ក្រុមអ្នកភូមិសាស្ត្រអាមេរិករាយការណ៍ថារញ្ជួយដីកម្លាំង៦,៥ រិច្ឆទ័រ អង្រួននៅកោះស៊ូម៉ាត្រានៃប្រទេសឥណ្ឌូនេស៊ីនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ប៉ុន្តែនៅមិនទាន់មានរបាយការណ៍ចំនួនខូចខាតនិងអ្នករងរបួសនៅឡើយ។
តាមសារព័ត៌មាន Channel News Asia ចុះផ្សាយថាការរញ្ជួយនេះស្ថិតនៅភាគកណ្តាលនៃកោះស៊ូម៉ាត្រាមានចម្ងាយប្រមាណ១៥៥គីឡូម៉ែត្រនៅភាគខាងត្បូងនៃរដ្ឋធានីប៉ាដាង។ ការរញ្ជួយដីនេះចាប់ផ្តើមនៅម៉ោង៥:៥៦ព្រឹក គឺកើតឡើងមួយរយៈពេលខ្លីនៅពេលដែលមនុស្សគ្រប់គ្នាមិនទាន់ក្រោកពីដំណេកនៅឡើយ។
អ្នករងគ្រោះក្នុងហេតុការណ៍នេះបានរៀបរាប់ថាហេតុការណ៍រញ្ជួយដីនេះកើតឡើងតែប្រមាណ៣០វិនាទី ហើយបានបណ្តាលឲ្យមនុស្សម្នានាំគ្នារត់ចេញពីផ្ទះឡើងលើផ្លូវ ប៉ុន្តែមិនសញ្ញានៃការខូចខាតកើតឡើងទេគឺអ្វីៗហាក់វិលមករកភាពធម្មតាវិញ។
អ្នករាយការណ៍ឲ្យដឹងទៀតថាចរន្តអគ្គិសនីនៅកន្លែងខ្លះត្រូវបានបិទមួយសន្ទុះរួចក៏បើកឲ្យដំណើរការវិញ ហើយអាជ្ញាធរមិនបានរៀបចំជម្លៀសប្រជាពលរដ្ឋទេ៕