នាយករដ្ឋមន្ត្រីថ្មីរបស់វៀតណាម លោក ង្វៀន សួនផុក បាននិយាយថាវៀតណាមគ្មានបំណងចូលរួមក្នុងការប្រកួតប្រជែងខាងវិស័យយោធានៅសមុទ្រចិនខាងត្បូងនោះឡើយ ហើយវៀតណាមនឹងប្រើប្រាស់មធ្យោបាយសន្តិភាព ដើម្បីការពារដែនដីរបស់ខ្លួនដោយមិនគំរាមកំហែងប្រទេសដទៃតាមកម្លាំងយោធានោះឡើយ។
សារព័ត៌មាន Channel News Asia បានរាយការណ៍ថាមេដឹកនាំវៀតណាមថ្មីរូបនេះបានថ្លែងទៅកាន់ប្រព័ន្ធផ្សព្វផ្សាយបរទេសនៅក្នុងកិច្ចសម្ភាសដ៏កម្រមួយកាលពីថ្ងៃពុធម្សិលមិញ ពោលគឺ២ថ្ងៃក្រោយពីប្រធានាធិបតីអាមេរិកលោក បារ៉ាក់ អូបាម៉ា បានប្រកាសលើកលែងទាំងស្រុងនូវការហ៊ុមព័ទ្ធលើការលក់សព្វាវុធរបស់អាមេរិកទៅឲ្យវៀតណាម។
លោក ផុក បាននិយាយថាវៀតណាមមិនមានគោលនយោបាយយោធាតូបនីយកម្មនោះឡើយ ប៉ុន្តែប្រទេសនេះមានវិធានការចាំបាច់ជាមួយបណ្ដាប្រទេសដទៃនិងមិត្តភក្តិអន្តរជាតិដូចជាជប៉ុន ដើម្បីរក្សាសន្តិភាព សេរីភាពនៃនាវាចរណ៍ ការហោះហើរ និងពាណិជ្ជកម្មនៅតំបន់សមុទ្រចិនខាងត្បូង។
ការប្រកាសលុបចោលការហាមឃាត់ការលក់សព្វាវុធឲ្យទៅអតីតគូសត្រូវចាស់នេះ បានកើតឡើងចំពេលដែលវៀតណាមកំពុងព្យាយាមអភិវឌ្ឍវិស័យយោធានិងសម្ភារៈសឹកហួសសម័យកាលរបស់ខ្លួន។
វៀតណាមគឺជាប្រទេសនាំចូលសព្វាវុធធំលំដាប់ទី៨នៅលើពិភពលោកនៅចន្លោះឆ្នាំ២០១១ដល់ឆ្នាំ២០១៥ ដែលមានកំណើន៦៩៩ភាគរយនៅក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ។ នេះដោយយោងតាមការសិក្សាមួយពីសំណាក់វិទ្យាស្ថានស្រាវជ្រាវសន្តិភាពអន្តរជាតិទីក្រុងស្ដុកខម។
កំណើននៃការចំណាយលើវិស័យយោធាបានកើនឡើងព្រមពេលដែលប្រទេសមានជម្លោះដែនទឹកកាន់តែខ្លាំងជាមួយប្រទេសចិនដែលជាដៃគូពាណិជ្ជកម្មធំបំផុតរបស់ខ្លួន។ ទំនាក់ទំនងតានតឹងរវាងប្រទេសទាំងពីរបានកើតឡើងនៅឆ្នាំ២០១៤ជាពេលដែលមានបាតុកម្មប្រឆាំងចិននៅតាមបណ្ដាខេត្តជាច្រើនរបស់វៀតណាម៕