សម្តេចសង្ឃ ទេព វង្ស ឲ្យព្រះសង្ឃនិងអ្នកស្នាក់នៅចេញពីកុដិខ្លះក្នុងវត្តឧណ្ណាឡោម

សម្តេចសង្ឃ ទេព វង្ស និងគណៈកម្មការអាចារ្យវត្តឧណ្ណាលោម ឲ្យព្រះសង្ឃ និងអ្នកស្នាក់នៅ រើចេញពីកុដិ មួយចំនួនដែលកំពុងស្នាក់នៅក្នុងវត្តឧណ្ណាលោម ក្រោមហេតុផលយកកន្លែងកសាង សាលាឆាន់។

ក្នុងលិខិតមួយចុះថ្ងៃទី៣០ខែឧសភា ២០១៦ បោះត្រាដោយចៅអធិកាវត្តឧណ្ណាលោម សម្តេចសង្ឃ ទេព វង្ស បានស្នើឲ្យ ព្រះសង្ឃ យាយ តា និងសិស្សនិស្សិតទាំងអស់ដែលកំពុងស្នាក់នៅក្នុងកុដិលេខ ១៨, ៣២, ៣៣, ៣៤, ៣៦ និងលើសាលាឆាន់ត្រូវចាកចេញពីកុដិ ឬរកកន្លែងស្នាក់នៅបណ្ណោះអាសន្ន ដោយអះអាងថា ដើម្បីយកទីតាំងនោះសាងសង់សាលាធម្មសភា (សាលាឆាន់) ដោយកំណត់ឲ្យរើចេញចាប់ពីថ្ងៃទី១ មិថុនា២០១៦នេះតទៅ។

ព្រះសង្ឃគង់នៅវត្តឧណ្ណាលោមដែលមន្រ្តីសង្ឃតម្រូវឲ្យរើចេញនោះ មានសង្ឃដីកាថា រងចាំប្រជុំពិភាក្សាជាមួយមេកុដិទាំងអស់សិន ថាតើនឹងធ្វើយ៉ាងណានោះ។

បើតាមព្រះតេជគុណ ស ស៊ុនថេត មេកុដិលេខ ៣៦ មានសង្ឃដីកាដោយមិនឲ្យថតសំឡេងថា ព្រះអង្គមិនដែលបានដឹងព័ត៌មានឲ្យរើចេញពីកុដិនោះទេ ទើបតែឃើញលិខិតកាលពីថ្ងៃទី៣១ឧសភា ២០១៦ ហើយតម្រូវឲ្យរើចេញចាប់ពី ថ្ងៃ១មិថុនានេះ។

ព្រះអង្គមានសង្ឃដីកាបន្ថែមថា ប្រសិនបើតម្រូវឲ្យមានការរើចេញមែននោះ អាចមានព្រះសង្ឃ តាជី យាយជី និងសិស្សនិស្សិតប្រមាណជាង១០០អង្គ និងនាក់នឹងត្រូវប៉ះពាល់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ