លោក បារ៉ាក់ អូបាម៉ា បាននិយាយថាដំណើរទស្សនកិច្ចរបស់លោកទៅកាន់ទីក្រុងហ៊ីរ៉ូស៊ីម៉ានៅសប្ដាហ៍នេះ នឹងផ្ដល់កិត្តិយសដល់មនុស្សទាំងអស់ដែលបានបាត់បង់ជីវិតនៅក្នុងសង្គ្រាមលោកលើកទី២។
ទីភ្នាក់ងារព័ត៌មាន AFP បានរាយការណ៍ថា លោក អូបាម៉ា បានថ្លែងដូច្នេះតែប៉ុន្មានម៉ោងក្រោយពីធ្វើដំណើរទៅដល់ប្រទេសជប៉ុនដើម្បីចូលរួមកិច្ចប្រជុំកំពូល G7។ លោក អូបាម៉ា និងបណ្ដាមេដឹកនាំពិភពលោកដទៃទៀតមកពីបណ្ដាប្រទេសប្រជាធិបតេយ្យធំៗកំពុងជួបជុំគ្នានៅឯប្រទេសជប៉ុនជាទីដែលកិច្ចប្រជុំប្រទេស G7 នឹងផ្ដោតសំខាន់ទៅលើស្ថានភាពសេដ្ឋកិច្ចសកល។
ប៉ុន្តែលោក អូបាម៉ា នឹងក្លាយជាប្រធានាធិបតីអាមេរិកកំពុងកាន់អំណាចតែម្នាក់គត់ដែលធ្វើដំណើរទស្សនកិច្ចទៅកាន់ទីក្រុងហ៊ីរ៉ូស៊ីម៉ាដែលជាទីតាំងរងការទម្លាក់គ្រាប់បែកនុយក្លេអ៊ែរដំបូងគេរបស់ពិភពលោក។ ដំណើរទស្សនកិច្ចរបស់លោក អូបាម៉ា នេះបានគ្របដណ្ដប់លើទំព័រមុខនៃបណ្ដាសារព័ត៌មានធំៗនៅសប្ដាហ៍នេះ។
លោក អូបាម៉ា បានថ្លែងនៅក្នុងសន្នីសីទកាសែតរួមជាមួយលោកនាយករដ្ឋមន្ត្រីជប៉ុន ស៊ិនហ៊្សូ អាបេ ថាដំណើរទស្សនកិច្ចរបស់លោកទៅកាន់ទីក្រុងហ៊ីរ៉ូស៊ីម៉ានឹងផ្ដល់កិត្តិយសដល់មនុស្សទាំងអស់ដែលបានបាត់បង់ជីវិតនៅក្នុងសង្គ្រាមលោកលើកទី២និងបានបញ្ជាក់ជាថ្មីពីទស្សនៈរួមរបស់ជប៉ុននិងអាមេរិកដែលចង់ឃើញពិភពលោកមួយគ្មានអាវុធនុយក្លេអ៊ែរ។
លោកបានបន្ថែមថាដំណើរទស្សនកិច្ចនេះក៏នឹងគូសបញ្ជាក់ពីសម្ព័ន្ធភាពដ៏វិសេសដែលប្រទេសទាំងពីរបានបង្កើតឡើងអស់ជាច្រើនទសវត្សរ៍មកហើយ។
ប្រមុខរដ្ឋនិងប្រមុខរដ្ឋាភិបាលដទៃទៀតដែលមកពីចក្រភពអង់គ្លេស បារាំង អាល្លឺម៉ង់ អ៊ីតាលី កាណាដា និងជប៉ុនខ្លួនឯងក៏កំពុងធ្វើដំណើរទៅកាន់តំបន់ភ្នំ Ise Shima ដែលស្ថិតនៅចម្ងាយ៣០០គីឡូម៉ែត្រ ភាគនិរតីនៃទីក្រុងតូក្យូ និងជាទីដែលពលរដ្ឋជប៉ុនចាស់ៗពឹងអាស្រ័យយ៉ាងខ្លាំងទៅលើវិស័យទេសចរណ៍និងកំណប់វប្បធម៌៕