រុងសៃហ្គនពីមហាអំណាចពិភពលោកមួយនេះ៕