លោក កឹម សុខា នឹង​មិន​ចូល​ខ្លួនទៅតុលាការ តាម​ការ​បង្គាប់របស់ចៅក្រមស៊ើបសួរ​

លោក កឹម សុខា កាលពីកន្លងទៅ

មន្រ្តីគណបក្សសង្រ្គោះជាតិបង្ហាញជំហរថ្មីទៀត នៅថ្ងៃសុក្រនេះថាប្រធានស្តីទីគណបក្សសង្រ្គោះជាតិ លោក កឹម សុខា នឹងមិនចូលទៅតុលាការ តាមដីកាបង្គាប់ឲ្យចូលខ្លួនរបស់ចៅក្រមស៊ើបសួរនោះទេ បើទោះបីជាមានការគំរាមកំហែងចាប់ខ្លួនលោកក៏ដោយ។

បើតាមដីកាបង្គាប់ឲ្យចូលខ្លួនដែលចេញនៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៦ ចៅក្រមស៊ើបសួរ លោក ថាន់ ឡេង បានបង្គាប់ឲ្យលោក កឹម សុខា ចូលខ្លួនទៅកាន់សាលាដំបូងរាជធានីភ្នំពេញនៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៦ វេលាម៉ោង៩:០០នាទីព្រឹក។

ដីកាបង្គាប់បញ្ជាក់ថាការបង្គាប់ឲ្យចូលខ្លួនគឺដើម្បីសាកសួរពីដំណើររឿង «បដិសេធក្នុងការចូលខ្លួន» ប្រព្រឹត្តទៅនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី២៦ ខែឧសភា តាមបញ្ញត្តិមាត្រា៥៣៨នៃក្រមព្រហ្មទណ្ឌ។

កាលពីថ្ងៃទី២៦ ខែឧសភា សមត្ថកិច្ចរាប់សឹបនាក់បំពាក់ដោយអាវុធស្វ័យប្រវត្តិឆ្មក់ចាប់លោក កឹម សុខា មិនបានសម្រេចធ្វើឲ្យលោកពេលនេះកំពុងសម្ងំលាក់ខ្លួននៅទីស្នាក់ការគណបក្ស។

ថ្លែងប្រាប់អ្នកគាំទ្រនិងអ្នកសារព័ត៌មាន នៅមុខទីស្នាក់ការគណបក្សព្រឹកថ្ងៃទី៣ ខែមិថុនានេះ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យ៉ែម បុញ្ញឬទ្ធិ អះអាងថាការដែលមេដឹកនាំរបស់លោកមិនចូលទៅបំភ្លឺនៅតុលាការជាថ្មីទៀតនេះ លោកថាដោយសារតែគណបក្សរបស់លោកជំរុញឲ្យមានការអនុវត្តច្បាប់គោរពរដ្ឋធម្មនុញ្ញមិនធ្វើតាមបុគ្គលណាម្នាក់ចង់បាន។

លោកថា៖ “ឯកឧត្តម កឹម សុខា លោកបញ្ជាក់ម្តងហើយម្តងទៀត លោកជាអ្នកតំណាងរាស្ត្រ លោកមានអភ័យឯកសិទ្ធិ លោកមិនទៅទេ។ ដូច្នេះថ្ងៃ១៤លោកមិនទៅទេ។ ក៏ប៉ុន្តែយើងកំពុងតែសិក្សាផ្លូវច្បាប់ជាមួយក្រុមមេធាវី ដើម្បីស្វែងយល់តាមការអនុវត្តច្បាប់ ថាតើការអនុវត្តច្បាប់នោះត្រឹមត្រូវពេលលេញឬក៏អត់។ ដូច្នេះកិច្ចការនោះយើងកំពុងពិភាក្សាជាមួយអ្នកច្បាប់បន្តទៀត ក្រុមមេធាវី របស់គណបក្សសង្គ្រោះជាតិក៏ដូចជាអស់លោកបណ្ឌិតខាងសាស្ត្រាចារ្យច្បាប់ដែលធ្លាប់ចូលរួមសរសេររដ្ឋធម្មនុញ្ញដែលធ្លាប់បង្រៀននៅសាលាច្បាប់ ដើម្បីស្តាប់មតិយោបលរបស់គាត់ ពាក្យថាច្បាប់គឺច្បាប់យើងទាំងអស់គ្នា មិនមែនជាប់ច្បាប់របស់បុគ្គលណាមួយ យកទៅបកស្រាយ ដើម្យីយកផលប្រយោជន៍របស់ខ្លួននោះទេ”។

ក្រោយពីមានកម្លាំងសមត្ថកិច្ចតាមចាប់ខ្លួនលោក កឹម សុខា មិនបានសម្រេចកាលពីថ្ងៃទី២៦ ខែឧសភា មេបក្សប្រឆាំងរូបនោះបានសម្រេចស្នាក់នៅក្នុងស្នាក់ការបក្សតែមិនចេញទៅក្រៅប្រទេស។ ពេលនោះគណបក្សសង្គ្រោះជាតិបានប្រមូលស្នាមមេដៃអ្នកគាំទ្របានជាង១៧ម៉ឺនដាក់ថ្វាយព្រះមហាក្សត្រសុំព្រះរាជទានអន្តរាគមន៍សម្រួលស្ថានការណ៍នយោបាយដែលកំពុងឡើងកម្តៅ។

ប៉ុន្តែរដ្ឋាភិបាលបានបង្កើតក្រុមការងារពិសេសចុះស្រាវជ្រាវនៅថ្នាក់មូលដ្ឋានស្វែងរកការពិតនៃស្នាមមេដៃនោះ ខណៈព្រះមហាក្សត្រមិនទាន់ប្រកាសឲ្យដឹងថា តើព្រះអង្គនឹងឆ្លើយតបយ៉ាងណានៅឡើយលើកិច្ចសុំព្រះរាជអន្តរាគមន៍នេះ។

បើតាមលោក យ៉ែម បុញ្ញឬទ្ធិ វិធានការណ៍នោះជារូបភាពគំរាមកំហែងដល់ពលរដ្ឋនៅថ្នាក់មូលដ្ឋានមុនការបោះឆ្នោតឃុំសង្កាត់ទៅវិញទេ។

លោកថា៖ “យើងមានការព្រួយបារម្ភទៅលើកការគំរាមកំហែងទៅលើសិទ្ធិប្រជាពលរដ្ឋ ពីព្រោះបោះឆ្នោត២០១៧គឺបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ថ្នាក់មូលដ្ឋាន ដូច្នេះការធ្វើកុសលវិច័យទៅលើមូលដ្ឋានយើងយល់ឃើញថាជាការគំរាមកំហែងមួយដល់សិទ្ធិពលរដ្ឋនៅមូលដ្ឋាន។ យើងមិនគាំទ្រ យើងចង់ឲ្យប្រជាពលរដ្ឋលោកអញ្ចើញមកធ្វើញ្ញត្តិនៅនឹងមុខ(នៅស្នាក់ការបក្ស)តែម្តង ដើម្បីជាសវាងកុំឲ្យពិបាកធ្វើកុសលវិច្ឆ័យ”។

ប្រធានលេខាធិការដ្ឋានរដ្ឋបាលសាលាដំបូងរាជធានីភ្នំពេញ លោក អ៊ី រិន្ទ សុំមិនធ្វើអត្ថាធិប្បាយពីចំណាត់ការបន្តរបស់ចៅក្រមលើករណីដែលលោក កឹម សុខា មិនចូលបំភ្លឺជាថ្មីទៀតនេះទេ ដោយលោកអះអាងថាឲ្យរងចាំមើលចំណាត់បន្តនៅពេលក្រោយរបស់ចៅក្រមដែលកាន់សំណុំរឿងនេះ។

អ្នកនាំពាក្យក្រសួងមហាផ្ទៃលោក ខៀវ សុភ័គ បានការពារចំពោះវិធានការចុះធ្វើកោសល្យវិច្ច័យស្នាមមេដៃពលរដ្ឋ ដោយលោកថា ដើម្បីស្វែងរកការពិតកុំឲ្យមានអ្នកបន្លំឯកសារភូតភរដល់ព្រះមហាក្សត្រនិងជាការការពារសិទ្ធិពលរដ្ឋកុំឲ្យអ្នកខិលខូចខ្លះយកមកប្រើប្រាស់ខុសឆន្ទៈសាមីខ្លួន។

លោកថា៖ “រដ្ឋាភិបាលធ្វើស្តាំ គាត់ថាឆ្វេង រដ្ឋាភិបាលធ្វើពីមុខ គាត់ក្រោយ តើប៉ុណ្ណឹងគាត់មិនខ្វះលេសដើម្បីឆ្លើយទេ តែយើងត្រូវគិតថានៅក្នុងស្នាមមេដៃអក្សរតែមួយនៅពេលខ្លះមើលទៅឃើញស្នាមមេដៃហ្នឹងឈ្មោះពូសុខ ពូសៅ ពូម៉ុក ពូម៉ៅ អញ្ចឹងទៅគេប្រើមេដៃតែមួយទេ ដូច្នេះយើងត្រូវតែស្វែងរកការពិតហើយអាហ្នឹង យើងត្រូវតែស្វែងរកការពិតហើយ”។

ទោះជាយ៉ាងណាបក្សប្រឆាំងអះអាងថាមកដល់ពេលេនេះពួកគេនៅតែបន្តប្រមូលស្នាមមេដៃពីអ្នកគាំទ្រដាក់ថ្វាយព្រះមហាក្សត្រស្វែងរកព្រះរាជអន្តរាគមន៍ រកសម្ពាធពីសហគមន៍អន្តរជាតិ ដែលពួកគេគិតថាអាចជំរុញឲ្យស្ថានការណ៍នយោបាយវិលទៅស្ថានភាពដើមវិញ ធានាដល់ការបោះឆ្នោតមួយប្រព្រឹត្តិទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌នាឆ្នាំ២០១៧និង២០១៨ខាងមុខ ។

គណបក្សប្រឆាំងនៅតែព្រមានថាមហាបាតុកម្មអហិង្សានឹងផ្ទុះឡើង បើមានការចាប់ខ្លួន លោក កឹម សុខា មែននោះ។

ប៉ុន្តែសម្រាប់អ្នកវិភាគព្រឹត្តិការណ៍សង្គមដាក់ការព្រួយបារម្ភថា បើមានបាតុកម្មអាចមានការបង្ហូរឈាមខ្មែរគ្នាឯង។ ពួកគេជំរុញឲ្យអ្នកនយោបាយមានអាសនៈក្នុងសភាវិលទៅកាន់តុចរចា ស្វែងរកដំណោះស្រាយដោយសន្តិវិធី តម្កល់ប្រយោជន៍ជាតិជាធំ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ