មេធាវីពន្យល់ថាតុលាការគ្មានសិទ្ធិនាំខ្លួន លោក កឹម សុខា​ ពេលនីតិវិធីស្ថិតក្នុងការស៊ើបអង្កេតបឋម

លោក កឹម សុខា កាលពីកន្លងទៅ

មេធាវីចំនួន៥រូបបានបកស្រាយផ្លូវច្បាប់ទៅកាន់ព្រះរាជអាជ្ញាថា តុលាការគ្មានសិទ្ធិនាំខ្លួនកូនក្តីពួកគេគឺប្រធានស្តីទីគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ទេដរាបណាដំណើការនីតិវិធីច្បាប់ស្ថិតក្នុងការស៊ើបអង្កេតបឋមនោះ។

ការបកស្រាយរបស់ក្រុមមេធាវីការពារក្តីឲ្យលោក កឹម សុខា នេះធ្វើឡើងមុនមួយថ្ងៃនៃកាកោះហៅជាលើកទី២របស់ព្រះរាជអាជ្ញាអមសាលាដំបូងរាជធីភ្នំពេញឲ្យចូលបំភ្លឺក្នុងនាមជាសាក្សីនៅថ្ងៃទី២៦ខែឧសភានេះ ក្នុងសំណុំរឿងសញ្ចារកម្មដែលតុលាការមិនទាន់បង្ហាញមុខជនសង្ស័យនៅឡើយ។

ក្រៅពីនោះក៏មានការព្រមានពីប្រធានអង្គភាពប្រឆាំងអំពើពុករលួយថា បើលោក កឹម សុខា មិនចូលខ្លួនទៅបំភ្លឺនៅតុលាការ តាមដីកាកោះ លោកថាមេបក្សប្រឆាំងរូបនោះបានបង្កើតបទល្មើសជាក់ស្តែងអាចឈានដល់ការនាំខ្លួនដោយមិនដកអភ័យឯកសិទ្ធិ។

ក្នុងលិខិតចុះមួយច្បាប់ផ្ញើទៅកាន់អយ្យការអបសាលាដំបូងរាជធានីភ្នំពេញចុះថ្ងៃទី២៤ខែឧសភាមេធាវីទាំង៥រូបបានពន្យល់ថា តាមក្រមនីតិវិធីព្រហ្មទណ្ឌ ព្រះរាជអាជ្ញាមិនត្រូវបានផ្តល់សិទ្ធិអំណាចណាមួយបង្ខំឲ្យសាក្សីឲ្យចូលបំភ្លឺដោយខានមិនបាននោះទេ។

លិខិតនោះបញ្ជាក់ថាដំណាក់កាលស៊ើបអង្កេតបឋមដូចសំណុំរឿងលោក កឹម សុខា ដែលតុលាការកំពុងដំណើការនីតិវិធីនេះ ក្រុមមេធាវីអះអាងថាតំណាងអយ្យការមិនមានសិទ្ធិអំណាចណាមួយដែលមានចែងក្នុងក្រមនីតិវិធីព្រហ្មទណ្ឌឲ្យប្រើប្រាស់កំលាំងសាធារណៈ ដើម្បីបង្ខំកូនក្តីពួកគេឲ្យចូលបង្ហាញខ្លួនឬនាំខ្លួនបានទេ។

មេធាវីការពារក្តីមួយរូបគឺលោក សំ សុគង់ អះអាងថាអ្វីដែលកូនក្តីលោកមិនចូលទៅបង្ហាញខ្លួននៅតុលាការតាមដីកាកោះ លោកថាមិនមែនមានន័យថាមិនសហការនោះទេ ប៉ុន្តែលោកថាក្នុងនាមកូនក្តីលោកជាតំណាងរាស្ត្រមានអភ័យឯកសិទ្ធិសភាគឺចង់ជំរុញឲ្យការអនុវត្តច្បាប់គោរពតាមរដ្ឋធម្មនុញ្ញ។

មាត្រា៨០នៃរដ្ឋធម្មនុញ្ញចែងថាតំណាងរាស្ត្រមានអភ័យឯកសិទ្ធិសភា។ តំណាងរាស្ត្ររូបណាក៏ដោយមិនអាចត្រូវបានចោទប្រកាន់ចាប់ខ្លួន ឃាត់ខ្លួន ឬឃុំខ្លួនដោយហេតុពីបានសំដែងមតិយោបលឬបញ្ចេញមតិក្នុងការបំពេញមុខងាររបស់ខ្លួនសោះឡើយ។

ការចោទប្រកាន់ ការចាប់ខ្លួន ការឃាត់ខ្លួន ឬការឃុំខ្លួនសមាជិកណាមួយនៃរដ្ឋសភានឹងអាចធ្វើទៅកើត លុះណាតែមានការយល់ព្រមពីរដ្ឋសភាឬពីគណៈកម្មាធិការអចិន្ត្រៃយ៍របស់រដ្ឋសភាក្នុងចន្លោះសម័យប្រជុំនៃរដ្ឋសភា លើកលែងតែក្នុងករណីបទល្មើសព្រហ្មទណ្ឌជាក់ស្តែង។

ក្នុងករណីខាងក្រោមនេះក្រសួងមានសមត្ថកិច្ចត្រូវធ្វើសេចក្តីរាយការណ៍ជូនរដ្ឋសភាឬជូនគណៈកម្មាធិការអចិន្ត្រៃយ៍របស់រដ្ឋសភាជាបន្ទាន់ដើម្បីសម្រេច។ មាត្រានោះចែងទៀតថា សេចក្តីសម្រេចរបស់គណៈកម្មាធិការអចិន្ត្រៃយ៍របស់រដ្ឋសភា ត្រូវដាក់ជូនសម័យប្រជុំរដ្ឋសភាខាងមុខ ដើម្បីអនុម័តតាមមតិភាគច្រើនពីរភាគបីនៃសមាជិករដ្ឋសភាទាំងមូល។

លោក កឹម សុខា ត្រូវបានព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ លោក សៀង សុខ បានចេញដីកាកោះហៅជាលើកទី២ឲ្យបង្ហាញខ្លួននៅតុលាការក្នុងនាមជាសាក្សីទាក់ទងនឹងដំណើររឿងសញ្ចារកម្មដែលសង្ស័យពាក់ព័ន្ធនឹងករណីកញ្ញា ខុម ចាន់ដារ៉ាទី ហៅស្រីមុំ។

ប៉ុន្តែគណបក្សសង្គ្រោះជាតិបានចម្រេចមិនឲ្យមេដឹកនាំរបស់ខ្លួននិងអ្នកតំណាងរាស្ត្រពីររូបផ្សេងទៀតដែលតុលាការកោះហៅដូចគ្នាចូលទៅបំភ្លឺនៅតុលាការទេ ដោយចាត់ទុកថាវិធានការនោះរំលោភសិទ្ធិអ្នកតំណាងរាស្ត្រដែលមានអភ័យឯកសិទ្ធិសភា។

VODមិនអាចរកការបញ្ជាក់ករណីនេះពីអ្នកនាំពាក្យអយ្យការសាលាដំបូងរាជធានីភ្នំពេញ លោក លី សុផាណា បានទេ ដោយលោកមិនលើកទូរសព្ទ។ ចំណែកអ្នកនាំពាក្យក្រសួងយុត្តិធម៌លោក ជិន ម៉ាលីន មិនអាចទាក់ទងបាន ខណៈលោក គឹម សន្តិភាព មិនលើកទូរសព្ទ។

ប៉ុន្តែលោក សំ សុគង់ អះអាងថាករណីនេះលោកបានជួបព្រះរាជអាជ្ញារងលោក សៀង សុខ ដែលកាន់សំណុំរឿងនេះនៅព្រឹកថ្ងៃទី២៦ខែឧសភានេះ ដើម្បីបញ្ជាក់ពីគោលបំនងរបស់កូនក្តីលោកដែលសម្រេចចិត្តមិនបង្ហាញខ្លួនជាលើកទី២នៅតុលាការនេះហើយ។

លោកមេធាវី សុក សំអឿន ពន្យល់ដែរថាការបកស្រាយរបស់មេធាវីការពារក្តីឲ្យលោក កឹម សុខា អាចសមហេតុផលតាមនីតិវិធីច្បាប់ ដោយលោកប្រៀបធៀបថាកន្លងទៅមេធាវីនៅសាលាក្តីខ្មែរក្រហមក៏ធ្លាប់បានទាមទារឲ្យមេដឹកនាំគណបក្សប្រជាជនកម្ពុជាមួយចំនួនចូលបំភ្លឺនៅសាលាក្តីកូនកាត់នោះដែរ ប៉ុន្តែលោកថានៅពេលមេដឹកនាំទាំងនោះមិនចូល លោកថា សាលាក្តីខ្មែរក្រហមមិនអាចចាប់បង្ខំបានទេដោយទាក់ទិននឹងអភ័យឯកសិទ្ធិ។

បើតាមលិខិតរបស់ក្រុមមេធាវីការពារក្តីឲ្យលោក កឹម សុខា បើមានករណីនាំខ្លួនអ្នកតំណាងរាស្ត្រទាំងមានអភ័យឯកសិទ្ធិសភាមែនពួកគេថាជាការរំលោភលើរដ្ឋធម្មនុញ្ញយ៉ាងធ្ងន់ធ្ងរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ