សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ បានអំពាវនាវឲ្យគ្រូបង្រៀនទាំងអស់ចូលរួមធ្វើបាតុកម្មដោយអហិង្សាប៉ុន្មានថ្ងៃ ក្រោយពីមានការប៉ុនប៉ងចាប់ខ្លួនលោក កឹម សុខា ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ ដោយសមាគមនេះអះអាងថា ដើម្បីបញ្ចប់ការរំលោភរដ្ឋធម្មនុញ្ញ និងសិទ្ធិមនុស្សនៅកម្ពុជា។
យោងតាមលិខិតមួយច្បាប់ចុះថ្ងៃទី ២៩ ខែឧសភា ដែលផ្ញើរទៅថ្នាក់ដឹងនាំ និងសមាជិក សមាជិកានៃសមាគមគ្រូបង្រៀនឯករាជ្យកម្ពុជាទាំងអស់ សមាគមនេះ បាននិយាយថា សិទ្ធិមនុស្ស និងរដ្ឋធម្មនុញ្ញ រងការរំលោភបំពានយ៉ាងធ្ងន់ធ្ងរពីសំណាក់អ្នកកាន់អំណាចនៅកម្ពុជា។
លិខិតដដែលបន្តថា៖ «ដូច្នេះ សមាជិកគ្រូបង្រៀនកម្ពុជាឯករាជ្យ សូមអំពាវនាវដល់លោកគ្រូ អ្នកគ្រូចូលរួមធ្វើកូដកម្ម ឬបាតុកម្មដោយអហិង្សាស្របច្បាប់ ក្នុងរណីមានការចាប់ខ្លួនឯកឧត្ដម កឹម សុខា អ្នកតំណាងរាស្ត្រដែលកំពុងមានអភ័យឯកសិទ្ធិសភានៅឡើយ»។
ការអំពាវនាវបែបនេះ បានកើតឡើង៤ថ្ងៃក្រោយពីរថយន្តលោក កឹម សុខា ត្រូវបានសមត្ថកិច្ចឡោមព័ន្ធ ដែលការឡោមព័ទ្ធត្រូវបានគណបក្សប្រឆាំងចាត់ទុកជាការប៉ុនប៉ងចាប់ខ្លួនមេដឹកនាំរបស់ពួកគេ។
ក្រៅពីសមាគមមួយនេះ ក្រុមមេដឹកនាំសហជីពរបស់កម្មករ ក៏បានព្រមានធ្វើបាតុកម្ម ឬកូដកម្មផងដែរ ប្រសិនបើលោក កឹម សុខា ត្រូវបានសមត្ថកិច្ចចាប់ខ្លួន។
លោក ជា មុន្នី ប្រធានសហជីពសេរីកម្មករ បានថ្លែងនៅក្នុងលិខិតមួយកាលពីថ្ងៃសុក្រកន្លងមកនេះថា សហជីពរបស់លោក អាចនឹងអំពាវនាវដល់កម្មករ ឲ្យធ្វើកូដកម្ម ក្នុងករណីមានការឃាត់ខ្លួនលោក កឹម សុខា ដែលជាតំណាងរាស្ត្រនៅមានអភ័យឯកសិទ្ធិ។
ស្របពេលជាមួយគ្នានេះដែរ ក្រុមមេដឹកនាំសហជីពដែលគេដឹងថាមាននិន្នាការគាំទ្រគណបក្សកាន់អំណាច បានអំពាវនាវឲ្យសមត្ថកិច្ចចាត់វិធានការទៅលើក្រុមសហជីពណាដែលអូសទាញកម្មករឲ្យចូលរួមបាតុកម្ម។
លោក កឹម សុខា ត្រូវបានតុលាការចោទប្រកាន់ពីបទប្រព្រឹត្តបទល្មើសជាក់ស្ដែង បន្ទាប់ពីលោកបដិសេធចូលបំភ្លឺក្នុងតុលាការជាបន្តបន្ទាប់ នៅក្នុងសំណុំរឿងសញ្ចារកម្ម និងបណ្ដឹងបរិហារកេរ្តិ៍ ដែលប្ដឹងឡើងដោយកញ្ញា ធី សុវណ្ណថា៕