ប្រតិភូកូហ្វីអាណាន់ជួបអគ្គលេខាធិការ ​គ.ជ.ប និយាយពីដំណើរការ​រៀបចំការបោះឆ្នោត

ប្រតិភូកូហ្វីអាណាន់ជួបអគ្គលេខាធិការ ​គ.ជ.ប (ដោយ ទូច សុខា)

ប្រតិភូនៃអង្គការមូលនិធិកូហ្វីអាណាន់និងអគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតជួបពិភាក្សាដោះដូរយោបល់លើដំណើរការរៀបចំការបោះឆ្នោតឆ្នាំ២០១៧និង២០១៨ ដោយថាដើម្បីឲ្យមានការបោះឆ្នោតមួយប្រកបដោយការជឿទុកចិត្ត។

ភាគីទាំងពីរនៅព្រឹកថ្ងៃអង្គារនេះបានជួបពិភាក្សាគ្នានៅស្នាក់ការគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។ ក្រោយជំនួបអស់រយៈពេលប្រហែល១ម៉ោងនិង៣០នាទី នាយកប្រតិបត្តិកិច្ចការបោះឆ្នោតនៃអង្គការមូលនិធិកូហ្វីអាណាន់ លោក Alan Doss ថ្លែងទៅកាន់អ្នកសារព័ត៌មានថា លោកបានជជែកជាមួយអគ្គលេខាធិការ និងអគ្គលេខាធិការរង គ.ជ.ប ពីដំណើរការរៀបចំឲ្យមានការបោះឆ្នោតនៅឆ្នាំ២០១៧និង២០១៨ខាងមុខ។ លោកបន្តថាភាគីទាំងពីរបានជជែកច្រើនពីអ្វីដែលត្រូវធ្វើឲ្យបានចប់សព្វគ្រប់សម្រាប់ការបោះឆ្នោតនាពេលខាងមុខនិងលោកថាភាគីទាំងពីរក៏បានលើកពីបទពិសោធន៍នៃការរៀបចំបោះឆ្នោតពីបណ្តាប្រទេសដទៃមកពីភាក្សា ដោយថាដើម្បីធ្វើឲ្យមានការបោះឆ្នោតមួយប្រកបដោយភាពទុកចិត្តបាន។

លោកបន្ថែមថា៖ “យើងបានជជែកច្រើនពីអ្វីដែលត្រូវធ្វើដើម្បីជួយឲ្យដំណើរការបោះឆ្នោតមួយអាចឲ្យគេជឿជាក់បានជាពិសេសគឺការចែករំលែកបទពិសោធន៍ពីប្រទេសដទៃដែលពួកគេបានរៀបចំនាពេលកន្លងមក

ទោះយ៉ាងណាលោក Alan Doss ថាភាគីទាំងពីរមិនបានជជែកពីអគ្គលេខាធិការរង គ.ជ.ប លោក នី ចរិយា ដែលកំពុងជាប់ឃុំបណ្តោះអាសន្នទាក់ទងនឹងបទចោទសមគំនិតសូកប៉ាន់សាក្សីនោះទេ។

អគ្គលេខាធិការ គ.ជ.ប លោក ទេព នីថា ថ្លែងក្រោយជំនួបនេះដែរថាតំណាងមូលនិធិនេះមិនមានគម្រោងផ្តល់ជំនួយណាមួយដល់ គ.ជ.ប នោះទេ ដោយថាប្រតិភូមូលនិធិនេះផ្តល់តែជាគំនិតនិងគោលនយោបាយតែប៉ុណ្ណោះ។

លោកបន្ថែមថា៖ តាមពិតទៅគាត់គ្រាន់តែសួរយើងថាយើងជួបបញ្ហាអ្វីខ្លះក្នុងការបោះឆ្នោតក្នុងប្រទេសកម្ពុជារបស់យើង និងយើងមានគំនិតអ្វីខ្លះ(ចង)ឲ្យគាត់ជួយ

បើតាមលោក ទេព នីថា អ្នកមានអាយុ១៨ឆ្នាំឡើងសម្រាប់ទៅចុះឈ្មោះបោះឆ្នោតចំនួនប្រហែល៩,៦លាននាក់។ លោកឲ្យដឹងថា គ.ជ.ប អាចនឹងរៀបចំឲ្យមានការចុះឈ្មោះបោះឆ្នោតនៅក្នុងខែកញ្ញាឆ្នាំ២០១៦ ហើយ និងអាចបញ្ចប់នៅខែកុម្ភៈឆ្នាំ២០១៧។

គួរបញ្ជាក់ដែរថានៅថ្ងៃនេះដែរ រដ្ឋាភិបាលបានសម្រេចយកថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៧ សម្រាប់បោះឆ្នោតឃុំ-សង្កាត់ លើកទី៤៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ