ក្រុមមេធាវីរបស់លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្រ្គោះជាតិ បានសុំជួបព្រះរាជអាជ្ញារងសាលាដំបូងរាជធានីភ្នំពេញ លោក សៀង សុខ ភ្លាមៗ បន្ទាប់ពីមានហេតុការណ៍សង្ស័យថាប៉ុនប៉ងចាប់ខ្លួន លោក កឹម សុខា រហូតមដល់ពេលនេះ។
មេធាវី លោក កឹម សុខា គឺ លោក សំ សុគង់ ប្រាប់វីអូឌីថានៅសៀលថ្ងៃព្រហស្បតិ៍នេះ លោកនិងមេធាវីពីររូប បានព្យាយាមសុំជួបលោក សៀង សុខ នៅតុលាការ ដើម្បីសាកសួរពីលិខិតរបស់មេធាវីដែលបានដាក់ទៅកាលពីថ្ងៃពុធនិងមូលហេតុដែលអាជ្ញាធរប៉ុនប៉ងនាំខ្លួនលោក កឹម សុខា។ លោកបន្តថាលោក សៀង សុខ មិនអនុញ្ញាតឲ្យជួបហើយថាជាប់រវល់ពេញមួយថ្ងៃមិនអាចរង់ចាំបាន។
មេធាវីចំនួន៥រូបរបស់លោក កឹម សុខា បានបកស្រាយផ្លូវច្បាប់ទៅកាន់ព្រះរាជអាជ្ញាក្នុងលិខិតមួយចុះថ្ងៃទី២៤ ខែឧសភាថាតុលាការគ្មានសិទ្ធិនាំខ្លួនលោក កឹម សុខា ទេ ដរាបណាដំណើការនីតិវិធីច្បាប់ស្ថិតក្នុងការស៊ើបអង្កេតបឋមនោះ។ លិខិតនោះបញ្ជាក់ថាដំណាក់កាលស៊ើបអង្កេតបឋមដូចសំណុំរឿងលោក កឹម សុខា ដែលតុលាការកំពុងដំណើការនីតិវិធីនេះ ក្រុមមេធាវីអះអាងថាតំណាងអយ្យការមិនមានសិទ្ធិអំណាចណាមួយដែលមានចែងក្នុងក្រមនីតិវិធីព្រហ្មទណ្ឌឲ្យប្រើប្រាស់កម្លាំងសាធារណៈ ដើម្បីបង្ខំកូនក្តីពួកគេឲ្យចូលបង្ហាញខ្លួនឬនាំខ្លួនបានទេ។
លោក សំ សុគង់ មានប្រសាសន៍ថា៖ “បើនាំខ្លួន តាមផ្លូវច្បាប់ អត់ត្រឹមត្រូវទេ ព្រោះនេះជាករណីស៊ើបអង្កេតបឋម សាក្សីមិនចាំបាច់នោះទេ ហើយទីពីរគឺដោយសារអភ័យឯកសិទ្ធិដែលធានាដោយរដ្ឋធម្មនុញ្ញមាត្រា៨០”។
គួរបញ្ជាក់ថាព្រះរាជអាជ្ញារងនៃសាលាដំបូងរាជធានីភ្នំពេញ លោក សៀង សុខ បានកោះហៅសាជាថ្មី ឲ្យលោក កឹម សុខា ចូលមកតុលាការបំភ្លឺក្នុងនាមជាសាក្សីនៅថ្ងៃទី២៦ ខែឧសភា វេលាម៉ោង៩ព្រឹក លើសំណុំរឿងសញ្ចារកម្ម ក្រោយពីលោកមិនបានចូលបំភ្លឺ។ តែលោក កឹម សុខា សម្រេចមិនចូលបំភ្លឺនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ។
ដោយសារការមិនចូលបំភ្លឺនេះ នៅម៉ោងប្រមាណ១២និង២០នាទី សមត្ថកិច្ចបានឡោមព័ទ្ធទីស្នាក់បក្សសង្រ្គោះជាតិមួយភ្លែតហើយត្រឡប់ទៅវិញ។ មុនឡោមព័ទ្ធនេះ សមត្ថកិច្ចរាប់សិបនាក់ក៏បានឃាត់រថយន្តរបស់លោក កឹម សុខា នៅព្រឹកម៉ោងប្រមាណ១១និង៣៥នាទី នៅលើផ្លូវនរោត្តម ក្បែរសាលាពញាហុក តែរថយន្តនោះមិនមានវត្តមានរបស់លោក កឹម សុខានោះទេ គឺមានតែភរិយារបស់លោក កឹម សុខា និងអ្នកបើករថយន្តតែប៉ុណ្ណោះ។
តំណាងរាស្រ្តបក្សសង្រ្គោះជាតិ លោក អេង ឆៃអ៊ាង ចាត់ទុកនេះជាការប៉ុនប៉ងចាប់ខ្លួន លោក កឹម សុខា ហើយថានេះជាការរំលោភលើអភ័យឯកសិទ្ធិ។
កន្លងទៅ ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ លោក ឱម យ៉ិនទៀង បានលើកឡើងថាអ្នកមានអភ័យឯកសិទ្ធិទាំងអស់មិនអាចប្រឆាំងវិធានការរបស់រដ្ឋាភិបាលឬនគរបាលយុត្តិធម៌នោះទេ។ លោកពន្យល់ថាប្រសិនបើតុលាការចោទប្រកាន់អ្នកមានអភ័យឯកសិទ្ធិ ទាល់តែមានការព្យួរអភ័យឯកសិទ្ធិ។ លោកបញ្ជាក់បន្ថែមថាប្រសិនបើករណីមិនចូលតាមការកោះហៅរបស់តុលាការ លោក កឹម សុខា នឹងត្រូវចាប់ខ្លួន ដោយថានេះជាបទល្មើសជាក់ស្តែង។
លោកមានប្រសាសន៍ថា៖ “លិខិតដែលយើងឃើញថាព្រះរាជអាជ្ញាកោះហៅលោកកឹម សុខា មក។ [បើ]លោក កឹម សុខា គាត់មក តាមការកំណត់។ មកដល់គាត់ប្រាប់ថាខ្ញុំតំណាងរាស្រ្ត ខ្ញុំមានអភ័យឯកសិទ្ធិ ខ្ញុំជឿថាព្រះរាជ្ញាថាលោកអាចឆ្លើយសំណួរនេះទេ បើគាត់មិនឆ្លើយ ក៏អត់ដឹងធ្វើអីគាត់ដែរ គឺគាត់ត្រូវត្រឡប់ទៅវិញ តែគាត់ប្រឆាំងការទៅ។ សូមជម្រាបថាគាត់បង្កើតបទល្មើសជាក់ស្តែង អារឿងធំមិនគិត ទៅជាបង្កើតរឿងមួយធំជាងហ្នឹងទៅទៀត អញ្ចឹងគេមិនចាប់អារឿងគាត់អី សញ្ចារកម្មអីទេ គេចាប់រឿងអាបទល្មើសថ្មី ភ្លាមៗនេះ”។
មាត្រា៨០នៃរដ្ឋធម្មនុញ្ញចែងថាការចោទប្រកាន់ ការចាប់ខ្លួន ការឃាត់ខ្លួនឬការឃុំខ្លួន សមាជិកណាមួយនៃរដ្ឋសភានឹងអាចធ្វើទៅកើត លុះត្រាតែមានការយល់ព្រមពីរដ្ឋសភាឬពីគណៈកម្មាធិការអចិន្ត្រៃយ៍របស់រដ្ឋសភា ក្នុងចន្លោះសម័យប្រជុំនៃរដ្ឋសភា វៀរលែងតែក្នុងករណីបទល្មើសព្រហ្មទណ្ឌជាក់ស្ដែង។ សេចក្ដីសម្រេចរបស់គណៈកម្មាធិការអចិន្ត្រៃយ៍របស់រដ្ឋសភា ត្រូវដាក់ជូនសម័យប្រជុំរដ្ឋសភាខាងមុខ ដើម្បីអនុម័តតាមមតិភាគច្រើនពីរភាគបីនៃសមាជិករដ្ឋសភាទាំងមូល៕