តុលាការការពារភាពត្រឹមត្រូវរបស់សមត្ថកិច្ចដែលប្រើអាវុធតាមចាប់ខ្លួន លោក កឹម សុខា

(រូបថតពីហ្វេសប៊ុក)

ព្រះរាជអាជ្ញារងមួយរូបនៅសាលាដំបូងរាជធានីភ្នំពេញអះអាងថាការតាមប្រមាញ់រកចាប់ខ្លួនមេដឹកនាំបក្សប្រឆាំងលោក កឹម សុខា កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញថាជាការអនុវត្តត្រឹមត្រូវតាមទម្រង់ច្បាប់។

កាលពីថ្ងៃទី២៦ខែឧសភាម្សិលមិញ កម្លាំងសមត្ថកិច្ចរាប់សឹបនាក់ប្រដាប់ដោយអាវុធស្វ័យប្រវត្តិបានស្ទាក់ឃាត់រថយន្តពីរគ្រឿងនៅលើផ្លូវព្រះនរោត្តមខាងត្បូងវិមានឯករាជ្យ ស្វែងរកចាប់ខ្លួនប្រធានស្តីទីគណបក្សសង្គ្រោះជាតិ ប៉ុន្តែបានបរាជ័យដោយសារតែលោក កឹម សុខា មិនមានវត្តមាននៅក្នុងរថយន្តនោះ។

ក្រោយមកសមត្ថកិច្ចដែលបំពាក់ដោយអាវុធស្វ័យប្រវត្តិនោះបានបន្តឆ្មក់ចូលទីស្នាក់ការគណបក្សសង្គ្រោះជាតិស្ថិតនៅសង្កាត់ចាក់អង្រែលើម្តងទៀតក្នុងប្រតិបត្តិការស្វែងរកចាប់លោក កឹម សុខា នេះ ប៉ុន្តែពួកគេបានដកថយទៅវិញភ្លាមៗក្រោយពីមេធាវីសុំឲ្យបង្ហាញដីកាចាប់ខ្លួន។

ក្នុងសេចក្តីថ្លែងការណ៍ចុះថ្ងៃទី២៦ខែឧសភាព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ លោក សៀង សុខ ដែលកាន់សំណុំរឿងនេះបានអះអាងថាចំណាត់ការស្វែងរកចាប់ខ្លួន លោក កឹម សុខា របស់នគរបាលយុត្តិធម៌ លោកថាបានធ្វើឡើងតាមការស្នើសុំកិច្ចសហការពីតុលាការឲ្យចាត់វិធានការលើបទល្មើសជាក់ស្តែង។

លោក សៀង សុខ បញ្ជាក់ក្នុងសេចក្តីថ្លែការណ៍ទៀតថា លោក កឹម សុខា ជាតំណាងរាស្ត្របានប្រព្រឹត្តបទល្មើសជាក់ស្តែង ស្របតាមខ្លឹមសារមាត្រា៨៦នៃក្រមនីតិវិធីព្រហ្មទណ្ឌ ព្រោះមេបក្សប្រឆាំងរូបនោះមិនចូលបង្ហាញខ្លួនចំនួនពីរដងតាមដីកាកោះឲ្យចូលបំភ្លឺក្នុងនាមជាសាក្សីក្នុងសំនុំរឿងសញ្ចារកម្មតាមចម្លើយរបស់ ខុម ចាន់តារ៉ាទី ហៅស្រីមុំ ដែលគេថានាងមានទំនាក់ទំនងស្នេហាលួចលាក់ជាមួយលោក កឹម សុខា។

បើតាមព្រះរាជអាជ្ញារងរូបនេះលោក កឹម សុខា ដែលមិនចូលខ្លួនទៅឆ្លើយបំភ្លឺតាមការកោះហៅគឺជាបទល្មើសតាមមាត្រា៥៣៨នៃក្រមព្រហ្មទណ្ឌ ហើយប្រឈមត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី១ខែដល់៦ខែនិងពិន័យជាប្រាក់ពី១០ម៉ឺនទៅ១លានរៀល។

ប៉ុន្តែមេធាវី៥រូបដែលការពារសក្តីឲ្យលោក កឹម សុខា បានពន្យល់ផ្លូវច្បាប់ផ្ទុយពីនេះ។

ក្នុងលិខិតផ្ញើទៅកាន់ព្រះរាជអាជ្ញា លោក សៀង សុខ ចុះថ្ងៃទី២៦ ខែឧសភា ក្រុមមេធាវីការពារលោក កឹម សុខា ពន្យល់ថាតំណាងអយ្យការមិនយកមាត្រា៥៣៨នៃក្រមព្រហ្មទណ្ឌមកចោទ លោក កឹម សុខា បានទេព្រោះការចោទប្រកាន់តាមមាត្រានោះលុះត្រាតែការមិនចូលខ្លួនមិនបានបង្ហាញមូលហេតុសមរម្យ។ ផ្ទុយទៅវិញក្រុមមេធាវីបានបញ្ជាក់ថា ការដែលលោក កឹម សុខា មិនចូលទៅបំភ្លឺព្រោះលោកមានអភ័យឯកសិទ្ធិដែលការពារដោយរដ្ឋធម្មនុញ្ញ។

ក្រុមមេធាវីបានចាត់ទុកការស្ទាក់ចាប់លោក កឹម សុខា គឺជាការរំលោភសិទ្ធិតំណាងរាស្ត្រដោយសំអាងថា លោក កឹម សុខា មិនបានប្រព្រឹត្តិបទល្មើសជាក់ស្តែងនោះទេ។

មេធាវីឯកជនមួយរូបគឺលោក សេក សោភ័ណ្ឌ ពន្យល់ផ្លូវច្បាប់ប្រហាក់ប្រហែលនឹងការលើកឡើងរបស់មេធាវីការពាក្តីមេដឹកនាំបក្សប្រឆាំងដែរ ដោយលោកថាដរាបណានីតិវិធីស្ថិតក្នុងការស៊ើបអង្កេតបឋម លោកថាតុលាការមិនទាន់ចោទប្រកាន់បានទេ។

លោក សេក សុភ័ណ្ឌ ពន្យល់ទៀតថាបើយោងទៅលើមាត្រា៨០នៃរដ្ឋធម្មនុញ្ញចែងពីអភ័យឯកសិទ្ធិសភា លោកថាតំណាងរាស្ត្រពិតជាបានការពារដោយច្បាប់បើគ្មានការដកអភ័យឯកសិទ្ធិដោយសំឡេង២ភាគ៣នោះ។

លោកថា៖ “ដោយសាតែគាត់មានអភ័យឯកសិទ្ធិសភា អញ្ចឹងបើគាត់ចូលតាមដីកាកោះដោយផ្ទាល់ពីតំណាងអយ្យការអញ្ចឹង វាខុសនឹងអភ័យឯកសិទ្ធិហ្នឹងខុសរដ្ឋធម្មនុញ្ញ អាហ្នឹងបើគាត់ចូល តែបើគាត់មិនចូលគាត់លើកហេតុផលហ្នឹង អញ្ចឹងតុលាការត្រូវសុំ(ទៅសភា)នីតិវិធីសុំដកអភ័យឯកសិទ្ធិសិនទៅមុននឹងចេញដីកាដោយត្រង់ទៅគាត់(លោក កឹម សុខា)អាហ្នឹងតាមខ្ញុំយល់។ ព្រោះជាទូទៅដោយសាតែអភ័យឯកសិទ្ធិគឺវារួចទាំងអស់ហើយ  អត់មានចេញដីកាផ្ទាល់ទៅគាត់អញ្ចឹងទេត្រូវតាមរយៈសភា”។

មេធាវីនៅអង្គការក្រៅរដ្ឋាភិបាលមួយរូបទៀតលោក សុក សំអឿន ពន្យល់ដែរថាតំណាងរាស្ត្រពិតជាត្រូវបានការពារដោយរដ្ឋធម្មនុញ្ញស្តីពីអភ័យឯកសិទ្ធិសភា ដែលលោកថាគ្មានស្ថាប័នណាអាចរំលោភបានបើជននោះមិនបានប្រព្រឹត្តិខុសដូចមានចែងក្នុងច្បាប់។

លោកមេធាវី សុក សំអឿន បានលើកយកឧទារណ៍ករណីសាលាក្តីកាត់ទោសមេដឹកនាំខ្មែរមកពន្យល់ថា នៅពេលមេធាវីការពារជនជាប់ចោទទាមទារឲ្យតុលាការកូនកាត់មួយនេះកោះហៅមេដឹកនាំសំខាន់មួយចំនួនរបស់គណបក្សប្រជាជនកម្ពុជាធ្វើជាសាក្សី លោកថាពេលនោះសាលាក្តីខ្មែរក្រហមមិនបានចាត់វិធានការទៅលើមេដឹកនាំទាំងនោះដែលមិនបានចូលបំភ្លឺទេ ដោយសារតែពួកគេមានអភ័យឯកសិទ្ធិសភា។

លោកថា៖ “យើងឃើញអនុវត្តកន្លងមកដូច អវតក(សាលាក្តីខ្មែរក្រហម)ធ្លាប់អញ្ចឹងវីរជនធំៗនោះដូចជាកាលហ្នឹងសម្តេច ជា ស៊ីម នៅរស់ សម្តេច ហេង សំរិន អីនោះហើយវីរជនទំាងនោះមានបានចូលទៅធ្វើជាសាក្សីនៅ អវតក ឯណា? ហើយ អវតក ក៏អត់មានវិធានការអី។ និយាយរួមទៅរដ្ឋាភិបាលការពារដោយគិតថា គាត់មានអភ័យឯកសិទ្ធិ”។

មាត្រា៨០នៃរដ្ឋធម្មនុញ្ញចែងថាតំណាងរាស្ត្រមានអភ័យឯកសិទ្ធិសភា។ តំណាងរាស្ត្ររូបណាក៏ដោយមិនអាចត្រូវបានចោទប្រកាន់ ចាប់ខ្លួន ឃាត់ខ្លួន ឬឃុំខ្លួន ដោយហេតុពីបានសំដែងមតិយោបលឬបញ្ចេញមតិក្នុងការបំពេញមុខងាររបស់ខ្លួនសោះឡើយ។

ការចោទប្រកាន់ការចាប់ខ្លួន ការឃាត់ខ្លួន ឬការឃុំខ្លួនសមាជិកណាមួយនៃរដ្ឋសភានឹងអាចធ្វើទៅកើត លុះណាតែមានការយល់ព្រមពីរដ្ឋសភាឬពីគណៈកម្មាធិការអចិន្ត្រៃយ៍របស់រដ្ឋសភាក្នុងចន្លោះសម័យប្រជុំនៃរដ្ឋសភា វៀរលែងតែក្នុងករណីបទល្មើសព្រហ្មមទណ្ឌជាក់ស្តែង។

ក្នុងករណីខាងក្រោមនេះ ក្រសួងមានសមត្ថកិច្ចត្រូវធ្វើសេចក្តីរាយការណ៍ជូនរដ្ឋសភាឬជូនគណៈកម្មាធិការអចិន្ត្រៃយ៍របស់រដ្ឋសភាជាបន្ទាន់ដើម្បីសម្រេច។ មាត្រនោះចែងទៀតថាសេចក្តីសម្រេចរបស់គណៈកម្មាធិការអចិន្ត្រៃយ៍របស់រដ្ឋសភាត្រូវដាក់ជូនសម័យប្រជុំរដ្ឋសភាខាងមុខ ដើម្បីអនុម័តតាមមតិភាគច្រើនពីរភាគបីនៃសមាជិករដ្ឋសភាទាំងមូល។

អតីតសមាជិកក្រុមប្រឹក្សាធម្មនុញ្ញមួយរូបគឺលោក ស៊ឺន ស៊ូប៊ែរ្តិ៍ ធ្លាប់បង្ហាញពីការព្រួយបារម្ភទៅលើកការអនុវត្តច្បាប់នៅកម្ពុជា ដោយលោកអះអាងថាតំណាងរាស្រ្តដែលមានអភ័យឯកសិទ្ធិសភាត្រូវបានគេចោទប្រកាន់និងចាប់ឃុំខ្លួន តាមការបកស្រាយមិនអនុលោមតាមច្បាប់។

លោក ស៊ឺន ស៊ូប៊ែរ្តិ៍ យល់ថាការអនុវត្តច្បាប់បច្ចុប្បនេះបានរំលោភរដ្ឋធម្មនុញ្ញធ្ងន់ធរ។ លោកជំរុញឲ្យដាក់ពាក្យប្តឹងករណីនេះទៅព្រះមហាក្សត្រ ទៅប្រធានរដ្ឋសភា និងប្រធានព្រឹទ្ធសភាជំរុញឲ្យក្រុមប្រឹក្សាធម្មនុញ្ញធ្វើការបកស្រាយពីខ្លឹមសារនៃរដ្ឋធម្មនុញ្ញ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ