ពលរដ្ឋកូរ៉េខាងជើងមួយក្រុមដែលបម្រើការនៅភោជនីយដ្ឋានរដ្ឋមួយកន្លែងនៅឯបរទេសបានចុះចូលនឹងកូរ៉េខាងត្បូង។ នេះដោយយោងតាមការផ្សាយរបស់សារព័ត៌មាន BBC ដែលបានដកស្រង់សម្ដីមន្ត្រីកូរ៉េខាងត្បូង។
ក្រសួងបង្រួបបង្រួមរបស់កូរ៉េខាងត្បូងបានឲ្យដឹងថាបុគ្គលិកទាំងនោះបានរត់គេចមកចុះចូល ប៉ុន្តែក្រសួងនេះ បានបដិសេធធ្វើអត្ថាធិប្បាយលម្អិត ដោយបានត្រឹមបញ្ជាក់ថាពួកគេបានទៅដល់កូរ៉េខាងត្បូងហើយបច្ចុប្បន្ននេះ។
ទីភ្នាក់ងារព័ត៌មាន Yonhab របស់កូរ៉េខាងត្បូងបានរាយការណ៍ថាក្រុមអ្នកចុះចូលទាំងនោះបានបម្រើការនៅប្រទេសចិន ប៉ុន្តែថ្មីៗនេះបានទៅដល់ប្រទសទីបីនៅតំបន់អាស៊ីអាគ្នេយ៍។
នេះជាលើកទីពីរហើយដែលមានក្រុមពលរដ្ឋកូរ៉េខាងជើងចុះចូលនៅក្នុងឆ្នាំនេះ។
កាលពីខែមេសាកន្លងមកនេះពលរដ្ឋកូរ៉េខាងជើង១៣នាក់បានរត់ចេញពីភោជនីយដ្ឋានមួយនៅតំបន់ណីងបូ ក្នុងប្រទេសចិនទៅចុះចូលជាមួយកូរ៉េខាងត្បូង។
ក្រុងព្យុងយ៉ាងបានចោទក្រុងសេអ៊ូលថាបានចាប់ពង្រត់ពួកគេ ប៉ុន្តែក្រុងសេអ៊ូលបានបដិសេធយ៉ាងខ្លាំងក្លាទៅនឹងការចោទប្រកាន់នេះ។
កូរ៉េខាងជើងបើកភោជនីយដ្ឋានប្រហែល១៣០កន្លែងនៅតាមបណ្ដាប្រទេសនានាដែលនោះគឺជាប្រភពចំណូលដ៏សំខាន់សម្រាប់ប្រទេសឯកោមួយនេះ។
បុគ្គលិកបម្រើការជាទូទៅត្រូវបានជ្រើសរើសពីក្នុងចំណោមមនុស្សស្មោះស្ម័គ្រនឹងមេដឹកនាំកូរ៉េខាងជើង៕