ស្ថានទូតអាមេរិកប្រចាំប្រទេសកម្ពុជាបានជំរុញឲ្យរដ្ឋាភិបាលនិងគណបក្សសង្រ្គោះជាតិបន្តការចរចាជាបន្ទាន់ ដើម្បីស្វែងរកដំណោះស្រាយនយោបាយ ដោយស្ថានទូតសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងពីការប៉ុនប៉ងចាប់ខ្លួនលោក កឹម សុខា ប្រធានស្តីទីគណបក្សសង្រ្គោះជាតិ។
ក្នុងសេចក្តីថ្លែងការណ៍ដែលចេញផ្សាយនៅថ្ងៃព្រហស្បតិ៍នេះ ស្ថានទូតអាមេរិកបានបញ្ជាក់ថា៖ “ការដាក់កម្លាំងយោធាប៉ារ៉ានៅទីស្នាក់ការគណបក្សសង្រ្គោះជាតិនិងការប្រឈមដោយកម្លាំងជាមួយអ្នកគាំទ្របក្សសង្រ្គោះជាតិនៅថ្ងៃទី២៦ ខែឧសភា គឺមិនស្មើគ្នាហើយជំហានគ្រោះថ្នាក់”។ ស្ថានទូតបន្ថែមថា៖ “យើងអំពាវនាវដល់រដ្ឋាភិបាលជៀសវាងការប្រើប្រាស់កម្លាំងមិនចាំបាច់និងជំរុញឲ្យរដ្ឋាភិបាលនិងគណបក្សសង្រ្គោះជាតិបន្តការចរចាជាបន្ទាន់ដើម្បីស្វែងរកដំណោះស្រាយលើវិបត្តិដោយសន្តិវិធី”។
គួរបញ្ជាក់ថាព្រះរាជអាជ្ញារងនៃសាលាដំបូងរាជធានីភ្នំពេញ លោក សៀង សុខ បានកោះហៅសាជាថ្មី ឲ្យលោក កឹម សុខា ចូលមកតុលាការបំភ្លឺក្នុងនាមជាសាក្សីនៅថ្ងៃទី២៦ ខែឧសភា វេលាម៉ោង៩ព្រឹក លើសំណុំរឿងសញ្ចារកម្ម ក្រោយពីលោកមិនបានចូលបំភ្លឺ។ តែលោក កឹម សុខា សម្រេចមិនចូលបំភ្លឺនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ។
ដោយសារការមិនចូលបំភ្លឺនេះ នៅម៉ោងប្រមាណ១២និង២០នាទី សមត្ថកិច្ចបានឡោមព័ទ្ធទីស្នាក់បក្សសង្រ្គោះជាតិមួយភ្លែតហើយត្រឡប់ទៅវិញ។ មុនឡោមព័ទ្ធនេះ សមត្ថកិច្ចរាប់សិបនាក់ក៏បានឃាត់រថយន្តរបស់លោក កឹម សុខា នៅព្រឹកម៉ោងប្រមាណ១១និង៣៥នាទី នៅលើផ្លូវនរោត្តម ក្បែរសាលាពញាហុក តែរថយន្តនោះមិនមានវត្តមានរបស់លោក កឹម សុខានោះទេ គឺមានតែភរិយារបស់លោក កឹម សុខា និងអ្នកបើករថយន្តតែប៉ុណ្ណោះ។
កន្លងទៅ ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ លោក ឱម យ៉ិនទៀង បានលើកឡើងថាអ្នកមានអភ័យឯកសិទ្ធិទាំងអស់មិនអាចប្រឆាំងវិធានការរបស់រដ្ឋាភិបាលឬនគរបាលយុត្តិធម៌នោះទេ។ លោកពន្យល់ថាប្រសិនបើតុលាការចោទប្រកាន់អ្នកមានអភ័យឯកសិទ្ធិ ទាល់តែមានការព្យួរអភ័យឯកសិទ្ធិ។ លោកបញ្ជាក់បន្ថែមថាប្រសិនបើករណីមិនចូលតាមការកោះហៅរបស់តុលាការ លោក កឹម សុខា នឹងត្រូវចាប់ខ្លួន ដោយថានេះជាបទល្មើសជាក់ស្តែង។
លោកមានប្រសាសន៍ថា៖ “លិខិតដែលយើងឃើញថាព្រះរាជអាជ្ញាកោះហៅលោកកឹម សុខា មក។ [បើ]លោក កឹម សុខា គាត់មក តាមការកំណត់។ មកដល់គាត់ប្រាប់ថាខ្ញុំតំណាងរាស្រ្ត ខ្ញុំមានអភ័យឯកសិទ្ធិ ខ្ញុំជឿថាព្រះរាជ្ញាថាលោកអាចឆ្លើយសំណួរនេះទេ បើគាត់មិនឆ្លើយ ក៏អត់ដឹងធ្វើអីគាត់ដែរ គឺគាត់ត្រូវត្រឡប់ទៅវិញ តែគាត់ប្រឆាំងការទៅ។ សូមជម្រាបថាគាត់បង្កើតបទល្មើសជាក់ស្តែង អារឿងធំមិនគិត ទៅជាបង្កើតរឿងមួយធំជាងហ្នឹងទៅទៀត អញ្ចឹងគេមិនចាប់អារឿងគាត់អី សញ្ចារកម្មអីទេ គេចាប់រឿងអាបទល្មើសថ្មី ភ្លាមៗនេះ”៕