គណៈមេធាវីកម្ពុជា រំលឹកសមាជិករបស់ខ្លួនឲ្យគោរពវិជ្ជាជីវៈមេធាវី ខណៈអង្គភាពប្រឆាំងអំពើពុករលួយបានឃាត់ខ្លួនមេធាវីម្នាក់កាលពីម្សិលមិញ។
ក្នុងសេចក្តីណែនាំកាលពីថ្ងៃទី៣១ ខែឧសភា គណៈមេធាវីបានកត់សំគាល់ថា មេធាវីភាគច្រើនបានបំពេញការងារដោយគោរពតាមវិជ្ជាជីវៈរបស់ខ្លួនហើយ ប៉ុន្តែថានៅមានមេធាវីមួយចំនួននៅមិនទាន់អនុវត្តតាមវិធានទាំងឡាយដែលចែងក្នុងច្បាប់ស្តីពីលក្ខខន្តិកៈមេធាវីនៅឡើយ។
កាលពីម្សិលមិញ លោក ឱម យិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយបានបញ្ជាក់ថាមានការឃាត់ខ្លួនមេធាវីម្នាក់តែលោកសុំមិនបង្ហាញអត្តសញ្ញាណ ដោយថាច្បាប់មិនឲ្យប្រាប់ឈ្មោះជនសង្ស័យក្នុងដំណាក់កាលនេះ។
ទោះជាយ៉ាងណាសារព័ត៌មានដែលស្និទ្ធនឹងរដ្ឋាភិបាលបានផ្សាយថា លោកមេធាវី ពេជ រតនា បានត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយ (ACU) ឃុំខ្លួនកាលពីវេលាម៉ោង៥ល្ងាចថ្ងៃទី៣១ ខែឧសភា ក្រោយការសាកសួរអស់រយៈពេលជាច្រើនម៉ោង។
កោះសន្តិភាពបានផ្សាយថាលោកមេធាវី ពេជ រតនា បានត្រូវកូនក្តីសុំមិនបង្ហាញឈ្មោះ ពឹងពាក់ឲ្យជួយផ្នែកផ្លូវ ច្បាប់ដើម្បីការពារសំណុំរឿងក្តីក្តំាមួយ ប៉ុន្តែទំនងជាដោះស្រាយមិនចេញឬក៏ចាញ់ក្តី ហើយជននេះចេះតែយកលុយពីជនរងគ្រោះជាបន្តបន្ទាប់ ទើបកូនក្តីសម្រេចប្តឹងទៅ ACU ៕