ប្រជាពលរដ្ឋ និង សកម្មជនដែលគាំទ្រគណបក្សសង្គ្រោះជាតិនៅតែបន្តប្រមូលផ្ដុំគ្នានៅខាងមុខទីស្នាក់ការគណបក្សនៅសង្កាត់ចាក់អង្រែលើ ដើម្បីឃ្លាំមើល ខណៈអាជ្ញាធរព្រមានចាប់ខ្លួនប្រធានស្ដីទីគណបក្សប្រឆាំងមួយនេះ។
អ្នកគាំទ្រគណបក្សសង្គ្រោះជាតិប្រមាណជាង ១០០នាក់ នៅព្រឹកថ្ងៃសៅរ៍នេះនៅតែបន្តជួបជុំគ្នា ដើម្បីឃ្លាំមើលសកម្មភាពអាជ្ញាធរ បន្ទាប់ពីតុលាការព្រមានចាប់ខ្លួនលោក កឹម សុខា។ ទោះយ៉ាងណាការជួបជុំគ្នានេះ គេមិនទាន់ឃើញមានសកម្មភាពកងកម្លាំងប្រដាប់អាវុធនៅក្បែរៗនៅទេ។
គួរបញ្ជាក់ថាលោក កឹម សុខា ត្រូវបានចោទប្រកាន់ថាប្រព្រឹត្តបទល្មើសជាក់ស្តែង ដោយសារមិនចូលបំភ្លឺក្នុងនាមជាសាក្សីតាមការកោះហៅរបស់តុលាការ ចំនួន ២លើក គឺនៅថ្ងៃទី១៧ និងនៅថ្ងៃទី ២៦ ខែឧសភា លើសំណុំរឿងសញ្ចារកម្មតាមបណ្ដឹងរបស់កញ្ញា ធី សុវណ្ណថា។ កាលពីថ្ងៃទី២៦ ខែឧសភា អ្នកគាំទ្រគណបក្សសង្គ្រោះជាតិ រាប់រយនាក់បានប្រមូលផ្ដុំគ្នានៅខាងមុខទីស្នាក់ការគណបក្សនោះ បន្ទាប់ពីអាជ្ញាធររាប់រយនាក់ព័ទ្ធតាមចាប់ខ្លួនលោក កឹម សុខា តាមការស្នើរបស់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ៕