រដ្ឋាភិបាលថា ការ​ប្រៀបធៀប​ករណីកោះហៅ​លោក កឹម សុខា​ ទៅនឹងការហៅមេដឹកនាំគណបក្សប្រជាជនដោយសាលាក្តីខ្មែរក្រហមគឺ​មាន​ចរិត​នយោបាយ

រដ្ឋាភិបាលកម្ពុជាលើកឡើងថាការផ្សព្វផ្សាយប្រៀបធៀបករណីកោះហៅលោក កឹម សុខា ដោយសាលាដំបូងរាជធានីភ្នំពេញនិងការកោះហៅមេដឹកនាំគណបក្សប្រជាជនកម្ពុជា៦រូបដោយសាលាក្តីខ្មែរក្រហមថាជាការផ្សព្វផ្សាយដែលគ្មានមូលដ្ឋានច្បាស់លាស់និងមានចរិតនយោបាយ។

ក្នុងសេចក្តីបំភ្លឺចេញនៅថ្ងៃទី២ ខែមិថុនា ម្សិលមិញ អង្គភាពព័ត៌មាននិងប្រតិកម្មរហ័សនៃទីស្តីការគណៈរដ្ឋមន្រ្តីបានអះអាងថាការប្រៀបធៀបករណីលោក កឹម សុខា ទៅនឹងសាលាក្តីខ្មែរក្រហមបែបនេះ គឺជាការខ្វះការសិក្សាស្រាវជ្រាវឲ្យបានគ្រប់ជ្រុងជ្រោយលើដំណើរការរបស់សាលាក្តី។ សេចក្តីបំភ្លឺបន្តថាសាលាក្តីខ្មែរក្រហមគឺជាតុលាការពិសេសមួយដែលមានយុត្តាធិការនិងវិធានផ្ទៃក្នុងដាច់ដោយឡែកពីគេ ហើយជាគោលការណ៍រាល់ការសម្រេចអ្វីមួយត្រូវផ្អែកលើមតិភាគច្រើនលើសលុបរវាងចៅក្រមជាតិនិងអន្តរជាតិ។ សេចក្តីបំភ្លឺដដែលបន្ថែមថា សម្រាប់ឥស្សរជនខ្មែរចំនួន៦រូបត្រូវបានកោះហៅដោយសហចៅក្រមស៊ើបអង្កេតអន្តរជាតិតែម្នាក់ឯងដោយគ្មានការចូលរួមពីសហចៅក្រមស៊ើបអង្កេតជាតិដើម្បីធ្វើជាសាក្សីក្នុងដំណើរការស៊ើបអង្កេតលើសំណុំរឿង០០២ប្រឆាំងនឹងមេដឹកនាំខ្មែរក្រហមនោះទេ។

សេចក្តីបំភ្លឺរបស់អង្គភាពព័ត៌មាននិងប្រតិកម្មរហ័សដដែលបន្ថែមថា៖ «ការប្រៀបធៀបករណីកោះហៅឯកឧត្តម កឹម សុខា និងឥស្សរជនខ្មែរ៦រូបគឺជាការបំផ្លើសសុទ្ធសាធដែលបង្កឡើងដោយក្រុមជនមួយចំនួនក្រោមហេតុផលនយោបាយដើម្បីបំភ័ន្តសាធារណៈមតិជាតិនិងអន្តរជាតិឲ្យមានការយល់ច្រឡំ ដោយមិនបានយល់ច្បាស់អំពីនីតិវិធីតុលាការដែលសាលាដំបូងរាជធានីភ្នំពេញនិងសាលាក្តីខ្មែរក្រហមមានយុត្តាធិការនិងវិធានផ្ទៃក្នុងគឺមិនដូចគ្នាទេ»។

លោកមេធាវី សុក សំអឿន មានប្រសាសន៍ថាករណីការកោះហៅប្រធានស្តីទីគណបក្សសង្គ្រោះជាតិលោក កឹម សុខា ដោយសាលាដំបូងរាជធានីភ្នំពេញនិងការកោះហៅសាក្សីដែលជាមន្រ្តីជាន់ខ្ពស់រដ្ឋាភិបាល៦រូបដោយសាលាក្តីខ្មែរក្រហមគឺជារឿងដូចគ្នា។ លោកមានប្រសាសន៍ថាគោលការណ៍របស់សាលាក្តីខ្មែរក្រហមត្រូវការសំឡេងលើសលប់ គឺប្រើក្នុងការសម្រេចសេចក្តីតែក្នុងការសម្រេចរបស់ចៅក្រមស៊ើបសួរគឺមិនបាច់មានការសម្រេចដោយសំឡេងលើសលប់ទេ។

លោក សុក សំអឿន បន្ថែមថាសាលាក្តីខ្មែរក្រហមប្រើប្រាស់ក្រមព្រហ្មទណ្ឌរបស់កម្ពុជាមកអនុវត្តដូច្នេះដើម្បីឲ្យយុត្តិធម៌លោកថាត្រូវអនុវត្តឲ្យដូចគ្នា។

អ្នកនាំពាក្យសាលាក្តីខ្មែរក្រហមលោក នេត្រ ភក្ត្រា មានប្រសាសន៍ថាលោកសុំមិនអធិប្បាយលើសេចក្តីបំភ្លឺរបស់រដ្ឋាភិបាលទេ ប៉ុន្តែលោកបញ្ជាក់យ៉ាងខ្លីថាសាលាក្តីខ្មែរក្រហមគឺមានវិធានផ្ទៃក្នុងរបស់ខ្លួន។

គួរបញ្ជាក់ថាកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន អាជ្ញាធរបានប៉ុនប៉ងចាប់ខ្លួនលោក កឹម សុខា នៅស្នាក់ការកណ្តាលគណបក្សសង្គ្រោះជាតិ ក្រោយពីលោកមិនចូលបំភ្លឺនៅតាមដីកាលើកទី២របស់ព្រះរាជអាជ្ញារងនៃសាលាដំបូងរាជធានីភ្នំពេញ លោក សៀង សុខ ដែលបានកោះហៅលោក កឹម សុខា ឲ្យចូលមកតុលាការបំភ្លឺក្នុងនាមជាសាក្សីលើសំណុំរឿងសញ្ចារកម្ម ប៉ុន្តែលោក កឹម សុខា សម្រេចមិនចូលបំភ្លឺ ដោយថាលោកមានអភ័យឯកសិទ្ធិ។ ប៉ុន្តែក្រុមមេធាវីការពារក្តីឲ្យលោក កឹម សុខា ក៏បានលើកយកករណីសាលាក្តីខ្មែរក្រហមដែលសហព្រះរាជអាជ្ញានៃសាលាក្តីកូនកាន់មួយនេះធ្លាប់បានចេញដីកាកោះហៅឥស្សរជនរបស់គណបក្សប្រជាជនកម្ពុជាមួយចំនួន មានលោក ជា ស៊ីម លោក ហោ ណាំហុង លោក គាត ឈន់ លោក ស៊ីម កា និងលោក ហេង សំរិន ផងដែរ ឲ្យចូលធ្វើជាសាក្សីក្នុងសំណុំរឿង០០២ទាក់ទិនបទឧក្រិដ្ឋប្រឆាំងមនុស្សជាតិ បទឧក្រិដ្ឋប្រល័យពូជសាសន៍ និងបទឧក្រិដ្ឋកម្មសង្គ្រាម ប៉ុន្តែមន្រ្តីជាន់ខ្ពស់ទាំងនេះមិនចូលបំភ្លឺទេ ហើយតុលាការកូនកាត់នេះក៏មិនចេញដីកាចាប់ខ្លួនដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ