ប្រធានាធិបតីអាមេរិក លោក បារ៉ាក់ អូបាម៉ា បានធ្វើដំណើរទៅដល់ប្រទេសជប៉ុនកាលពីល្ងាចថ្ងៃពុធម្សិលមិញ ដើម្បីចូលរួមកិច្ចប្រជុំកំពូលប្រទេស G7 ដោយបានចាប់ផ្ដើមដំណើរទស្សនកិច្ចជាប្រវត្តិសាស្ត្រមួយទៅកាន់ប្រទេសនេះដែលលោកក៏គ្រោងទៅទស្សនាទីក្រុងហ៊ីរ៉ូស៊ីម៉ាដែលជាទីក្រុងរងការទម្លាក់គ្រាប់បែកនុយក្លេអ៊ែរផងដែរ។
ទីភ្នាក់ងារព័ត៌មាន AFP បានរាយការណ៍ថា លោក អូបាម៉ា កំពុងចូលរួមជាមួយបណ្ដាមេដឹកនាំដទៃទៀតមកពីក្រុមប្រទេសប្រជាធិបតេយ្យធំៗ ដើម្បីជួបជុំគ្នាជជែកពីស្ថានភាពសេដ្ឋកិច្ចសកល។
ប្រមុខរដ្ឋនិងប្រមុខរដ្ឋាភិបាលដទៃទៀតដែលមកពីចក្រភពអង់គ្លេស បារាំង អាល្លឺម៉ង់ អ៊ីតាលី កាណាដា និងជប៉ុនខ្លួនឯងក៏កំពុងធ្វើដំណើរទៅកាន់តំបន់ភ្នំ Ise Shima ដែលស្ថិតនៅចម្ងាយ៣០០គីឡូម៉ែត្រ ភាគនិរតីនៃទីក្រុងតូក្យូ និងជាទីដែលពលរដ្ឋជប៉ុនចាស់ៗពឹងអាស្រ័យយ៉ាងខ្លាំងទៅលើវិស័យទេសចរណ៍និងកំណប់វប្បធម៌។
សន្តិសុខត្រូវបានរឹតបន្តឹងនៅទូទាំងតំបន់នោះដោយមានបន្ថែមកម្លាំងនគរបាលសម្រាប់ល្បាតតាមស្ថានីយរថភ្លើងនិងកំពង់ចម្លង និងចរាចរណ៍ត្រង់នៅលើដងផ្លូវស្ងប់ស្ងាត់នៅអំឡុងជំនួបកំពូលរយៈពេល២ថ្ងៃនេះ៕