ប្រធានាធិបតីឥណ្ឌូណេស៊ី លោក Joko Widodo កាលពីថ្ងៃពុធម្សិលមិញបានចុះហត្ថលេខាលើបទប្បញ្ញតិរដ្ឋាភិបាលជំនួសការអនុម័តលើទោសប្រហារជីវិត ដែលជាការដាក់ទោសយ៉ាងអតិបរមាចំពោះបទល្មើសផ្លូវភេទប្រឆាំងលើកុមារ។
យោងតាមបទបញ្ញតិ្តនោះ ជនល្មើសអាចប្រឈមនឹងការក្រៀវចោលនិងដាក់ឲ្យស្ថិតនៅក្រោមការត្រួតពិនិត្យតាមរយៈការដាក់បន្ទះឈីបសម្រាប់តាមដានសកម្មភាពរបស់ពួកគេ។ ទម្រង់ដទៃទៀតនៃការដាក់ទោសមានការដាក់ទោសអស់មួយជីវិត ព្រមទាំងមានទោសជាប់ពន្ធនាគារយ៉ាងតិច១០ទៅ២០ឆ្នាំ។
លោក Joko Widodo បានថ្លែងក្នុងសន្និសីទនៅឯវិមានប្រធានាធិបតីថាអំពើហិង្សាផ្លូវភេទប្រឆាំងនឹងកុមារ គឺជាបទល្មើសមិនសាមញ្ញ។ លោកសង្ឃឹមថា បទបញ្ញត្តិនឹងត្រួតពិនិត្យទៅលើជនដៃដល់និងទប់ស្កាត់បទល្មើសផ្លូវភេទ។
ការប្រកាន់យកជំហរតឹងរឹងបែបនេះប្រឆាំងនឹងជនរំលោភសេពសន្ថវៈកុមារនិងជនដៃដល់នៃអំពើហិង្សាផ្លូវភេទប្រឆាំងកុមារនោះបានកើតឡើងក្រោយពីក្រុមសកម្មជននិងមហាជន បានអំពាវនាវឲ្យមានកំណែទម្រង់ ក្រោយពីមានករណីរំលោភបូកយ៉ាងឃោឃៅទៅលើកុមារីវ័យ១៤ឆ្នាំម្នាក់នៅឯតំបន់ Bengkulu នៅភាគខាងលិចនៃកោះស៊ូម៉ាត្រាកាលពីខែមេសាកន្លងមក។
ករណីនេះបានផ្ទុះឡើងនៅលើបណ្ដាញសង្គម ក្រោយពីក្រុមសកម្មជនបាននិយាយអំពីករណីនេះដែលបានបញ្ឆេះកំហឹងមហាជននិងជំរុញឲ្យមានការតវ៉ានៅទីក្រុងហ្សាកាតា។
គណៈកម្មការជាតិទទួលបន្ទុកខាងអំពើហិង្សាប្រឆាំងស្ត្រីបានទទួលករណីអំពើហិង្សាផ្លូវភេទប្រឆាំងស្ត្រីចំនួន ៣៥ករណីនៅរៀងរាល់ថ្ងៃ។ ប្រទេសឥណ្ឌូណេស៊ីបានកាត់ទោសជនរំលោភផ្លូវភេទឲ្យជាប់ពន្ធនាគារអតិបរមា ១៤ឆ្នាំ៕