ប្រទេសឥណ្ឌូណេស៊ី កាលពីថ្ងៃអង្គារម្សិលមិញ បានឃាត់ទូកនេសាទហ្វីលីពីន និងវៀតណាម ដោយសារសង្ស័យថាបានចូលនេសាទដោយខុសច្បាប់នៅក្នុងដែនទឹកស្ថិតក្នុងខេត្តប៉ាពួខាងលិច។
សារព័ត៌មាន Channel News Asia បានរាយការណ៍ថា មានការបាញ់កាំភ្លើងព្រមានចំនួន ៣លើក មុននឹងទូកទាំងនោះ ត្រូវបានគេស្ទាក់ចាប់បាន។ នាវិក ១០នាក់ ក្នុងនោះមានជនជាតិឥណ្ឌូណេស៊ីម្នាក់នៅលើទូកនេសាទហ្វីលីពីន និងមនុស្ស ១៣នាក់ទៀតនៅលើទូកនេសាទវៀតណាម ត្រូវបានអាជ្ញាធរឥណ្ឌូណេស៊ីចាប់ឃុំខ្លួន។
ទីភ្នាក់ងារព័ត៌មានរដ្ឋឥណ្ឌូណេស៊ី បាននិយាយថា គេមិនឃើញមានត្រីនៅលើទូកនេសាទទាំងនោះទេ ប៉ុន្តែ ទូកនេសាទវៀតណាមដឹកដង្កូវសមុទ្រទម្ងន់ ៨តោនមួយក្បាល ដែលគេជឿថានេសាទបាននៅបរិវេណនោះ។
ទូកនេសាទទាំងពីរ ពុំមានឯកសារច្បាប់ចាំបាច់សម្រាប់ចូលមកដែនទឹកឥណ្ឌូណេស៊ីនោះឡើយ ហើយអាជ្ញាធរនឹងស៊ើបអង្កេតលើសមាជិកនាវិកទូកនេសាទទាំងពីរ។
ឥណ្ឌូណេស៊ី កាលពីថ្ងៃសុក្រសប្ដាហ៍មុន បានចាប់ទូកនេសាទចិនមួយគ្រឿង ដោយសង្ស័យថាបានចូលនេសាទដោយខុសច្បាប់នៅដែនទឹកនៃឆ្នេរកោះណាទូណា។ អាជ្ញាធរបានឃុំខ្លួនសមាជិកនាវិក ៨នាក់របស់ទូកនេសាទនោះ៕