ព្រះរាជអាជ្ញាសាលាដំបូងរាជធានីភ្នំពេញ លោក សៀង សុខ បានផ្ញើលិខិតមួយច្បាប់ទៅរដ្ឋសភា ដោយរាយការណ៍ថាលោក កឹម សុខា បានប្រព្រឹត្តបទល្មើសជាក់ស្តែងដោយមិនចូលខ្លួនតាមការកោះហៅរបស់តុលាការចំនួន២លើក។
តំណាងអយ្យការនៃសាលាដំបូងរាជធានីភ្នំពេញបានចោទប្រកាន់លោក កឹម សុខា ពី”បទបដិសេធក្នុងការចូលខ្លួន” ដោយលោកអាចប្រឈមជាប់ពន្ធនាគារពី១ខែទៅ៦ខែ បើរកឃើញកំហុស។
នៅក្នុងលិខិតមួយរបស់តុលាការចុះថ្ងៃទី២៦ខែឧសភា ព្រះរាជអាជ្ញាបានរៀបរាប់ពីការចោទប្រកាន់លោក កឹម សុខានិងអង្គច្បាប់មួយចំនួន។ លោក សៀង សុខ ថាលោកបានបញ្ជូនសំណុំរឿងនេះទៅចៅក្រមស៊ើបសួរដើម្បីចាត់ការតាមនីតិវិធីច្បាប់។
រដ្ឋសភាបានទទួលលិខិតរបស់តុលាការនៅព្រឹកថ្ងៃសុក្រនេះ។
គណបក្សសង្រ្គោះជាតិបានព្រមានថាខ្លួននឹងធ្វើមហាបាតុកម្មអហិង្សា ប្រសិនបើមានការចាប់ខ្លួន លោក កឹម សុខា។
ក្នុងករណីប្រព្រឹត្តបទល្មើសជាក់ស្តែង ករណីលោក កឹម សុខា ដូចគ្នាទៅនឹងករណីចាប់ខ្លួនតំណាងរាស្រ្តបក្សប្រឆាំង លោក អ៊ុំ សំអាន រឿងចោទប្រកាន់ការអត្ថាធិប្បាយប្រើប្រាស់ផែនទីក្លែងក្លាយ។ ករណីនេះ មិនត្រូវការដកអភ័យឯកសិទ្ធិដែលត្រូវការសំឡេងពីរភាគបីនៃសមាជិកសភាទាំង១២៣រូបនោះទេ គឺសភានឹងបោះឆ្នោតថាតើឲ្យតុលាការបន្តនីតិវិធីឬយ៉ាងណា ដោយត្រូវការសំឡេងបីភាគបួនក្នុងការបដិសេធថាមិនឲ្យតុលាការបន្តនីតិវិធី។
អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក គឹម សន្តិភាព បានឲ្យដឹងថាប្រធានស្តីទីគណបក្សសង្រ្គោះជាតិបានប្រព្រឹត្តបទល្មើសជាក់ស្តែងតាមក្រមព្រហ្មទណ្ឌ ហើយអភ័យឯកសិទ្ធិមិនអាចការពាររូបលោកបាននោះទេ។ លោកបានសរសេរនៅលើហ្វេសប៊ុករបស់លោកនៅព្រឹកថ្ងៃសុក្រនេះថា៖ “ដោយឡែកពាក់ព័ន្ធនឹងអភ័យឯកសិទ្ធិសភារបស់ឯកឧត្តម កឹម សុខា ពុំមែនជាឧបសគ្គក្នុងការរារាំងការចោទប្រកាន់ ចាប់ខ្លួន ឃាត់ខ្លួន ឬឃុំខ្លួននោះទេ សម្រាប់ទង្វើដែលជាបទល្មើសជាក់ស្តែងបែបនេះ”។ លោកបន្ថែមថា៖ “មានតែសំឡេងគាំទ្រ៣ភាគ៤នៃចំនួនសមាជិកសភាទាំងមូល លើមតិឲ្យផ្អាកនីតិវិធីនេះតែប៉ុណ្ណោះ ទើបជាមូលដ្ឋានផ្លូវច្បាប់សម្រាប់ផ្អាកនីតិវិធីបន្តរបស់តុលាការបាន។ ឯកឧត្តម កឹម សុខា គួរបង្ហាញជំហរគោរពអនុវត្តច្បាប់ ដែលជាកាតព្វកិច្ចមានចែងក្នុងរដ្ឋធម្មនុញ្ញមាត្រា៤៩ថាប្រជាពលរដ្ឋខ្មែរគ្រប់រូបត្រូវគោរពរដ្ឋធម្មនុញ្ញនិងគោរពច្បាប់”។
នៅក្នុងសេចក្តីថ្លែងការណ៍មួយចុះថ្ងៃទី២៦ ខែឧសភា អយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានឲ្យដឹងថាបន្ទាប់ពីស្តាប់ចម្លើយរបស់នាងខុម ចាន់តារ៉ាទី ហៅស្រីមុំ ដែលត្រូវបានគេទម្លាយថាជាស្រីកំណាន់លោក កឹម សុខា អយ្យការបានកោះហៅជនសង្ស័យ២រូបដែលជាតំណាងរាស្រ្តបក្សប្រឆាំង គឺលោក ពិន រតនា និងលោក តុ វ៉ាន់ចាន់ មកឆ្លើយបំភ្លឺហើយ លោក កឹម សុខា ក៏ត្រូវបានកោះហៅ ក្នុងឋានៈជាសាក្សីផងដែរ។ អយ្យការបញ្ជាក់ថាក្នុងដំណាក់កាលស៊ើបអង្កេត លោក កឹម សុខា ជា”សាក្សីដែលមានសារៈសំខាន់បំផុត”សម្រាប់ឆ្លើយបំភ្លឺនូវរឿងរ៉ាវមួយចំនួនដែលបានកើតឡើង។ សេចក្តីថ្លែងការណ៍បន្តថាលោក កឹម សុខា មិនចូលបំភ្លឺដោយ”មិនមានមូលហេតុសមស្រប”ដោយគ្រាន់តែឲ្យមេធាវីបញ្ជូនលិខិតមកអយ្យការ។
សេចក្តីថ្លែងការណ៍ឲ្យដឹងទៀតថាតុលាការបានសុំឲ្យនគរបាលយុត្តិធម៌ចាប់ខ្លួន លោក កឹម សុខា ប៉ុន្តែមិនទាន់រកឃើញលោក កឹម សុខា។
ព្រះរាជអាជ្ញារងនៃសាលាដំបូងរាជធានីភ្នំពេញ លោក សៀង សុខ បានកោះហៅលោក កឹម សុខា ឲ្យចូលមកតុលាការបំភ្លឺក្នុងនាមជាសាក្សីចំនួន២លើក គឺនៅថ្ងៃទី១៧ខែឧសភា និងនៅថ្ងៃទី២៦ ខែឧសភា លើសំណុំរឿងសញ្ចារកម្ម ប៉ុន្តែលោក កឹម សុខា សម្រេចមិនចូលបំភ្លឺ ដោយថាលោកមានអភ័យឯកសិទ្ធិ។
ដោយសារការមិនចូលបំភ្លឺនេះ នៅម៉ោងប្រមាណ១២និង២០នាទីកាលពីថ្ងៃព្រហស្បតិ៍ សមត្ថកិច្ចបានឡោមព័ទ្ធទីស្នាក់បក្សសង្រ្គោះជាតិមួយភ្លែតដើម្បីរកចាប់ខ្លួនលោក កឹម សុខា តែមិនទាន់អាចចាប់បានភ្លាមៗ។ មុនការឡោមព័ទ្ធទីស្នាក់ការបក្សនៅសង្កាត់ចាក់អង្រែលើ សមត្ថកិច្ចរាប់សិបនាក់ក៏បានឃាត់រថយន្តរបស់លោក កឹម សុខា នៅព្រឹកម៉ោងប្រមាណ១១និង៣៥នាទី នៅលើផ្លូវនរោត្តម ក្បែរសាលាពញាហុក តែរថយន្តនោះមិនមានវត្តមានរបស់លោក កឹម សុខានោះទេ គឺមានតែភរិយារបស់លោក កឹម សុខា និងអ្នកបើករថយន្តតែប៉ុណ្ណោះ។
មេធាវីចំនួន៥រូបរបស់លោក កឹម សុខា បានបកស្រាយផ្លូវច្បាប់ទៅកាន់ព្រះរាជអាជ្ញាក្នុងលិខិតមួយចុះថ្ងៃទី២៤ ខែឧសភាថាតុលាការគ្មានសិទ្ធិនាំខ្លួនលោក កឹម សុខា ទេ ដរាបណាដំណើការនីតិវិធីច្បាប់ស្ថិតក្នុងការស៊ើបអង្កេតបឋមនោះ។ លិខិតនោះបញ្ជាក់ថាដំណាក់កាលស៊ើបអង្កេតបឋមដូចសំណុំរឿងលោក កឹម សុខា ដែលតុលាការកំពុងដំណើការនីតិវិធីនេះ ក្រុមមេធាវីអះអាងថាតំណាងអយ្យការមិនមានសិទ្ធិអំណាចណាមួយដែលមានចែងក្នុងក្រមនីតិវិធីព្រហ្មទណ្ឌឲ្យប្រើប្រាស់កម្លាំងសាធារណៈ ដើម្បីបង្ខំកូនក្តីពួកគេឲ្យចូលបង្ហាញខ្លួនឬនាំខ្លួនបានទេ។
មេធាវីរបស់លោក កឹម សុខា គឺលោក សំ សុគង់ មានប្រសាសន៍ថាការចាប់ខ្លួនលោក កឹម សុខា ជាការប្រព្រឹត្តខុសច្បាប់និងរដ្ឋធម្មនុញ្ញ៕