បក្សប្រឆាំង​ស្នើរ​ឲ្យ​រដ្ឋសភា​ការពារ​អភ័យឯកសិទ្ធិ​តំណាងរាស្ត្រ​

សមាជិកសភាបក្សប្រឆាំង ស្នើរឲ្យសភាការពារអភ័យឯកសិទ្ធិរបស់តំណាងរាស្ត្រ និងការពារតម្លៃរបស់ស្ថាប័ននីតិប្បញ្ញតិ ខណៈតុលាការព្រមានចាប់ខ្លួនប្រធានស្ដីទីគណបក្សសង្គ្រោះជាតិលោក កឹម សុខា។

រថយន្តលោក កឹម សុខា ត្រូវបានសមត្ថកិច្ចប្រដាប់ដោយអាវុធឡោមព័ទ្ធកាលពីព្រឹកថ្ងៃទី២៦ ខែឧសភាកន្លងមក។ ការឡោមព័ទ្ធនេះ ត្រូវបានគណបក្សប្រឆាំងចាត់ទុកជាការប៉ុនប៉ងចាប់ខ្លួនមេដឹកនាំរបស់ពួកគេ។

ក្នុងសេចក្ដីថ្លែងការណ៍ចុះថ្ងៃទី២៩ ខែឧសភានេះ ក្រុមសមាជិកសភាគណបក្សសង្គ្រោះជាតិ បានអំពាវនាវឲ្យស្ថាប័នរដ្ឋសភាការពារអភ័យឯកសិទ្ធិរបស់តំណាងរាស្ត្រ ដោយមិនត្រូវអនុញ្ញាតឲ្យមានការចោទប្រកាន់ ឬចាប់ខ្លួនលោក កឹម សុខា នោះឡើយ។

សេចក្ដីថ្លែងការណ៍ដដែល លើកឡើងថា ប្រសិនបើតុលាការចោទប្រកាន់ ឬផ្តន្ទាទោសសាក្សីដែលមិនចូលបំភ្លឺនៅតុលាការ នោះប្រាកដជាមានសាក្សីជាច្រើនត្រូវជាប់ពន្ធនាគារ ឬឃុំខ្លួនដោយមូលហេតុនៃការមិនចូលខ្លួនទៅបំភ្លឺនេះ។

ជាមួយគ្នានេះដែរតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ បានផ្ញើលិខិតមួយច្បាប់ទៅប្រធានរដ្ឋសភា ស្នើសុំឲ្យរដ្ឋសភា ចាត់វិធានការណ៍ ការពារឲ្យបានពេញលេញនូវអភ័យឯកសិទ្ធិសភារបស់តំណាងរាស្ត្រ ដោយកុំឲ្យមានការចោទ និងចាប់ខ្លួនអ្នកតំណាងរាស្ត្រមណ្ឌលកំពង់ចាមលោក កឹម សុខា។

កាលពីថ្ងៃទី២៧ ខែឧសភាកន្លងមក ក្រសួងយុត្តិធម៌ក៏បានស្នើរឲ្យតុលាការអនុវត្តច្បាប់ឲ្យបានម៉ឺងមាត់លើករណីលោក កឹម សុខា។ ក្រសួងយុត្តិធម៌បានលើកឡើងថា សំណុំរឿងចោទប្រកាន់លោក កឹម សុខា គឺជាបទល្មើសដែលទើបប្រព្រឹត្តរួចភ្លាម គឺជាបទល្មើសជាក់ស្ដែងតាមមាត្រា ៨៦ នៃក្រមព្រហ្មទណ្ឌ ដោយលោក កឹម សុខា មិនចូលខ្លួននៅចំពោះមុខអយ្យការអមសាលាដំបូងតាមដីកាកោះ។

តាមសេចក្ដីថ្លែងការណ៍ដដែលលើកឡើងពីអភ័យឯកសិទ្ធិរបស់តំណាងរាស្ត្រតាមមាត្រា១២ នៃច្បាប់ស្ដីពីលក្ខន្តិកៈតំណាងរាស្ត្រចែងថា៖ «ក្នុងករណីតំណាងរាស្ត្រណាបានប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌ ជាក់ស្ដែង ក្រសួងមានសមត្ថកិច្ចអាចចោទប្រកាន់ ចាប់ខ្លួន ឃាត់ខ្លួន ឬឃុំខ្លួនបាន ហើយធ្វើសេចក្ដីរាយការណ៍ជូនរដ្ឋសភា ឬជូនគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នៅចន្លោះសម័យប្រជុំរដ្ឋសភាជាបន្ទាន់ដើម្បីសម្រេច»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ