​លោក​ប៉ុល ហំ​ម​៖ យើង​មាន​ក្រុមការងារ​មិន​ឲ្យ​បក្ស​កាន់​អំណាច​ទាញ​ច្បាប់​ដូច​កៅស៊ូ​ទេ​

លោក ប៉ុល ហំម ប្រធានគណៈកម្មាធិការនាយកគណបក្សសង្គ្រោះជាតិ ចេញមកប្រាស្រ័យទាក់ទងជាមួយបងប្អូនប្រជាពលរដ្ឋ ដែលបានអញ្ជើញមកទីស្នាក់ការកណ្ដាលគណបក្សសង្គ្រោះជាតិ(រូបថតពីហ្វេសប៊ុកលោក កឹម​ សុខា)។

ប្រធានគណៈកម្មាធិការនាយកនៃគណបក្សសង្គ្រោះជាតិ អំពាវនាវឲ្យសាធារណៈជនទាំងអស់រស់នៅក្រោមច្បាប់ ហើយមិនឲ្យក្រុមណាមួយប្រើអំណាចអនុវត្តច្បាប់ឲ្យខុសខ្លឹមសារដើម នាំឲ្យកើតមានបញ្ហានៅក្នុងសង្គមនោះទេ។

ថ្លែងទៅកាន់អ្នកគាំទ្រនៅមុខស្នាក់ការកណ្តាលរបស់គណបក្សសង្គ្រោះជាតិ នៅព្រឹកថ្ងៃសៅរ៍នេះ លោក ប៉ុល ហំម លើកឡើងថា គណបក្សរបស់លោក មានក្រុមការងារកំពុង សិក្សាច្បាប់ឲ្យបានល្អិតល្អន់ កុំឲ្យគណបក្សកាន់អំណាចអនុវត្តច្បាប់ ទៅតាមតែចិត្តចង់បាន៖
កុំឲ្យគេយកច្បាប់ទៅទាញឲ្យយឺតដូចកៅស៊ូ ដើម្បីឲ្យត្រូវតាមចំណង់ចំណូលចិត្ត របស់គណបក្សកាន់អំណាច

លោក ប៉ុល ហំម បញ្ជាក់ថា គណបក្សរបស់លោក ចង់ឲ្យមានស្ថានភាពនយោបាយ ល្អប្រសើរឆ្ពោះទៅរកការបោះឆ្នោតដោយសេរី និង យុត្តិធម៌។

បច្ចុប្បន្នអ្នកច្បាប់គណបក្សសង្គ្រោះជាតិ កំពុងបកស្រាយផ្ទុយគ្នាជាមួយអ្នកច្បាប់របស់គណបក្សប្រជាជនកម្ពុជានិងតុលាការ ជុំវិញករណីលោក កឹម សុខា។ អ្នកច្បាប់ គណបក្សប្រជាជនកម្ពុជា និង តុលាការ បកស្រាយថា ករណីលោកកឹម សុខា មិនចូលខ្លួនទៅតុលាការតាមដីកាកោះគឺជាបទល្មើសជាក់ស្តែង ត្រូវចាប់ខ្លួន ចំណែកអ្នកច្បាប់ គណបក្សសង្គ្រោះជាតិ បកស្រាយថា ករណីលោកកឹម សុខា មិនចូលខ្លួនទៅតុលាការនោះ មិនមែនជាបទល្មើសជាក់ស្តែងនោះទេ ហើយថា លោក កឹម សុខា មានអភ័យសិទ្ធិមិនអាចចាប់ខ្លួនបានទេ។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ