អ្នកមានជម្លោះដីធ្លីចំនួន៣៨គ្រួសារ នៅស្រុកបន្ទាយស្រី ខេត្ដសៀមរាប ស្នើឲ្យអាជ្ញាធរនិងស្ថាប័នពាក់ព័ន្ធជួយពន្លឿនដោះស្រាយឲ្យបានឆាប់ដោយពួកគេចោទថា អាជ្ញាធរជាតិអប្សរាហាមឃាត់កសិករបង្កបង្កើនផល ខណៈរដូវវស្សាមកដល់។
តំណាងឲ្យពលរដ្ឋនៅភូមិតានី ឃុំរុនតាឯក លោក ហួន ហុំ ប្រាប់VODនៅថ្ងៃសុក្រនេះ ថាអ្នកភូមិមានជម្លោះដីធ្លីជាមួយអាជ្ញាធរជាតិអប្សរាចំនួន៣៨គ្រួសារ ប្រឈមនឹងខ្វះស្បៀងអាហារនៅពេលខាងមុខនេះ ដែលលោកថា ស្ថាប័ននេះរារាំងមិនឲ្យពួកគាត់បង្កបង្កើនផលលើដីមានជម្លោះនោះ។ បុរសពិការជើងឆ្វេងរូបនោះបន្ដថា កាលពីចុងសប្ដាហ៍មុន អ្នកភូមិបានសុំអន្ដរាគមន៍ពីអភិបាលស្រុកបន្ទាយស្រីលោក សូ សុន ឲ្យជួយដោះស្រាយជម្លោះដីធ្លីដ៏រ៉ាំរ៉ៃនេះដើម្បីឲ្យពួកគេបង្កបង្កើនផល ប៉ុន្ដែអាជ្ញាធរប្រាប់ថាចាំថ្នាក់លើសម្រេចសិន។ លោកបន្ដថា៖ “ដកហូតយកកម្លាំងគេទាំងហ្វូង២០ទៅ៣០នាក់កម្លាំងសន្ដិសុខគេហ្នឹងអត់និយាយហេតុផលអីផងគេនិយាយតែម៉្យាងឈប់ឲ្យដាំដុះ បើចង់ដាំចងដុះគឺទៅរកលិខិតពីភូមិពីឃុំពីស្រុកមក“។
ពលរដ្ឋមួយរូបទៀតលោក ហ៊ុប ទូច ឲ្យដឹងថាពួកគាត់បង្កបង្កើនផលលើដីនោះជាង៣០ឆ្នាំមកហើយ ប៉ុន្ដែនៅថ្ងៃទី២៥ខែឧសភានេះអាជ្ញាធរជាតិអប្សរាបានដកស្រូវពួកគាត់ចោលដោយចោទថាធ្វើលើដីរដ្ឋ។ ពួកគាត់ស្នើឲ្យប្រធានមន្ទីរសុរិយោដីខេត្ដដែលទើបតែងតាំងថ្មីជួយអន្ដរាគមន៍និងដោះស្រាយជម្លោះដីធ្លីនេះឲ្យប្រសិទ្ធិភាព។លោកបន្ដថា៖ “ស្រូវយើងចាប់ផ្ដើមដាំដាក់ដីដល់នេះវាដកយកស្រូវពូជអត់ឲ្យយើងដាំ ម៉េចគេថាបើចង់បានពូជស្រូវវាឲ្យធ្វើកិច្ចសន្យាឈប់ដាំខ្ញុំមិនរងចាំបានទេពួកខ្ញុំថាបើយូរពេកនឹងឡើងទៅខេត្ដទៀត“។
ប្រធានមន្ទីរសុរិយោដីនគររូបនីយកម្មនិងសំណង់ខេត្ដសៀមរាប លោក ហ៊ី សាយ មានប្រសាសន៍ថា លោកមិនទាន់ដឹងពីជម្លោះដីធ្លីនោះនៅឡើយទេ ប៉ុន្ដែថាលោកនឹងទទួលយកឯកសារពីពលរដ្ឋដែលសុំអន្តរាគមន៍។
ប្រធាននាយកដ្ឋានផ្សព្វផ្សាយនៃអាជ្ញាធរជាតិអប្សរាលោក ឡុង កុសល បដិសេធពីការចោទប្រកាន់ថាសន្ដិសុខដកស្រូវពូជដែលកសិករពង្រោះលើដីមានជម្លោះនោះ។ លោកបន្ដថាស្ថាប័ននេះបានដោះដូរដីនៅទីតាំងផ្សេងឲ្យពួកគេដែលលោកថាពលរដ្ឋ២៥គ្រួសារផ្ដល់ឲ្យជាដីសម្បទានសង្គមកិច្ចនិង១៣គ្រួសារទៀតឲ្យទទួលយកដីដោះដូរនៅតំបន់នោះ។ លោកបន្ដថា៖ “ខ្ញុំមិនដឹងថាគាត់ចង់បានអីរួមទាំងមេធាវីរបស់គាត់ឯកភាពគ្នាហើយ អារឿងហ្នឹងគេទៅរកដីត្រួតពិនិត្យជូនគាត់ គាត់ឯកភាពគ្នាអស់ហើយគាត់នៅតែថាអត់ដោះស្រាយ“។
ប៉ុន្ដែតំណាងពលរដ្ឋអះអាងថាដីសម្បទានសង្គមកិច្ចជាគោលនយោបាយដែលរដ្ឋាភិបាលផ្ដល់ឲ្យគឺពលរដ្ឋគ្មានដីបង្កបង្កើន។ ចំណែកដីពួកគាត់ជាដីកេរិ៍្ដំណែលពីដូនតា ហើយការដោះដូរមិនគ្រប់ចំនួន៣៨គ្រួសារ។
អ្នកឃ្លាំមើលការរំលោភសិទ្ធិមនុស្សនៃអង្គការលីកាដូខេត្ដសៀមរាបដែលសង្កេតលើកណីនេះលោក ចៅ លក្ខវណ្ណា មានប្រសាសន៍ថា ការដែលអ្នកភូមិបដិសេធការដោះដូរដីរបស់អាជ្ញាធរជាតិអប្សរានោះទេ ដោយសារការផ្ដល់ដីមិនស្មើភាពគ្នានិងគ្មានទីតាំងច្បាស់លាស់។ លោកស្នើឲ្យអាជ្ញាធរជាតិអប្សរាអនុញ្ញាតឲ្យពលរដ្ឋធ្វើស្រែលើដីជម្លោះបន្ដទៀត ដើម្បីរងចំាដោះស្រាយពេលក្រោយ ព្រោះពលរដ្ឋគ្មានដីកសិកម្មក្រៅពីតំបន់នោះឡើយ។
បើតាមពលរដ្ឋ ដីជម្លោះនោះមានទំហំ១៦១ហិកតា ដែលពួកគេអះអាងថាបានកាន់កាប់និងបង្កបង្កើនផលតាំងពីក្រោយឆ្នាំ១៩៧៩មក តែទើបមានជម្លោះជាង១០ឆ្នាំមកនេះ៕